Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - Spurs និង Man City សម្លឹង​រក​ជ័យជម្នះ​ដូចគ្នា នៅ​រាត្រី​នេះ

Content image - Phnom Penh Post
Pierre-Emerick Aubameyang (ស្តាំ) របស់ Dortmund និង Ryan Mason របស់ Tottenham។ AFP

Spurs និង Man City សម្លឹង​រក​ជ័យជម្នះ​ដូចគ្នា នៅ​រាត្រី​នេះ

ក្រុងឡុងដ៍: ក្រោយ​ពីបាន​ជួបការ​ខកចិត្ត​ដោយសារ​តែ​លទ្ធផល​ចាញ់​ជា​បន្ត​បន្ទាប់​នៅឯ Wembley ក្រុម Tottenham Hotspur នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល Borussia Dortmund នៅ​រាត្រី​នេះ ដោយ​សង្ឃឹម​ថា អាច​បញ្ចប់​សំណាង​អាក្រក់​ដែល​បាន​ក្លាយ​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​របស់​ពួកគេ​នៅ​កីឡដ្ឋាន​ជាតិ​របស់​អង់គ្លេស​មួយ​នេះ។

នៅ​ពេល​ដែល​ក្រុម Spurs របស់​លោក Mauricio Pochettino ចាប់ផ្តើម​យុទ្ធនាការ​នៃ​ក្របខ័ណ្ឌ Champions League របស់​ពួកគេ​ជាមួយ​នឹង​ក្រុម​យក្ស​របស់​អាល្លឺម៉ង់ វានឹង​ក្លាយ​ជាការ​ប្រជែង​ដណ្តើម​ពិន្ទុ​ដ៏សំខាន់​មួយ។

សម្រាប់​ក្រុម Tottenham កីឡដ្ឋាន Wembley ជា​កន្លែង​ដ៏​គ្រោះថ្នាក់​មួយ​ដែល​កំពុង​តែ​រំខាន​ដល់​មហិច្ឆតា​របស់​ពួកគេ​ក្នុងការ​ប្រជែង​ដណ្តើម​ពាន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

ក្លិបមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ភាគ​ខាងត្បូង​មួយ​នេះ បាន​បង្ខំចិត្ត​ផ្លាស់ប្តូរ​ទៅ​លេង​នៅ​កីឡដ្ឋាន Wembley ស្របពេល​ដែល​កីឡដ្ឋាន White Hart Lane កំពុង​ស្ថិត​ក្នុងការ​សាងសង់​ជាថ្មី។

ប៉ុន្តែ បច្ចុប្បន្ន​ក្រុម Spurs បាន​លេង​ការប្រកួត​ចំនួន ១២ លើក​មក​ហើយ​នៅ​កីឡដ្ឋាន Wembley ចាប់តាំង​ពី​កីឡដ្ឋាន​ចាស់​របស់ខ្លួន​ត្រូវបាន​ជួសជុល ខណៈដែល​ពួកគេ​ដណ្តើម​បាន​ជ័យជម្នះ​តែ ២ លើក​គត់ និង​ចាញ់​ដល់​ទៅ ៨ លើក។

ភាព​ត្រដាប​ត្រដួស​របស់​ក្រុម Tottenham នៅ Wembley បាន​កើត​ឡើង​ចំពេល​ដ៏សំខាន់​កាល​ពី​រដូវកាល​មុន​ក្នុង​ក្របខ័ណ្ឌ Champions League ដោយ​នៅ​ពេល​នោះ​ពួកគេ​ដណ្តើម​បាន​ជ័យជម្នះ​តែ ១ លើក​គត់​ក្នុង​ការប្រកួត​ជម្រុះ​តាម​ពូល។

CSKA Moscow គឺជា​ក្រុម​តែមួយ​ដែល​ពួកគេ​បាន​ផ្តួល ខណៈដែល​ការរង​បរាជ័យ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Monaco និង Bayer Leverkusen បាន​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ចេញ​តែម្តង។

លើស​ពីនេះ​ទៅ​ទៀត មាន​នូវការ​ខកចិត្ត​ដ៏ធំ​បន្ថែម​ទៀត​នៅ Wembley សម្រាប់ Spurs នៅ​មុនពេល​បញ្ចប់​រដូវកាល​មុន ខណៈ​ដែល​ពួកគេ​បាន​ចាញ់​ក្រុម Chelsea ក្នុងការ​ប្រកួត​ពាន FA Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធផល ៤-២។

ប៉ុន្តែ Tottenham បាន​កម្តៅ​សាច់ដុំ​ក្នុងការ​ប្រកួត​នេះ តាមរយៈ​ការ​ផ្តួល​ក្រុម Everton ៣-០ ក្នុង​ក្របខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​សៅរ៍ ខណៈដែល Dortmund បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ លើ​ទឹកដី​ក្រុម SC Freiburg ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Bundesliga។

ស្របពេល​ជាមួយ​គ្នា​នេះ ក្រុម Manchester City របស់​លោក Pep Guardiola នឹង​ស្រេក​ឃ្លាន​ក្នុងការ​បង្ហាញ​ពីភាព​ខ្លាំង​របស់​ខ្លួន នៅពេល​ដែល​ពួកគេ​ចាប់ផ្តើម​ការ​ប្រជែង​យក​ជ័យជម្នះ​ក្នុង​ក្របខ័ណ្ឌ Champions League តាមរយៈ​ការប៉ះ​ជាមួយ​នឹង​ក្រុម Feyenoord ក្នុង​ទីក្រុង Rotterdam។

ក្រោយ​ពីបាន​ផ្តួល​ក្រុម Liverpool ៥-០ ក្នុង​ក្របខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​សៅរ៍ បច្ចុប្បន្ន​ក្រុម Man City ត្រូវធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ម្ចាស់​ជើងឯក​របស់​ហូឡង់ ដែល​បាន​វិល​ទៅ​ប្រកួត​វគ្គ​ចែក​ពូល​វិញ ក្រោយ​ពី​អវត្តមាន​អស់​រយៈពេល ១៥ ឆ្នាំ។

ជាមួយ​គ្នានេះ ការ​រំពឹង​ទុក​ផ្សេងៗ​នៅ​ឯ​កីឡដ្ឋាន Anfield ពិតជា​ខ្ពស់​នៅ​ពេល​នេះ នៅ​ពេល​ដែល​ក្រុម Liverpool ត្រៀម​ជួប​ជាមួយ​នឹង​ក្រុម Sevilla ម្តង​ទៀត តែ​ក្នុង​ក្របខ័ណ្ឌ Champions League។
នៅ​ឆ្នាំ ២០១៧ នេះ Liverpool បាន​បង្ហាញ​ពីភាព​ខ្លាំង​ដ៏គួរ​ឲ្យ​កត់សម្គាល់ ខណៈ​ពួកគេ​បាន​ផ្តួល Hoffenheim ទាំង​ពីរ​ជើង​កាល​ពី​ខែ​មុន ដើម្បី​ឈាន​ទៅ​ប្រកួត​វគ្គ​ចែក​ពូល៕

កម្មវិធី​ប្រកួត​នៅថ្ងៃនេះ ការប្រកួត​ទាំងអស់​នឹង​ចាប់ផ្តើម​នៅ​ម៉ោង ១:៤៥ ទៀបភ្លឺ

FC Porto v Besiktas
Feyenoord v Man City
Liverpool v Sevilla
Maribor v Spartak Moscow
RB Leipzig v Monaco
Real Madrid v APOEL
Shakhtar Donetsk v Napoli
Tottenham v Dortmund

0

Comments

Please, login or register to post a comment