Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ស៊ើប​អង្កេត​ត្រូវ​តែ​ធ្វើ​ទោះ​មិន​ប្តូរ​លទ្ធផល​ឆ្នោត

ការ​ស៊ើប​អង្កេត​ត្រូវ​តែ​ធ្វើ​ទោះ​មិន​ប្តូរ​លទ្ធផល​ឆ្នោត

130920_04
អ្នកបោះឆ្នោតពិនិត្យរកឈ្មោះក្នុងបញ្ជីដើម្បីបោះឆ្នោតនៅតាមការិយាល័យ ក្នុងខេត្តព្រៃវែង ម៉ៃ វីរៈ

ភ្នំពេញៈ ទោះ​មាន​ការ​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា គេ​មិន​អាច​អះអាង​ដោយ​ជឿ​ជាក់​ថា លទ្ធផល​ប៉ះពាល់ «ពិត​ជា​ឆ្លុះ​បញ្ចាំង​នូវ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា» ដោយសារ​តែ​ភាព​មិន​ប្រក្រតី​ជា​លក្ខណៈ​ប្រព័ន្ធ​ក៏​ដោយ ក៏​ប៉ុន្តែ​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ទទួល​ស្គាល់​ថា រយៈ​ពេល​នៃ​ការ​ស៊ើប​អង្កេត​ដែល​អាច​ផ្លាស់​ប្តូរ​លទ្ធផល​បោះឆ្នោត​នោះ បាន​កន្លង​ផុត​ហើយ។

លោក ព្រាប កុល នាយក​ប្រតិបតិ្ត​អង្គការ តម្លាភាព បាន​បញ្ជាក់​ថា ការ​ស៊ើប​អង្កេត​លើ​ការ​បោះឆ្នោត​ដោយ​តម្លាភាព​នេះ​នឹង​ត្រូវ​ធ្វើ​បន្ទាប់​ពី​រក​ដំណោះស្រាយ​នយោបាយ​រួច តែ​វា​មិន​ផ្លាស់​ប្តូរ​លទ្ធផល​ទេ ផ្ទុយ​ទៅ​វិញ​វា​ជា​ការ​ស្វែង​រក​ការ​ពិត​សម្រាប់​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត។

បន្ទាប់​ពី​ចេញ​ផ្សាយ​របាយ​ការណ៍​អង្កេត​ការណ៍​បោះឆ្នោត​ចុង​ក្រោយ លោក ព្រាប កុល បាន​ថ្លែង​ថា៖ «សង្គម​ស៊ីវិល​នឹង​នៅ​តែ​គាំទ្រ​ការ​ទាមទារ​របស់​ខ្លួន ដើម្បី​ស្វែង​រក​ការ​ពិត និង​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី ដូច្នេះ យើង​អាច​នឹង​កំណត់​នូវ​ផល​ប៉ះពាល់ ហើយ​ប្រើ​ប្រាស់​ការ​រក​ឃើញ​នេះ​ជា​មូលដ្ឋាន​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត»។

លោក​បន្ត​ថា៖ «ផ្អែក​លើ​ជំហរ​របស់​គណបក្ស​ប្រជាជន និង​ក្របខ័ណ្ឌ​ច្បាប់​ដែល​មាន​លទ្ធភាព​ដទៃ​ទៀត​គឺ​ប្រើ​អស់​ហើយ ប៉ុន្តែ បក្ស​ប្រឆាំង​នៅ​តែ​មិន​អាច​សុំ​អ្វី​ដែល​ខ្លួន​ចង់​បាន»។

លោក សុន ឆ័យ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​កាល​ពី​ម្សិលមិញ​ថា​ការ​ពិត​ត្រូវ តែ​រក​ឲ្យ​ឃើញ មុន​ពេល​អាច​រក​ដំណោះស្រាយ​នយោបាយ​រួច​រាល់។

លោក​បន្ត​ថា៖ «រដ្ឋាភិបាល​មិន​ទាន់​ទទួល​ស្គាល់​បញ្ហា​នេះ​ទេ បើ​គេ​មិន​ទទួល​ស្គាល់​បញ្ហា​គេ​នឹង​មិន​អាច​សន្យា​ធ្វើ​កំណែ​ទម្រង់​ទេ»។ លោក​បន្ថែម​ថា៖ «ក្នុង​កិច្ច​ពិភាក្សា​របស់​យើង​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន លោក​មិន​បង្ហាញ​នូវ​ការ​ទទួល​ស្គាល់​ទេ ដែល​ថា​មាន​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​ប្រព័ន្ធ​បោះឆ្នោត ដរាប​ណា​គ្មាន​ការ​ស៊ើប​អង្កេត​ការ​បោះឆ្នោត​ត្រឹម​ត្រូវ​ដើម្បី​បង្ហាញ​ថា លោក​មិន​បាន​ឈ្នះ​ទេ​នោះ​យើង​មិន​អាច​ពិនិត្យ​លើ​របៀប​ដែល​យើង​អាច​បែង​ចែក​អំណាច​ឡើយ»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​ថ្លែង​ថា រដ្ឋាភិបាល​នឹង​មាន​ឆន្ទៈ​ពិភាក្សា​អំពី​ការ​ស៊ើប​អង្កេត បន្ទាប់​ពី​បង្កើត​រដ្ឋសភា​រួច។

លោក​ថ្លែង​បន្ត​ថា៖ «ក្នុង​គោលការណ៍​នៃ​កិច្ច​ប្រជុំ​លើក​ទី១ រវាង [មេ​ដឹក​នាំ​ពី​ថ្ងៃ​សៅរ៍] ពួក​គេ​បាន​ព្រម​ព្រៀង​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប.។ ប៉ុន្តែ​ដំបូង តំណាង​រាស្រ្ត​ទាំង​អស់​ត្រូវ​អង្គុយ​ជជែក​ជា​ផ្លូវ​ការ [បញ្ហា នេះ]..គ.ជ.ប ត្រូវ​ផ្តល់​នូវ​យុត្តាធិការ​ដោយ​សភា»។

បើ​តាម​របាយ​ការណ៍​កាល​ពី​ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុជា ដែល​បាន​តាម​ដាន​ការ​បោះឆ្នោត​នេះ​រក​ឃើញ​ថា ៦០ ភាគរយ​នៃ​ការិយាល័យ​បោះឆ្នោត អ្នក​បោះឆ្នោត​រក​ឈ្មោះ​របស់​ខ្លួន​មិន​ឃើញ​ក្នុង​បញ្ជី។

ប្រជាជន​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បោះឆ្នោត​បើ​គ្មាន​ការ​បញ្ជាក់​អត្ត​សញ្ញាណ​ត្រឹម​ត្រូវ នៅ​ការិយាល័យ​បោះឆ្នោត​ចំនួន ២៦ ភាគរយ ហើយ​នៅ​ការិយាល័យ​បោះឆ្នោត ១១ ភាគរយ អ្នក​បោះឆ្នោត ៥១ នាក់​ឬ​ច្រើន​ជាង​នេះ​ប្រើ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​បណ្តោះ​អាសន្ន​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត។ ភាព​មិន​ប្រក្រតី​ធ្ងន់​ធ្ងរ​ដែល​មាន​នៅ​ក្នុង​របាយ​ការណ៍​គឺ​«ការ មិន​បាន​បោះឆ្នោត​ទ្រង់​ទ្រាយ​ធំ» ដែល​បណ្តាល​មក​ពី​បញ្ហា មិន​កំណត់​អត្ត​សញ្ញាណ​ត្រឹម​ត្រូវ​មុន​ពេល​ការ​បោះឆ្នោត​ថ្ងៃ ទី២៨ ខែ កក្កដា។

បញ្ហា​ទាំង​នេះ​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ភាព​ខុស​ឆ្គង​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល បាន​ធ្វើ​ឲ្យ​អ្នក​មិន​បាន​បោះឆ្នោត​មាន​ចំនួន​រហូត​ដល់ ១ លាន​នាក់។

លោក ព្រាប កុល បាន​ថ្លែង​ថា គ.ជ.ប និង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នឹង​ត្រូវ​តែ​ផ្តល់​ទិន្នន័យ​រួម​មាន «ទិន្នន័យ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ពេញ​លេញ កំណត់​ត្រា​ការ​ផ្តល់​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​និង​លទ្ធផល កម្រិត​ការិយាល័យ​បោះឆ្នោត» បន្ទាប់​ពី​រដ្ឋាភិបាល​ត្រូវ​បង្កើត​ឡើង​ដែល​នេះ​ជា​អ្វី​ដែល​មក ដល់​ពេល​នេះ​ពួក​គេ​មិន​ព្រម​ធ្វើ។

អគ្គ​លេខាធិការ គ.ជ.ប លោក ទេព នីថា បាន​ថ្លែង​ថា គ.ជ.ប មិន​បាន​បដិសេធ​ជាក់​លាក់​ចំពោះ​សំណើ​ទាំង​នេះ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដូច​ការ​អះអាង​នោះ​ទេ ប៉ុន្តែ ព័ត៌មាន​បែប​នេះ​ជាប់​គាំង​នៅ​អាជ្ញាធរ​មូលដ្ឋាន​និង​គណៈកម្មការ បោះឆ្នោត។

លោក​ថ្លែង​បន្ត​ថា៖ «នៅ​ពេល​ពួក​គេ​សុំ​ពី គ.ជ.ប យើង​រវល់​ពេក ដូច្នេះ យើង​ត្រូវ​តែ​បដិសេធ​ចំពោះ​ពួក​គេ»៕ PS/TK

0

Comments

Please, login or register to post a comment