Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - បក្ស​ជាប់​ឆ្នោត​បិទ​បាំង​ការ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ

បក្ស​ជាប់​ឆ្នោត​បិទ​បាំង​ការ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ

Content image - Phnom Penh Post

ភ្នំពេញៈ ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​ទៀត កាល​ពី​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ​មិន​បាន​ប្រកាស​ឲ្យ​ដឹង ថា​តើ​បញ្ហា​អ្វី​ខ្លះ ដែល​ពួក​គេ​បាន​លើក​យក​ទៅ​ពិភាក្សា​គ្នា​នោះ​ទេ ដោយ​គ្រាន់​តែ​បង្ហើប​យ៉ាង​ខ្លី​ថា បាន​ធ្វើ​ការ​ពិភាក្សា ទៅ​លើ​ការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​ជាតិ​ជាច្រើន។

យ៉ាង​ណា​ក៏​ដោយ គណបក្ស​ទាំង​ពីរ បាន​ប្រកាស​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន បន្ទាប់​ពី​កិច្ច​ប្រជុំ​រយៈ​ពេល​ប្រមាណ ៣ ម៉ោង​នោះ​ថា កិច្ច​ពិភាក្សា បាន​សម្តែង​នូវ​ឆន្ទៈ​នយោបាយ​រឹង​មាំ ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ ចំពោះ​ភាព​ជាប់​គាំង​ខាង​នយោបាយ ចាប់​តាំង​ពី​ការ​បោះឆ្នោត​ថ្ងៃ​ទី ២៨ ខែ កក្កដា ហើយ​សង្ឃឹម​ថា នឹង​អាច​បើក​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ដំបូង នៅ​សប្តាហ៍​ក្រោយ។

កិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​កើត​មាន​អំពើ​ហិង្សា​ធ្ងន់​ធ្ងរ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ដែល​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់​និង​ជាច្រើន​នាក់​ទៀត​រង​របួស​ធ្ងន់។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ជា​អធិបតី ក្នុង​ការ​ចរចា​នយោបាយ​ថ្នាក់​កំពូល កាល​ពី​ម្សិលមិញ​នេះ ដូច​កាល​ពី​ថ្ងៃ​ចន្ទ​ដែរ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ បន្ទាប់​ពី​កិច្ច​ប្រជុំ​បិទ​ទ្វារ ដែល​ផ្តល់​ដោយ​លោក ប្រាក់ សុខុន អ្នក​នាំ​ពាក្យ​កិច្ច​ប្រជុំ ខាង​ភាគី​គណបក្ស​ប្រជាជន និង​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា​គ្មាន​ដំណោះស្រាយ​ពិត​ប្រាកដ អំពី​កិច្ច​ពិភាក្សា​នេះ​ទេ ហើយ​ថា គណបក្ស​ទាំង​ពីរ បាន​សម្រេច​ចិត្ត​ដក​ខ្លួន ដើម្បី​ធ្វើ​កិច្ច​ពិភាក្សា​ផ្ទៃ​ក្នុង​គណបក្ស មុន​ពេល​វិល​ត្រឡប់​មក​ជួប​ប្រជុំ​ជា​ថ្មី​ម្តង​ទៀត។

លោក យឹម សុវណ្ណ បាន​ថ្លែង​ថា៖ «មេ​ដឹក​នាំ​ជាន់​ខ្ពស់ នៃ​គណបក្ស ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ប្រជុំ​ថ្ងៃ​ទី ២ ហើយ​យើង​មាន​កិច្ច​ពិភាក្សា​យ៉ាង​ល្អិត​ល្អន់ ដើម្បី​ស្វែង​រក​ចំណុច​រួម​ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់ៗ ដែល​ជា​ផល​ប្រយោជន៍​ជាតិ ហើយ​ចន្លោះ​ធំ នៅ​តែ​មាន​អំពី​ការ​ពិភាក្សា ទៅ​លើ​បញ្ហា​ការ​ធ្វើ​កំណែ​ទម្រង់ លើ​ស្ថាប័ន​ជាតិ​សំខាន់ៗ​ជាច្រើន។

យើង បាន​ធ្វើ​កិច្ច​ពិភាក្សា​ដោយ​យោគ​យល់​គ្នា និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពិចារណា​អំពី​ផល​ប្រយោជន៍​ជាតិ»។ លោក សុវណ្ណ និង លោក សុខុន និយាយ ដូចគ្នា​ថា គ្មាន​ការ​ព្រម​ព្រៀង​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​បាន​ខិត​ជិត​លើ​បញ្ហា​ជាច្រើន ដែល​ត្រូវ​ធ្វើ​កំណែ​ទម្រង់ ប៉ុន្តែ​អ្នក​ទាំង​ពីរ បាន​បដិសេធ​មិន​បញ្ចេញ​ព័ត៌មាន​លម្អិត អំពី​កំណែ​ទម្រង់​ទៅ​លើ​ស្ថាប័ន​អ្វី​ឡើយ ដោយ​សំអាង​ថា បញ្ហា​នេះ មិន​ទាន់​សម្រេច​បាន ១០០ ភាគរយ នៅ​ឡើយ។ លោក សុវណ្ណ បាន​បញ្ជាក់​ថា៖ «យើង​នៅ​តែ​សង្ឃឹម​ថា នឹង​បំបែក​ភាព​ជាប់​គាំង​នយោបាយ​នេះ ខណៈ​ដែល​យើង​កំពុង​ដក​ដង្ហើម»។

130918_05a
មេដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ពេលចេញពីកិច្ចប្រជុំបិទទ្វារនៅរដ្ឋសភា កាលពីថ្ងៃម្សិលមិញ ហេង ជីវ័ន

លោក ប្រាក់ សុខុន បាន​ថ្លែង​ថា គណបក្ស​ទាំង​ពីរ នឹង​បន្ត​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​គ្រប់​ថ្នាក់ ដើម្បី​ឆ្ពោះ​ទៅ​មុខ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ។ លោក​បាន​បន្ថែម​ថា៖ «យើង​មិន​អាច​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​ទេ នៅ​ថ្ងៃ​នេះ ព្រោះ​យើង​មិន​ទាន់​ព្រម​ព្រៀង​គ្នា ១០០ ភាគរយ ដូច្នេះ យើង​ដក​ខ្លួន​ទៅ​ពិភាក្សា​ផ្ទៃ​ក្នុង​គណបក្ស ដើម្បី​ពិចារណា លើ​គម្លាត​បញ្ហា ដែល​យើង​បាន​ពិភាក្សា។ ឥឡូវ​នេះ យើង​កំពុង​ឆ្ពោះ​ទៅ​ដោះស្រាយ​បញ្ហា ប៉ុន្តែ​យើង​ត្រូវ​ការ​ពេល​បន្ថែម​ទៀត​»។ លោក​បាន​បន្ថែម​ថា គណបក្ស​ទាំង​ពីរ នឹង​វិល​ត្រឡប់​មក​ចរចា​គ្នា ដើម្បី​រក​ដំណោះស្រាយ និង​រូបមន្ត​រួម​ដើម្បី​ដោះស្រាយ​បញ្ហា។

លោក សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក៏​បាន​ចូល​រួម​កិច្ច​ពិភាក្សា កាលពី​ម្សិលមិញ​ដែរ ក៏​បាន​បដិសេធ មិន​ព្រម​ធ្វើ​អត្ថាធិប្បាយ អំពី​បញ្ហា ដែល​ត្រូវ​បាន​លើក​យក​ទៅ​ពិភាក្សា​នោះ​ដែរ។ ទោះ​ជា​យ៉ាង​ណា លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា យើង​មាន​អារម្មណ៍​ថា យើង​មាន​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ល្អ​ប្រសើរ»។

ទោះ​ជា​យ៉ាង​ណា អ្នក​វិភាគ​នយោបាយ​បាន​សម្តែង​ការ​ខក​ចិត្ត ចំពោះ​ការ​លាក់​ព័ត៌មាន នៃ​កិច្ច​ពិភាក្សា របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។

លោក បណ្ឌិត សុខ ទូច អ្នក​វិភាគ​នយោបាយ​ឯករាជ្យ បាន​ថ្លែង​ថា ក្រុម​អ្នក​នយោបាយ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​មិន​ត្រូវ​គ្នា ពួក​គេ​បាន​បើក​កកាយ ប្រកូក​ប្រកាស ពី​បញ្ហា​ទាំង​ឡាយ ប្រាប់​ប្រជា​ពលរដ្ឋ ប៉ុន្តែ​ដល់​ពេល​ដែល​ពួក​គេ​ត្រូវ​គ្នា បែរ​ជា​នាំ​គ្នា​លាក់​ព័ត៌មាន មិន​ប្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​ដឹង​។ លោក​ថ្លែង​ថា៖ «ហេតុ​អ្វី​ត្រូវ​នាំ​គ្នា​ខ្សឹប​ខ្សៀវ ស្ងាត់​ស្ងៀម...បើ​ចរចា​កាត់​ដី​ឲ្យ​យួន ឲ្យ​សៀម​ទៅ​ត្រូវ​លាក់ ប៉ុន្តែ​នេះ ចរចា​ពី​បញ្ហា​របស់​ជាតិ​ហេតុ​អ្វី​ត្រូវ​លាក់»។

ទាក់​ទង​ទៅ​នឹង​ព័ត៌មាន ដែល​ថា គណបក្ស​ទាំង​ពីរ បាន​ពិភាក្សា​ពី​ការ​ធ្វើ​កំណែ​ទម្រង់ ទៅ​លើ ស្ថាប័ន​ជាតិ លោក សុខ ទូច បាន​លើក​ឡើង​ថា ស្ថាប័ន​ជាតិ​សំខាន់ៗ ដែល​ចាំបាច់ ត្រូវ​ធ្វើ​កំណែ​ទម្រង់​នោះ​គឺ​ស្ថាប័ន​រដ្ឋសភា តុលាការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ស្ថាប័ន​ការពារ​ជាតិ ដែល​មិន​ត្រូវ​ឲ្យ​ស្ថិត​នៅ​ក្រោម​គណបក្ស​នយោបាយ​ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ។

លោក​បញ្ជាក់​ថា៖ «តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ស្ថាប័ន​នីតិប្បញ្ញត្តិ (រដ្ឋសភា) និង​តុលាការ ត្រូវ​តែ​ឯករាជ ពី​ស្ថាប័ន​នីតិប្រតិបត្តិ (រដ្ឋាភិបាល) ប៉ុន្តែ​បច្ចុប្បន្ន ស្ថាប័ន​ទាំង​នេះ​មិន​ឯករាជ្យ​ទេ។ មន្ត្រី​គណបក្ស​កាន់​អំណាច​ខ្លះ ធ្វើ​ការ​នៅ​ក្នុង​រដ្ឋសភា​ផង និង​នៅ​ក្នុង​រដ្ឋាភិបាល​ផង...ធ្វើ​ម៉េច​និង​ឯករាជ្យ»។ លើស​ពី​នេះ​ទៀត លោក សុខ ទូច បាន​បន្ថែម​ថា អ្នក​តំណាង​រាស្ត្រ ក៏​ត្រូវ​តែ​ធ្វើ​ឲ្យ​ឯករាជ្យ​ពី​គណបក្ស​នយោបាយ​របស់​ពួក​គេ​ផង​ដែរ ដើម្បី​ឲ្យ​ពួក​គេ អាច​មាន​លទ្ធភាព​គ្រប់​គ្រាន់ ដើម្បី​បម្រើ​ម្ចាស់​ឆ្នោត។

ចំណែក​លោក​ស្រី ជា វណ្ណាត អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ម្នាក់​ទៀត បាន​ថ្លែង​ថា ជំហរ​របស់​គណបក្ស​ទាំង​ពីរ នៅ​ពេល​នេះ​គឺ​អាច​ដើរ​ចេញ​ពី​វិបតិ្ត។ លោក​ស្រី ជា វណ្ណាត បាន​បន្ត​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ដំណើរការ​នៃ​កិច្ច​ពិភាក្សា ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​ពីរ នឹង​រក​ផ្លូវ​ចេញ​បាន ហើយ​នឹង​នាំ​មក​នូវ​ប្រព័ន្ធ​ត្រួត​ពិនិត្យ និង​តុល្យភាព​អំណាច នៅ​ក្នុង​អំឡុង​អាណតិ្ត​ទី ៥ នៃ​រដ្ឋសភា​នេះ»៕ TK

រាយការណ៍​បន្ថែម​ដោយ សូ វិសាល និង ឃុត សុភចរិយា

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ