Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រទះ​ឃើញ​សព​យុវជន​បក្ស​សង្គ្រោះ​ជាតិ​ក្នុង ទន្លេសាប

ប្រទះ​ឃើញ​សព​យុវជន​បក្ស​សង្គ្រោះ​ជាតិ​ក្នុង ទន្លេសាប

130919_09a
យុវជនគាំទ្រគណបក្សសង្គ្រោះជាតិ ពេលធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃអាទិត្យ ម៉ៃ វីរៈ

កណ្តាលៈ យុវជន​ម្នាក់ ដែល​កាត់សក់ លេង​ស្ទីល​ដាក់​សញ្ញា​លេខ ៧ ហើយ​តែង​តែ​ចូល​រួម​យ៉ាង​សកម្ម នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​ចេញ​ពី​ផ្ទះ មក​ចូល​រួម​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សាក​សព ក្នុង​ទឹក​ទន្លេសាប​កាល​ពី​ថ្ងៃ​អង្គារ ដោយ​សាកសព​មាន​សភាព​ហើម​ជាប់​ចំណង និង​មាន​ស្នាម​វាយ។

លោក ញ៉ែម សារឿន ឪពុក​សព​យុវជន ញ៉ែម បញ្ញា អាយុ ១៩ ឆ្នាំ បាន​ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា សព​កូន​ប្រុស​របស់​លោក​ត្រូវ​បាន​គេ​ប្រទះ​ឃើញ ក្នុង​ទឹក​ទន្លេ​សាប ក្បែរ​ភូមិ ព្រែកតាព្រុំ ឃុំ កំពង់អុស ស្រុក ពញាឮ កាល​ពី​ថ្ងៃទី ១៧ កញ្ញា ក្នុង​សភាព​ហើម​មុខ​មើល​សឹង​លែង​ស្គាល់​ដោយ​ដៃ​ទាំង​ពីរ​ជាប់​ចំណង​ចង​ទៅ​មុខ ឯ​ជើង​ម្ខាង ក៏​មាន​ចង​ខ្សែ​ផង​ដែរ។ ចំណែក​ក្បាល​មាន​ស្នាម​វាយ​ឡើង​ហើម។

បើ​តាម​លោក សារឿន បញ្ញា បាន​សុំ​លោក និង​ម្តាយ​របស់​គេ មក​ចូល​រួម​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​អាទិត្យ ពីព្រោះ​ក្រុម​គ្រួសារ​លោក គឺជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ។ លោក​ឲ្យ​ដឹង​ថា បញ្ញា គឺជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ភូមិ ព្រែកតាព្រុំ ដែល​តែង​តែ​លេច​ធ្លោ​ក្នុង​ភូមិ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ចូល​រួម​បាតុកម្ម។

លោក សារឿន បាន​ថ្លែង​ទៀត​ថា៖ «កូន របស់​ខ្ញុំ វា​ចេញ​បាត់​ពី​ផ្ទះ​ទៅ​តាំង​ពី​ថ្ងៃ ១៥ ហើយ​ឃើញ​សព​ថ្ងៃ ១៧។ កូន​ខ្ញុំ ជា​សកម្មជន​បក្ស​សង្ក្រោះ​ជាតិ សូម្បី​តែ​ក្បាល​ក៏​កាត់​សក់​ដាក់​លេខ ៧ ដែរ​។ ឯ​រឿង​ស្លាប់​នេះ មិន​ដឹង​ជា​រឿង​អ្វី​ទេ យើង​មិន​អាច​ទាន់​វាយតម្លៃ​បាន​ថា យ៉ាង​ម៉េច​បាន​ឡើយ»។

សព​យុវជន បញ្ញា ត្រូវ​បាន​នគរបាល​និង​គ្រួសារ បូជា កាល​ពី​យប់​ថ្ងៃ ទី១៧ កញ្ញា ហើយ​ឪពុក​សព បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​មិន​បាន​អើពើ​អ្វី​ឡើយ​គ្រាន់​តែ​មក​ធ្វើ​កំណត់​ហេតុ​យ៉ាង​លឿន រួច​ក៏​ត្រឡប់​ទៅ​វិញ។

បើ​តាម​ប្រភព​ជាច្រើន ស្រុក ពញាឮ គឺជា​សមរភូមិ​ក្តៅ​មួយ ដែល​តែង​តែ​កើត​មាន​រឿង​ប្រទូស្តរ៉ាយ​គ្នា រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ខែ កក្កដា។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ភូមិ ព្រែកតាព្រុំ លោក ឡាច នាង អាយុ ៥៣ ឆ្នាំ បញ្ជាក់​ថា យុវជន បញ្ញា បាន​ចូល​រួម​ធ្វើការ​ជាច្រើន បម្រើ​ឲ្យ​បក្ស​ក្នុង​ភូមិ ដោយ​តែង​នាំ​មុខ​គេ ចេញ​មុខ​ធ្វើ​បាតុកម្ម និង​ហែ​ក្បួន​ឃោសនា​ជាដើម​។ ប៉ុន្តែ​លោក​ក៏​មិន​ដែល​ចាប់​អារម្មណ៍​ថា មាន​អ្នក​មាន​គំនុំ​ជាមួយ​យុវជន​រូប​នេះ​ទេ។

លោក​បាន​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​គិត​ថា អាជ្ញាធរ គេ​មិន​សូវ​អើពើ​ទេ ដោយ​សារ​បញ្ញា ជា​សកម្មជន​បក្ស​សង្ក្រោះ​ជាតិ​។ នគរបាល​ប៉ុស្តិ៍ មក​មួយ​ភ្លែត ក៏​ទៅ​វិញ​បាត់ ខ្ញុំ​យល់​ថា ប៉ូលិស​មិន​ចង់​ធ្វើ​ការ​តែ​ម្តង»។

ទោះ​យ៉ាង​ណា ក្រុម​គ្រួសារ កំពុង​ស្វែង​រក​ព័ត៌មាន​ដើម្បី​ដាក់​ពាក្យ​បណ្តឹង ឲ្យ​សមត្ថកិច្ច​ជួយ​ស៊ើប​អង្កេត​វែក​មុខ​ឃាតក។

មន្ត្រី នគរបាល​ប៉ុស្តិ៍​ឃុំ កំពង់អុស ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ចុះ​ទៅ​សួរ​នាំ​នៅ​ផ្ទះ​សព បាន​អះអាង​ថា យុវជន បញ្ញា គឺជា​យុវជន​ធម្មតា ជា​អ្នក​ដើរ​លេង​ច្រើន មិន​សូវ​ចូល​ផ្ទះ មិន​មែន​ជា​សកម្មជន​បក្ស​នយោបាយ​អ្វី​ឡើយ។

លោក​ថ្លែង​ថា៖ «គាត់​មិន​មែន​សកម្មជន​សង្គ្រោះ​ជាតិ​អី​ទេ​ក្មេង​ហ្នឹង​ដើរ​លេង​ច្រើន អត់​សូវ​នៅ​ផ្ទះ អ៊ីចឹង​អាច​មាន​គំនុំ​ជាមួយ​អ្នក​ដទៃ។ តែ​យើង​មិន​ដឹង​ថា គាត់​ស្លាប់​ដោយ​រឿង​អី​ឡើយ​តែ​សព​ហើម​មុខ​អណ្តែត​ទឹក»។

លោក អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត កណ្តាល បាន​ថ្លែង​ថា លោក​មិន​មាន​ព័ត៌មាន​បន្ថែម​ឡើយ លើ​ករណី​សាក​សព​នេះ ប៉ុន្តែ​ថា សព​នេះ​បាន​ស្លាប់​មក​ពី​កន្លែង​ផ្សេង និង​ត្រូវ​អណ្តែត​តាម​ទឹក​មក​ក្នុង​ទឹក​ដី​ខេត្ត កណ្តាល។ លោក​មិន​បាន​បញ្ជាក់​ពី​មូលហេតុ នៃ​ការ​ស្លាប់​ឡើយ​ដោយ​ជំរុញ​ឲ្យ​សាក​សួរ​ស្នងការ​រង ដែល​មិន​អាច​ទាក់​ទង​បាន។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត កណ្តាល លោក អ៊ូ ចន្ទរិទ្ធ បាន​ឲ្យ​ដឹង​ថា លោក​ទើប​ទទួល​ព័ត៌មាន​នេះ ហើយ​ទុក​ឲ្យ​អាជ្ញាធរ​ជំនាញ​ស៊ើប​អង្កេត ថា​តើ​ការ​សម្លាប់​នេះ ទាក់​ទង​រឿង​នយោបាយ​ឬ​រឿង​គំនុំ​ផ្ទាល់​ខ្លួន។

លោក អំ សំអាត ទីប្រឹក្សា​បច្ចេកទេស អង្គការ​សិទ្ធិ​មនុស្ស លីកាដូ បាន​ឲ្យ​ដឹង​ថា អង្គការ​របស់​លោក​នឹង​ចុះ​ទៅ​ធ្វើការ​ស៊ើប​អង្កេត​លើ​ករណី​ការ​សម្លាប់​ខាង​លើ នៅ​ថ្ងៃ​នេះ៕

0

Comments

Please, login or register to post a comment