ជនភៀស​ខ្លួន​ពី​សង្គ្រាម Shakhtar Donetsk នឹងត្រូវ​ធ្វើដំណើរ​ទៅ​កាន់​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League នៅ​រាត្រី​នេះ ជាមួយ​នឹង​ក្រុម​យក្ស​របស់​អ៊ីតាលី AS Roma ទាំង​ការ​ជឿជាក់ បើ​ទោះបី​មិន​បាន​ទិញ​ចូល​កីឡាករ​ថ្មីៗ​ច្រើន និង​ខ្វះ​ការ​ហ្វឹកហាត់​ក៏ដោយ។

សង្គ្រាម​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន រវាង​កងកម្លាំង​រដ្ឋាភិបាល និង​ក្រុម​បះ-បោរ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី បាន​បង្ខំ​ឲ្យ Shakhtar ត្រូវ​ធ្វើ​ការ​ប្រកួត​ក្នុងផ្ទះ​ខ្លួនឯង ឆ្ងាយ​ពី​កីឡដ្ឋាន Donbass Arena អស់​រយៈពេល ៤ ឆ្នាំ​មក​ហើយ។

កាល​​ពី​ឆ្នាំ ២០១៤ ក្លិប​នេះ​បាន​ផ្ទេរ​ទៅ​កាន់​ទីក្រុង Lviv ដែល​ជា​តំបន់​ភាគ​ខាងលិច​របស់​អ៊ុយក្រែន ជាប់​ទៅ​នឹង​ប្រទេស​ប៉ូឡូញ ប៉ុន្តែ អ្នកគាំទ្រ​ក្នុង​តំបន់​នោះ ដែល​ភាគ​ច្រើន​ជា​អ្នក​គាំទ្រ​របស់​ក្លិប Karpaty ជារឿយៗ​បាន​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង Donetsk មួយ​នេះ ឬ​ក៏​មិន​ចាប់​អារម្មណ៍​តែម្តង។

កាលពី​ឆ្នាំមុន ម្ចាស់​ក្លិប​របស់ Shakhtar បាន​សម្រេចចិត្ត​ផ្លាស់ប្តូរ​ទីតាំង​នៃ​ទីលាន​របស់​ខ្លួន​ទៅ​កាន់​ទី​ភាគ​ខាងកើត​គឺ Kharkiv ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ២៥០ គីឡូម៉ែត្រ ពី​ទីក្រុង​ដើម Donetsk របស់​ពួកគេ។

Shakhtar ដែលជា​ក្លិប​តែមួយ​មក​ពី​អឺរ៉ុប​ខាង​កើតមាន​វត្តមាន​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នេះ នឹង​ធ្វើជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម Roma នៅ​កីឡដ្ឋាន Metalist Kharkiv។

ជម្លោះ​ក្នុងប្រទេស​អ៊ុយក្រែន បានធ្វើ​ឲ្យ​លោក​មហាសេដ្ឋី Rinat Akhmetov ម្ចាស់​ក្លិប Shakhtar បោះបង់​ការ​គ្រប់គ្រង​របស់​ខ្លួន​ទៅ​លើ​អណ្តូងរ៉ែ និង​រោងចក្រ​ចម្រាញ់​លោហធាតុ​ជាច្រើន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​កាន់​កាប់​ដោយ​ក្រុម​បះបោរ​នៅ​ភាគ​ខាងកើត។

បញ្ហា​នេះ បានធ្វើ​ឲ្យ​លោក​មហាសេដ្ឋី Akhmetov ខាត​បង់ប្រាក់​ជាច្រើន ក៏​ដូចជា​រំខាន​ដល់​ការ​ទិញ​ចូល​កីឡាករ​ថ្មី និង​បង្ខំ​ឲ្យ​ម្ចាស់​ក្លិប​រូបនេះ ផ្តោត​លើ​ការ​រក្សា​កីឡាករ​បរទេស​ដែល​មាន​ស្រាប់ ក៏ដូចជា​បង្ខំ​ចិត្ត​ប្រើប្រាស់​កីឡាករ​ដែល​មាន​ទេពកោសល្យ​ក្នុង​ស្រុក។

Shakhtar មិនបាន​ធ្វើការ​ហ្វឹកហាត់​ច្រើន​ឡើយ ដោយសារ​តែ​ការ​សម្រាក​រយៈពេល ២ ខែ ប៉ុន្តែ​បាន​កម្តៅ​សាច់ដុំ​សម្រាប់​ការ​ប្រកួត Champions League នៅ​រាត្រី​នេះ តាមរយៈ​ការ​ផ្តួល​ក្រុម Chornomorets Odesa ៥-០ កាល​ពី​ថ្ងៃ​សុក្រ នៅ​ពេល​ដែល​ក្របខ័ណ្ឌ​លីក​អ៊ុយក្រែន បាន​ចាប់ផ្តើម​ប្រកួត​ជាមួយ។

ការ​ប្រកួត​ទាំង ២ គូ នៅ​រាត្រី​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ២:៤៥ ទៀប​ភ្លឺ៕