កីឡាការិនី​វាយ​កូន​បាល់​មាន​ចំណាត់​ថ្នាក់​លេខ ៤ ក្នុង​ពិភពលោក Elina Svitolina បាន​ស្តីបន្ទោស​ទៅ​លើ​ការ​រង​របួស​ចង្កេះ សម្រាប់​ការ​ធ្លាក់​ចេញ​ដ៏​អាម៉ាស់​ក្រោម​ស្នាដៃ​កីឡាការិនី Elise Mertens ក្នុង​ព្រឹត្តិការណ៍ Australian Open កាល​ពី​ថ្ងៃ​អង្គារ។

កីឡាការិនី​សញ្ជាតិ​អ៊ុយក្រែន​រូបនេះ បាន​បញ្ចប់​ការ​ឈ្នះ​ជាប់ៗ​គ្នា​របស់​នាង​ត្រឹម ៩ ប្រកួត ក្រោយ​ពី​ចាញ់​ក្នុង​លទ្ធផល ៦-៤ និង៦-០ ក្រោម​ស្នាដៃ​កីឡាការិនី Mertens របស់​បែលហ្ស៊ិក នៅ​លើ​ទីលាន Rod Laver Arena។

Svitolina ដែល​បាន​ប្រជែង​ដើម្បី​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី Grand Slam ជា​លើក​ទី ១ នោះ បាន​ឲ្យ​ដឹង​ថា៖ «នៅ​ថ្ងៃនេះ វា​ពិតជា​លំបាក​ណាស់​សម្រាប់​ខ្ញុំ​ផ្នែក​កាយ​សម្បាទា»៕

Dimitrov សង្ឃឹម​អាច​ស្តារ​មុខមាត់​វិញ ក្រោយ​ធ្លាក់​ពី Australian Open

កីឡាករ​វាយ​កូន​បាល់ Grigor Dimitrov បញ្ជាក់​ថា រូបគេ​ត្រូវ​តែ​ស្វែងរក​ទម្រង់​លេង​ដ៏​ល្អ​របស់​គេ​ត្រឡប់​មក​វិញ ក្រោយ​ពី​ធ្លាក់​ចេញ​យ៉ាង​ខកចិត្ត​ពី​ព្រឹត្តិការណ៍ Australian Open ក្រោម​ស្នាដៃ​កីឡាករ​ចក្រភព​អង់គ្លេស Kyle Edmund ក្នុង​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ កាល​ពី​ថ្ងៃ​អង្គារ។

កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​ពិភពលោក​សញ្ជាតិ​ប៊ុលហ្គារី​រូបនេះ បាន​រង​បរាជ័យ​ក្នុង​លទ្ធផល ៦-៤ ៣-៦ ៦-៣ និង៦-៤ ក្រោម​ស្នាដៃ​កីឡាករ Edmund ហើយ​និង​អវត្តមាន​ក្នុង​យុទ្ធនាការ Grand Slam ជា​លើក​ទី ៣០ របស់​គេ​ម្តង​ទៀត។

Dimitrov វ័យ ២៦ ឆ្នាំ បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ Rafael Nadal ក្នុងការ​ប្រកួត ៥ សិត ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាល​ពី​ឆ្នាំ​មុន និង​មិន​ធ្លាប់​បាន​ឆ្លង​ផុត​វគ្គ ៤ នាក់​ចុង​ក្រោយ​សោះ​ក្នុង​កម្មវិធី Grand Slam។

Dimitrov បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​ការ​ប្រកួត​ថា៖ «វា​ពិតជា​លំបាក​ណាស់​ក្នុងការ​លាក់​បាំង​ការ​ខក​ចិត្ត។ វា​ពិតជា​ឈឺចាប់ ប៉ុន្តែ ខ្ញុំ​នឹង​ព្យាយាម​ស្វែងរក​ទម្រង់​លេង​ដ៏​ល្អ​មកវិញ»៕