Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ស្ត្រី​ម្នាក់​នៅ​បុរី​កីឡា​ត្រូវ​គេ​ចូល​ប្លន់​អារ​ក​ក្នុង​ផ្ទះ

ស្ត្រី​ម្នាក់​នៅ​បុរី​កីឡា​ត្រូវ​គេ​ចូល​ប្លន់​អារ​ក​ក្នុង​ផ្ទះ

ភ្នំពេញៈ ស្ត្រី​វ័យ ៤៧ ឆ្នាំ​ម្នាក់​ត្រូវ​បាន​យុវជន​ញៀន​ថ្នាំ​ម្នាក់ ចូល​ផ្ទះ​អារ​ក​និង​ចាក់​ជា​ច្រើន​កាំបិត​ប៉ង​ប្លន់​សម្លាប់​ក្នុង​បន្ទប់​ផ្ទះ​ជួល​នៅ​ជាន់ ទី១ អគារ (C) បុរី​កីឡា ក្នុង សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។

កញ្ញា នូ ស្រីមុំ អាយុ ២១​ឆ្នាំ ជា​កូន​ស្រី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ហេតុ​ការណ៍​នេះ​ផ្អើល​ឆោ​ឡោ​ដល់​អ្នក​ជិត​ខាង​នៅ​ម៉ោង​ជាង ២ រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ ទី​៣០ ខែ​មិថុនា។

អ្នក​ស្រី ប៉ែន សារុន អាយុ ៤២​ឆ្នាំ ជា​អតីត​អ្នក បុរី​កីឡា ដែល​ក្រុម​ហ៊ុន ផានអ៊ីម៉ិច និង​អាជ្ញាធរ​រាជធានី​ជម្លៀស​ទៅ​តំបន់ ភ្នំ​បាត ក្នុង ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាល​ពី​ដើម ឆ្នាំ​២០១២ បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ក្រោម​អគារ​ផ្ទះ​ល្វែង បុរី​កីឡា ដើម្បី​ធ្វើ​ការងារ​រក​ប្រាក់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ។

ស្រីមុំ ប្រាប់​ថា មុន​បញ្ជូន​ទៅ​មន្ទីរពេទ្យ រុស្ស៊ី ម្ដាយ​នាង​នៅ​មិន​ទាន់​សន្លប់​ទេ គាត់​ព្យាយាម ប្រាប់​នាង​ថា នៅ​ម៉ោង​ជិត ២ យប់​ឈាន​ចូល​ថ្ងៃ​ចន្ទ ឈ្មោះ ពិន ស៊ីថា បាន​លប​ចូល​ក្នុង​ផ្ទះ​ជួល​គាត់​តាម​ទ្វារ​ក្រោយ​រួច​យក​កាំបិត​ចុង​ស្រួច​មក​គំរាម​ទារ​លុយ​និង​ខ្សែ​ក​ប្លាទីន​ជាង​មួយ​ជី ប៉ុន្តែ​គាត់​មិន​ព្រម​ឲ្យ​ជន​នេះ​ក៏​ដាល់​និង​សម្រាត​ខោ​អាវ​គាត់​រក​លុយ​លុះ​រក​មិន​ឃើញ ក៏​ចាក់​គាត់​ជា​ច្រើន​កាំបិត និង​អារ​ក ប៉ង​សម្លាប់​គាត់​បំបិត​មាត់។

លោក ណៃ វ៉ង់ដា មន្ត្រី​ស៊ើប​អង្កេត​និង​ជា​អ្នក​ជំនួយ​ការ​ផ្នែក​ច្បាប់​នៃ​សមាគម​សិទ្ធិ​មនុស្ស អាដហុក ដែល​ចុះ​ពិនិត្យ​ផ្ទាល់​បញ្ជាក់​ថា តាម​ស្លាក​ស្នាម មុន​ធ្វើ​សកម្មភាព​ជន​សង្ស័យ​ទំនង​ជា​ផឹក​ស្រាបៀរ​ឬ​ធ្វើ​អ្វី​ផ្សេង​ទៀត​ជាមួយ​ជន​រងគ្រោះ។ លោក​បន្ត​ថា៖ «យើង​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ។ តែ​ក្រោយ​កើត​ហេតុ សមត្ថកិច្ច​ហាក់​មិន​សូវ​ជា​អើពើ​ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ឡើយ ដោយ​ហេតុ​ថា ជន​រង​គ្រោះ​ធ្លាប់​ចូល​រួម​ការ​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត កាល​ពី​រសៀល​ម្សិល​មិញ ភ្នំពេញ ប៉ុស្តិ៍ បាន​ឃើញ​ស្ថាន​ភាព​ជន​រង​គ្រោះ​គួរ​ឲ្យ​រន្ធត់ ភ្នែក​ស្ដាំ​ត្រូវ​គេ​វាយ​ឲ្យ​បែក​ស្ទើរ​លៀន​គ្រាប់​ភ្នែក ក​ត្រូវ​អារ​ក្រឡឹង​ជុំវិញ​ស្ទើរ​ដាច់​ក្បាល​ចេញ​ពី​ខ្លួន ខណៈ​ពោះ​និង​ខ្នង​ត្រូវ​ចាក់​ធ្លាយ និង​មាន​ស្នាម​អារ​ចាក់​ខ្លួន​ប្រាណ​ជាច្រើន​ទៀត។ នៅ​ម៉ោង ២ រសៀល​កូន​ប្រុស​គាត់​ពីរ​នាក់​ត្រូវ​គ្រូ​ពេទ្យ​បង្គាប់​ឲ្យ​ទៅ​កាន់​មន្ទីរពេទ្យ ព្រះអង្គ ឌួង ដើម្បី​ផ្ដល់​ឈាម​យក​មក​សង្គ្រោះ​ម្ដាយ ប៉ុន្តែ មក​ទល់​ម៉ោង ៥ ល្ងាច អ្នក​ស្រី សារុន ដែល​បញ្ជូន​ចេញ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់ ស្ថិត​ក្នុង​សភាព​ស្លេក​ស្លាំង​ដដែល។

សកម្មភាព​របស់​ជន​សង្ស័យ​មក​លើ​ជន​រងគ្រោះ​បែប​នេះ ត្រូវ​បាន​សហគមន៍ បុរី​កីឡា ដែល​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ជា​ផ្ទះ​ល្វែង​ពី​រដ្ឋ​គិត​ថា គឺជា​ការ​គំរាម​កំហែង បំបាក់​ស្មារតី​ពួក​គាត់​មិន​ឲ្យ​តវ៉ា​ទៀត។

លោក ពេជ្រ លឹមឃួន អ្នក​តំណាង​សហគមន៍ បុរី​កីឡា ថា៖ «ការ​ប្រព្រឹត្ត​របស់​ជន​ល្មើស នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ឃោរ​ឃៅ​និង​ជា​ចេតនា​គំរាម​កំហែង មិន​ចំពោះ​តែ​គ្រួសារ​នេះ​ទេ តែ​បាន​គំរាម​កំហែង​មក​លើ​សហគមន៍ បុរី​កីឡា ក្រីក្រ​ខ្ញុំ​ទាំង​មូល។ នេះ​ក៏​បង្ហាញ​ថា អាជ្ញាធរ​មិន​អើពើ​ក្នុង​ការ​រក្សា​ការពារ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ»។

ប៉ុន្តែ​លោក មុក បូរុណ ឆស័ក្ខ នាយ​នគរបាល​ប៉ុស្តិ៍ សង្កាត់​វាល​វង់ បាន​ប្រាប់​ថា សមត្ថកិច្ច​បាន​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​ច្បាស់​ហើយ​និង​កំពុង​ស្រាវ​ជ្រាវ​ស្វែង​រក​ចាប់​ខ្លួន មក​ផ្ដន្ទាទោស​តាម​ច្បាប់។ លោក​ថា ជន​សង្ស័យ ឈ្មោះ ពិន ស៊ីថា អាយុ ២៥​ឆ្នាំ គ្មាន​មុខ​របរ​ប្រាកដ នៅ​អគារ ទី៤ «ជា​អ្នក​ជិត​ខាង​នឹង​គ្នា»៕

0

Comments

Please, login or register to post a comment