ក្រុងញូវយ៉ក: កីឡាករ Jose Ramirez បានឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ដែល​នៅ​ទំនេរ​របស់​ស្ថាប័ន​ក្រុម​ប្រឹក្សា​កីឡា​ប្រដាល់​ពិភពលោក (WBC) ទម្ងន់ ៦៣,៥ គីឡូក្រាម កាល​ពី​ថ្ងៃ​សៅរ៍ ក្រោយ​ពី​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​កីឡាករ​អាមេរិក​ដូច​គ្នា Amir Imam ក្នុង​ការ​ប្រកួត​ចំនួន ១២ ទឹក​ពេញ។

Ramirez ដែលជា​កីឡាករ​ប្រដាល់​អូឡាំពិក​ម្នាក់​កាលពី​ឆ្នាំ ២០១២ នោះ បាន​រក្សា​ការ​មិន​ស្គាល់​ចាញ់​របស់​ខ្លួន តាមរយៈ​ការ​ធ្វើ​ឲ្យ​កំណត់​ត្រា​ឈ្នះ​របស់​គេ​កើន​ដល់ ២២ មិន​ដែល​ចាញ់ ក្នុង​នោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ១៦ លើក ខណៈ​ដែល​រូប​គេ​បាន​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក WBC ដែល​ត្រូវ​បាន​បោះបង់​ដោយ​កីឡាករ Terence Crawford នៅ​ពេល​ដែល​រូប​គេ​បាន​ដំឡើង​ទម្ងន់ ៦៦,៨ គីឡូក្រាម។

កីឡាករ Ramirez ដែល​បានឈ្នះ​ពិន្ទុ ១១៥-១១៣ ១១៧-១១១ និង១២០-១០៨ ក្នុងការ​ប្រកួត​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​នៅ​លើ​សង្វៀន Madison Square Garden ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក​នោះ បាន​ឲ្យ​ដឹង​ថា៖ «វា​ជា​សុបិន​មួយ​ដែល​ក្លាយជា​ការ​ពិត»។ ប៉ុន្តែ Ramirez បាន​ធ្វើការ​គ្រប់គ្រង​ស្ទើរ​តែ​ទាំង​ស្រុង​ក្នុងការ​ប្រកួត​ប៉ុន្មាន​ទឹក​ចុង​ក្រោយ តាមរយៈ​ការ​វាយ​ទៅ​លើ Imam ចំ​គោល​ដៅ​យ៉ាង​ល្អ​ក្នុង​ទឹក​ទី ១។

ភ្នែក​ស្តាំ​របស់ Imam មាន​សភាព​ហើម​យ៉ាងខ្លាំង​ក្នុង​ទឹក​ទី ១១ ហើយ Ramirez បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ក្នុង​ទឹក​ទី ១២ បើ​ទោះបី​រូបគេ​មិន​បាន​វាយ​ដៃគូ​ឲ្យ​សន្លប់​ក៏ដោយ។

Ramirez បាន​បញ្ជាក់ថា៖ «អ្នក​អាច​បង្ហាញ​ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ប៉ុន្មាន​ទឹក​ចុង​ក្រោយ​នេះ​ថា ខ្ញុំ​កំពុង​តែ​ជួប​ពេល​វេលា​ដ៏​អស្ចារ្យ។ Amir Imam គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​រូប​គេ​បាន​ត្រៀម​លក្ខណៈ​យ៉ាង​ល្អ និង​បាន​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ដ៏​អស្ចារ្យ​មួយ»។

ការប្រកួត​នេះ បាន​តម្រូវ​ឲ្យ​លោក Don King ដែលជា​អ្នករៀបចំ​ការ​ប្រកួត និង​លោក Bob Arum ត្រូវ​ធ្វើការ​ប្រឈម​មុខ​ដាក់​គ្នា​ជាថ្មី។

លោក Arum ប្រធាន​អង្គភាព​រៀបចំ​ការ​ប្រកួត Top- Rank គឺជា​អ្នក​គ្រប់គ្រង​របស់ Ramirez ស្រប​ពេល​ដែល​លោក King ជា​អ្នក​រៀបចំ​ការ​ប្រកួត​របស់ Imam វ័យ ២៧ ឆ្នាំ ដែល​នៅ​តែ​រក្សា​កំណត់ត្រា​ឈ្នះ ១២ លើក​ដដែល ប៉ុន្តែ ចាញ់ ២ លើក។

វា​ជាការ​ប្រកួត​ជា​លើក​ទី ១ ដែល​កីឡាករ​របស់​លោក Arum និង​លោក King បាន​ប៉ះគ្នា ចាប់​តាំង​ពី​ឆ្នាំ ២០១១ ដែល​នៅ​ពេល​នោះ កីឡាករ​ព័រតូរីកូ Miguel Cotto បាន​ការពារ​ខ្សែក្រវាត់ WBA របស់​ខ្លួន​យ៉ាង​ជោគ​ជ័យ ក្រោយ​ពី​ផ្តួល​កីឡាករ​នីហ្គារ៉ាគ័រ Ricardo Mayorga ឲ្យ​សន្លប់​ក្នុង​ទឹក​ទី ១២៕