Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - គ.ជ.ប ចាំបាច់​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់

គ.ជ.ប ចាំបាច់​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់

130920_05
ប្រជាពលរដ្ឋពិនិត្យរកឈ្មោះបោះឆ្នោត នៅការិយាល័យបោះឆ្នោតមួយ ក្នុងខណ្ឌមានជ័យ សូ វិសាល

ភ្នំពេញៈ នៅ​ក្នុង​សប្តាហ៍​នៅ​មុន​ពេល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែ ធ្នូ ឆ្នាំ ១៩៩៧ លោក ឆេង ផុន បាន​ទស្សន៍ទាយ​ថា លោក​នឹង​មាន​តួនាទី​ស្វិត​ស្វាញ​មួយ នា​ពេល​ខាង​មុខ។

លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​មាត់​ប្រឡាយ​ស្ងប់​ស្ងាត់​មួយ ក្នុង​ខេត្ត កំពត ថា៖ «ប្រសិន​បើ​អ្នក​សួរ​ខ្ញុំ​ជា​លក្ខណៈ​បុគ្គល ខ្ញុំ​ត្រូវ​តែ​និយាយ​ថា ខ្ញុំ​មិន​ចង់​បាន​ការងារ​នេះ​ទេ»។ «ខ្ញុំ​រីករាយ​នៅ​ទី​នេះ ដែល​ជា​កន្លែង​ស្ងប់​ស្ងាត់​ហើយ​ខ្ញុំ​អាច​ធ្វើ​សមាធិ​បាន។ ភាព​ជា​ប្រធាន នឹង​មិន​មែន​ជា​ការងារ​រីក​រាយ​មួយ​ទេ»។

លោក ឆេង ផុន ដែល​ជា​រដ្ឋ​មន្រ្តី​វប្បធម៌ និង​ព័ត៌មាន ក្នុង​ទសវត្សរ៍ ៨០ ត្រូវ​បាន​ជ្រើស​រើស​ដោយ​រដ្ឋ​មន្រ្តី​ក្រសួង មហា​ផ្ទៃ លោក ស ខេង ដើម្បី​ឲ្យ​មើល​ការ​ខុស​ត្រូវ លើ​ការ​បោះឆ្នោត​របស់​កម្ពុជា។ លោក ផុន បាន​ចាក​ចេញ​ពី​តំណែង​នេះ​ជា​យូរ​មក​ហើយ ប៉ុន្តែ​ការ​ទទួល​ខុស​ត្រូវ​នៃ​ការ​ជ្រើស​រើស​អ្នក​ដែល​អង្គុយ​កៅអី​នៅ គ.ជ.ប គឺ​នៅ​តែ​ជា​ក្រសួង មហាផ្ទៃ។ រឿង​មួយ ក្នុង​ចំណោម​រឿង​ជាច្រើន ដែល​ក្រុម​តាម​ដាន​ការ​បោះឆ្នោត​ឯករាជ្យ និង​គណបក្ស​ប្រឆាំង​និយាយ​ថា ត្រូវ​ផ្លាស់​ប្តូរ គ.ជ.ប ដោយ​សារ​ថា ស្ថាប័ន​នេះ តំណាង​អត្ថ​ប្រយោជន៍​ឲ្យ​គណបក្ស​ប្រជាជន។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់ ខុម ហ្វ្រែល បាន​ថ្លែង​ថា៖ «សមាសភាព​របស់ គ.ជ.ប គួរ​ត្រូវ​កែ​ប្រែ។ ការ​តែង​តាំង​មិន​គួរ​ធ្វើ​ឡើង​តាម​រយៈ​ក្រសួង មហា​ផ្ទៃ ឬ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ទេ។ ស្ថាប័ន​ទាំង​នេះ ត្រូវ​បាន​គ្រប់​គ្រង ដោយ​គណបក្ស​កាន់​អំណាច»។

នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ចន្ទ លោក ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ឯកភាព​គ្នា​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប។

រដ្ឋ​មន្រ្តី​ក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ថា កំណែ​ទម្រង់​គឺ​ត្រូវ​តែ​ធ្វើ​ឡើង​ទៅ​តាម «នីតិវិធី​ច្បាប់» ប៉ុន្តែ​លោក​បាន​ថ្លែង​ថា គ.ជ.ប នឹង​មិន​ត្រូវ​រំលាយ​ទាំង​អស់​គ្នា​នោះ​ទេ។ លោក​បន្ត​ថា៖ «គណបក្ស​ប្រជាជន​មិន​ដែល​និយាយ​ថា កំណែ​ទម្រង់ គ.ជ.ប មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ទេ»។

នៅ​ក្នុង​ក្របខ័ណ្ឌ​នេះ លោក គល់ បញ្ញា បាន​ថ្លែង​ថា បញ្ហា​ប្រឈម​ជាច្រើន​អាច​មាន ហើយ​ត្រូវ​តែ​កើត​មាន។ «ការ​ពិនិត្យ​និង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព» រវាង​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង ត្រូវ​បាន​បង្កើត​ឲ្យ​មាន ហើយ​គណៈកម្មាធិការ​ទ្វេ​ភាគី​ត្រូវ​តែ​មាន ដែល​មាន​សមាសភាព​តំណាង​រាស្រ្ត ត្រូវ​តែតែង​តាំង​ដើម្បី​សម្រេច​ថា​តើ​នរណា​គួរ​ត្រូវ​តែង​តាំង សម្រាប់​ស្ថាប័ន​នេះ។

ជាង​នេះ​ទៀត គណៈកម្មាធិការ​មួយ ស្តីពី​ការ​ដោះស្រាយ​វិវាទ និង​រក​យុត្តិធម៌​ចំពោះ​បញ្ហា​បោះឆ្នោត គួរ​ត្រូវ​បង្កើត​ឡើង​ដើម្បី​ធានា​ដោះស្រាយ​បណ្តឹង​អំពី​ភាព​មិន​ប្រក្រតី ដែល​ភាព​មិន​ប្រក្រតី​នេះ ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​អះអាង​ថា បាន​ធ្វើ​ឲ្យ​ខ្លួន​បាត់បង់​អាសនៈ​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ ទី២៨ កក្កដា។

មិន​ដល់​មួយ​ឆ្នាំ​កន្លង​ទៅ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ ចំពោះ​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ថ្មី ៩ នាក់​របស់ គ.ជ.ប ហើយ​ដែល​អ្នក​ទាំង​អស់​នោះ​ធ្លាប់​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នក​ដែល​ត្រូវ​តែង​តាំង​ត្រូវ​តែ​ដក​សមាជិកភាព​ចេញ​ពី​គណបក្ស​នយោបាយ ពី​មុន​ពេល​ទទួល​យក​តំណែង​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា គណបក្ស​របស់​លោក កំពុង​ជំរុញ​ឲ្យ​មាន​ស្ថាប័ន​អចិន្រៃ្តយ៍​មួយ​ផង​ដែរ ដើម្បី​ដោះស្រាយ​បណ្តឹង​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត ពីព្រោះ​វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​ឲ្យ គ.ជ.ប ធ្វើ​ជា « អាជ្ញា​កណ្តាល» នៃ​ការ​បោះឆ្នោត​និង​ដោះស្រាយ​បណ្តឹង។ លោក យឹម សុវណ្ណ បាន​ថ្លែង​បន្ត​ថា៖ «កំណែ​ទម្រង់ គ.ជ.ប គឺ​សំខាន់​ណាស់​ចំពោះ​ការ​អំពាវនាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​មាន​កំណែ​ទម្រង់​ការ​បោះឆ្នោត​ទូលំ​ទូលាយ​ជាង​មុន។ ការ​ទាមទារ​ដទៃៗ​ទៀត រួម​មាន​ការ​កែប្រែ​ច្បាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់ នៃ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី។ លោក​បន្ត​ថា៖ «ប៉ុន្តែ​ដំបូង ការ​ផ្លាស់​ប្តូរ​សមាសភាព​នៃ​ថ្នាក់​ដឹក​នាំ​របស់ គ.ជ.ប ចាំ​បាច់​ត្រូវ​តែ​កើត​មាន»។

ទោះ​យ៉ាង​ណា​ក្តី ភាព​លម្អិត​ជាង​នេះ ស្តី​ពី​កំណែ​ទម្រង់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ជាង​នេះ​ដើម្បី​ពិភាក្សា។ លោក យឹម សុវណ្ណ បាន​ថ្លែង​ទៀត​ថា៖ «យើង​មិន​ទាន់​បាន​គិត​អំពី​ដំណើរការ​ជាក់​លាក់​នៅ​ឡើយ​ទេ»។ «យើង​ចាំ​បាច់​ត្រូវ​បង្កើត​គណៈកម្មាធិការ​ដើម្បី​ធ្វើ​កំណែ​ទម្រង់។ វា​តែង​តែ​មាន​បញ្ហា នៅ​រាល់​ការ​បោះឆ្នោត​ម្តងៗ ហើយ​យើង​ត្រូវ​តែ​មើល​ទៅ​ប្រទេស​ជិត​ខាង​ដូចជា ហ្វីលីពីន និង ថៃ»។

ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មើល​ឆ្ងាយ​ជាង​នេះ​ទៅ​ដល់​ប្រទេស អូស្រ្តាលី វា​នឹង​ត្រូវ​មាន​គណៈកម្មការ​បោះឆ្នោត​មួយ​ដែល​ត្រូវ​ឆ្លើយ​ទៅ​គណៈកម្មាធិការ​នៅ​ក្នុង​សភា ដែល​រួម​មាន​ទាំង​ភាគី​នយោបាយ​ទាំង​ពីរ។ នេះ​បើ​តាម​លោក Greg Doolan អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​បោះឆ្នោត អូស្រ្តាលី។ លោក​បន្ត​ថា៖ «បន្ទាប់​ពី​ការ​បោះឆ្នោត​សហព័ន្ធ​ម្តងៗ គណៈកម្មាធិការ​បោះឆ្នោត អូស្រ្តាលី ត្រូវ​តែ​ដាក់​ជូន និង​ចូល​រួម​សវនាការ របស់​គណៈកម្មាធិការ​រួម​មួយ​ស្តី​ពី​បញ្ហា​បោះឆ្នោត​របស់​សភា​ដែល នឹង​ធ្វើ​ការ​សួរ​នាំ​ចំពោះ​ការ​អនុវត្ត​ការ​បោះឆ្នោត»។

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី លោក ផៃ ស៊ីផាន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា គណបក្ស​ប្រជាជន​មិន​មាន​តំណែង​ផ្លូវ​ការ​អំពី​ធាតុ​អ្វី​របស់ គ.ជ.ប ដែល​គួរ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​នោះ​ទេ។ លោក​បន្ត​ថា រដ្ឋាភិបាល មិន​មាន​ការងារ​ដោះស្រាយ​បញ្ហា​ជាក់​លាក់​នោះ​ទេ។ «គ.ជ.ប ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​យុត្តាធិការ​ដោយ​សភា ដូច្នេះ​ក្រុម​តំណាង​រាស្រ្ត ត្រូវ​តែ​អង្គុយ​ជាមួយ​គ្នា ហើយ​ជជែក​អំពី​បញ្ហា​នេះ។ ប៉ុន្តែ គ.ជ.ប ត្រូវ​បាន​ធ្វើ​កំណែ​ទម្រង់​ពីរ​បី​ដង​រួច​ហើយ។ នេះ​ជា​រឿង​ធម្មតា»។

ទោះ​យ៉ាង​ណា​ក្តី​បើ​តាម លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​កំណែ​ទម្រង់​ទាំង​នោះ មិន​មាន​ប្រសិទ្ធភាព​ទេ។ លោក​បន្ត​ថា៖ «នោះ​មិន​មែន​ជា​កំណែ​ទម្រង់​ពិត​នោះ​ទេ​។ គ.ជ.ប នៅ​តែ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន»។

លោក គល់ បញ្ញា បាន​ថ្លែង​ថា ក្រុម​សង្គម​ស៊ីវិល និង​ក្រុម​សង្កេត​ការ​អន្តរជាតិ បាន​ផ្តល់​ឲ្យ​នូវ​អនុសាសន៍​មួយ​ចំនួន សម្រាប់​កំណែ​ទម្រង់ ក្នុង​រយៈ​កាល​មួយ​ទសវត្សរ៍​កន្លង​មក ប៉ុន្តែ​ពួក​គេ​ធ្វើ​ជា​មិន​ឮ។ «នៅ​ពេល​ពួក​យើង​និយាយ​អំពី​កំណែ​ទម្រង់​ពួក​គេ​មិន​អើពើ​ទេ»។

លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ថា តើ​ការ​ផ្លាស់​ប្តូរ​អ្វី ដែល​លោក​ជឿ​ថា នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចំពោះ​គណៈកម្មាធិការ​នេះ​នោះ​ទេ ហើយ​លោក​បដិសេធ​មិន​ថ្លែង​អំពី​ថា តើ​អ្វី​ជា​ភាព​ខ្លាំង​និង​ភាព​ខ្សោយ​របស់ គ.ជ.ប ឡើយ។

លោក​បន្ត​ថា៖ «ប៉ុន្តែ​កំណែ​ទម្រង់​ត្រូវ​តែ​ផ្អែក​ទៅ​លើ​ច្បាប់​បោះឆ្នោត»។ ប៉ុន្តែ លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប បាន​ទទួល​ស្គាល់​ថា គ.ជ.ប មាន​បញ្ហា​មួយ​ចំនួន​ជាមួយ​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ប៉ុន្តែ​គណៈកម្មាធិការ​នេះ នៅ​តែ​ឯករាជ្យ​និង​មាន​តម្លាភាព។ លោក​បន្ត​ថា៖ «ជា​លទ្ធផល យើង​បាន​ទទួល​ការ​គាំទ្រ និង​ការ​លើក​ទឹក​ចិត្ត ពី​បណ្តាល​ប្រទេស​ម្ចាស់​ជំនួយ​រួម​ទាំង​អ្នក​សង្កេត​ការណ៍​អន្តរជាតិ ដែល​ធ្វើ​ជា​សាក្សី​ចំពោះ​ការ​បោះឆ្នោត»៕ PS

រាយការណ៍​បន្ថែមៈ Abby Seiff

0

Comments

Please, login or register to post a comment