កីឡាការិនី Lindsey Vonn បាន​សម្រេច​ចិត្ត​បញ្ចប់​អាជីព​ជិះ​ស្គី​ចុះ​ជម្រាល​ភ្នំ​ក្នុង​អូឡាំពិក​របស់​នាង ក្រោយ​ពី​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​កាល​ពី​ថ្ងៃ​ពុធ តាមរយៈ​ការ​បញ្ជាក់​ថា «ការ​ឈឺ​ចុកចាប់​លើ​រាងកាយ» របស់​នាង មិន​អនុញ្ញាត​ឲ្យ​នាង​ប្រកួត​ក្នុង​អូឡាំពិក ទីក្រុង​ប៉េកាំង រយៈពេល ៤ ឆ្នាំ​ទៀត​ឡើយ។

ក្រោយ​ពី​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ ៣ បន្ទាប់​ពី​ម្ចាស់​ជយលាភី​សញ្ជាតិ​អ៊ីតាលី Sofia Goggia និង​ម្ចាស់​មេដាយ​ប្រាក់ Ragnhild Mowinckel របស់​ន័រវែស Vonn បាន​ប្រាកាស​ថា នេះ​គឺជា​ការ​ប្រកួត​ជិះ​ស្គី​ចុះ​ជម្រាល​ភ្នំ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ជា​លើក​ចុង​ក្រោយ​របស់​នាង។

ក្រោយពី​បានបង្ហាញ​ខ្លួន​ជា​លើក​ទី ១ ក្នុង​វ័យ ១៧ ឆ្នាំ អូឡាំពិក​ទីក្រុង Lake City ឆ្នាំ ២០០២ Vonn បាន​ជួប​បញ្ហា​របួស​មួយ​ដែល​បាន​រំខាន​ដល់​ឱកាស​របស់​នាង​ក្នុង​ទីក្រុង Turin ក្នុង​រយៈពេល ៤ ឆ្នាំ​ក្រោយ មុន​នឹង​ឈ្នះ​មេដាយ​មាស និង​សំរឹទ្ធ​ក្នុង​ក្រុង Vancouver កាល​ពី​ឆ្នាំ ២០១០៕