Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តុលាការ​កាត់ទោសជន​បរទេស​៥នាក់​ពាក់ព័ន្ធគ្រឿងញៀន​ជាង​២គីឡូក្រាម

ជនបរទេសជាប់​ចោទ​ពីបទជួញដូរគ្រឿងញៀនជាង២គីឡូក្រាម ឆ្លងដែន​​។
ជនបរទេសជាប់​ចោទ​ពីបទជួញដូរគ្រឿងញៀនជាង២គីឡូក្រាម ឆ្លងដែន​​។ ម៉ៃ វីរៈ

តុលាការ​កាត់ទោសជន​បរទេស​៥នាក់​ពាក់ព័ន្ធគ្រឿងញៀន​ជាង​២គីឡូក្រាម

ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ ទី២៨ ឧសភា បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាតិ​បរទេស​ជាប់​ចោទ ៥​នាក់ ដាក់​ពន្ធនាគារ​ចាប់​ពី ២៣ ដល់ ២៧ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ ពី ៥០ ទៅ ៨០ លាន​រៀល ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន ហេរ៉ូអ៊ីន ទម្ងន់​ជាង ២ គីឡូក្រាម​ចេញ​ពី កម្ពុជា ទៅ អូស្ត្រាលី កាល​ពី ខែ​កញ្ញា ឆ្នាំ​២០១៣។

លោក កោ វណ្ឌី ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា៖ «តុលាការ​សម្រេច​ផ្តន្ទាទោស​ជន​ជាប់​ចោទ ទី១-ឈ្មោះ Precious Chineme Nwoko ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ដាក់​គុក ២៧​ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ៨០ លាន​រៀល ទី២-ឈ្មោះ Savarino Charlene ភេទ​ស្រី អាយុ ១៩​ឆ្នាំ ជនជាតិ​បារាំង ដាក់​គុក ២៥​ឆ្នាំ ពិន័យ​ប្រាក់ ៥០ លាន​រៀល ទី៣-ឈ្មោះ Taylor Yoshe Ann ភេទ​ស្រី អាយុ ៤១​ឆ្នាំ ជនជាតិ អូស្ត្រាលី ដាក់​គុក ២៣​ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ៥០ លាន​រៀល ក្រោម​ការ​ចោទ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន»។

លោក​ចៅក្រម​ក៏​បាន​ប្រកាស​ផ្តន្ទាទោស​បុរស​ស្បែក​ខ្មៅ​ជនជាតិ នីហ្សេរីយ៉ា ២​នាក់ ទៀត​ដែល​រត់​គេច​ខ្លួន​គឺ​ឈ្មោះ Martin អាយុ ៣៩​ឆ្នាំ និង​ឈ្មោះ Kabul អាយុ ២៧​ឆ្នាំ ដាក់​គុក​ម្នាក់ៗ ២៧​ឆ្នាំ និង​ពិន័យ​ប្រាក់ ៨០ លាន​រៀល ហើយ​ចេញ​ដីកា​ឲ្យ​ស្វែង​រក​ចាប់​ខ្លួន​មក​ផ្តន្ទាទោស​ផង​ដែរ។

លោក​ចៅក្រម​បញ្ជាក់​ថា ជន​ជាប់​ចោទ​ទាំង ៥​នាក់​ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ «រក្សា​ទុក​ដឹក​ជញ្ជូន​ឬ​ជួញ​ដូរ​សារធាតុ​ញៀន​ខុស​ច្បាប់» តាម​មាត្រា ទី៤០ នៃ​ច្បាប់​ស្តី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​កម្ពុជា ហើយ​ត្រូវ​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃ ទី៩ ខែ​មេសា កន្លង​ទៅ។

លោក គង់ ណារិន នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ជន​បរទេស​ទាំង​នេះ គឺជា​មុខ​សញ្ញា​នៃ​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​អន្តរជាតិ​ដែល​មក​លាក់​ខ្លួន​នៅ កម្ពុជា។ សមត្ថកិច្ច​បាន​ប្រើ​ពេល​ជាង​បី​ខែ​ក្នុង​ការ​ស៊ើប​អង្កេត​និង​ស្រាវជ្រាវ​រក​ពួក​គេ​មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ខ្លួន។ លោក​ថា ឈ្មោះ Savarino Charlene និង Taylor Yoshe Ann ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​ពេល​ឆែក​ឆេរ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ពេល​ពួក​គេ​បម្រុង​ចាកចេញ​ទៅ អូស្ត្រាលី កាល​ពី​ល្ងាច​ថ្ងៃ ទី១៨ ខែ​កញ្ញា ឆ្នាំ​២០១៣ ដោយ​រឹបអូស​បាន​គ្រឿង​ញៀន ហេរ៉ូអ៊ីន ២ កញ្ចប់​ទម្ងន់ ២,២ គីឡូក្រាម។ ចម្លើយ​អ្នក​ទាំង​ពីរ​ធ្វើ​ឲ្យ​សមត្ថកិច្ច​នគរបាល​ឈាន​ទៅ​ចាប់​ខ្លួន​ឈ្មោះ Pirecious Chineme Nwoko នៅ​ផ្ទះ​ជួល​ក្នុង ភូមិ​២ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន នៅ​យប់​ថ្ងៃ​ដដែល​នោះ។

ជន​ជាប់​ចោទ​ទាំង ៥ មិន​អាច​សុំ​ការ​បញ្ជាក់​ពីការ​សម្រេច​នេះ​បាន​ឡើយ កាល​ពី​ម្សិលមិញ។ ប៉ុន្តែ លោក​មេធាវី ផែង ហេង ការពារ​ឈ្មោះ Pirecious Chineme Nwoko បាន​ប្រាប់​ថា សេចក្តី​សម្រេច​នេះ គឺ​អយុត្តិធម៌​ចំពោះ​កូន​ក្តី​លោក ដែល​ពួក​គេ​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​ថា កូន​ក្តី​លោក​នឹង​បន្ត​ប្តឹង​ទៅ​ឧទ្ធរណ៍​បន្ត​ទៀត។

គួរ​រំឭក​ថា​ក្នុង​សវនាការ​ពី​ថ្ងៃ ទី៩ ខែ​មេសា ជនជាប់​ចោទ​ទាំង ៣​នាក់ បាន​បដិសេធ​ការ​ចោទ​ប្រកាន់ ហើយ​ថា គ្រឿង​ញៀន​ដែល​នគរបាល​ដក​ហូត​បាន​នោះ​មិន​មែន​ជា​របស់​ខ្លួន​ទេ។ ពួក​គេ​មិន​ទទួល​ស្គាល់​ឡើយ៕

0

Comments

Please, login or register to post a comment