Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សង្គម​ស៊ីវិល​ស្នើ​ព្រះ​មហាក្សត្រ​ពន្យារ​ប្រជុំ​សភា​ដើម្បី​ចរចា​បន្ត

សង្គម​ស៊ីវិល​ស្នើ​ព្រះ​មហាក្សត្រ​ពន្យារ​ប្រជុំ​សភា​ដើម្បី​ចរចា​បន្ត

130919_06
ថ្នាក់ដឹកនាំកំពូលគណបក្សជាប់ឆ្នោតទាំងពីរចាប់ដៃគ្នា ក្នុងជំនួបចរចាលើកទី២នៅរដ្ឋសភា ហេង ជីវ័ន

ភ្នំពេញៈ ខណៈ​ដែល​ព្រះ​មហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ពុធ បាន​ជំរុញ​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​នៃ​គណបក្ស​ប្រឆាំង​ឲ្យ​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​បើក​រដ្ឋសភា​ថ្មី​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ ទី២៣ ខែ កញ្ញា ក្រុម​សង្គម​ស៊ីវិល​បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​នឹង​អំពាវនាវ​ដល់​ព្រះ​បរម​រាជវាំង​ទុក​ពេល​បន្ថែម​សម្រាប់​គណបក្ស​នយោបាយ​ចរចា​គ្នា។

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ប្រជុំ​តទល់​គ្នា​ចំនួន​ពីរ​លើក​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ស្វែង​រក​ចំណុច​រួម ខណៈ​ដែល​ថ្ងៃ​កំណត់​បង្កើត​រដ្ឋាភិបាល​កំពុង​តែ​ខិត​ជិត​មក​ដល់។

កិច្ច​ប្រជុំ​លើក ទី១ បាន​ចេញ​សេចក្តី​ប្រកាស​រួម​ដែល​បាន​សន្យា​ថា​នឹង​ធ្វើ​កំណែ​ទម្រង់​ដល់ ដំណើរការ​បោះឆ្នោត ចំណែក​ឯ​កិច្ច​ប្រជុំ​លើក ទី២ ពុំ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ទេ ដោយ​គណបក្ស​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​កិច្ច​ពិភាក្សា​ផ្ទៃ​ក្នុង​មុន​ពេល​រៀបចំ​កិច្ច​ប្រជុំ​ថ្មី​ទៀត។

រហូត​មក​ដល់​ពេល​នេះ គណបក្ស​ប្រឆាំង​បាន​អះអាង​ថា ការ​ធ្វើ​ពហិការ​ប្រជុំ​សភា​នៅ​ថ្ងៃ​ចន្ទ​នោះ នៅ​តែ​អាច​កើត​ឡើង។

ព្រះ​មហាក្សត្រ បាន​ឡាយ​ក្នុង​រាជសារ​ថា ៖ «យោង​តាម​មាត្រា ៨២ នៃ​រដ្ឋ​ធម្មនុញ្ញ ខ្ញុំ​សូម​ជម្រាប​ជូន​ឯកឧត្តម និង​លោក​ជំទាវ​ទាំង​អស់​មេត្តា​ជ្រាប​ថា ខ្ញុំ​នឹង​យាង​ជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់​ខ្ពស់ ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល ទី៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃ ទី២៣ ខែ កញ្ញា ឆ្នាំ ២០១៣។ ខ្ញុំ​សូម​ឯកឧត្តម និង​លោក​ជំទាវ​មេត្តា​អញ្ជើញ​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា ដើម្បី​បង្ហាញ​នូវ​ការ​រួបរួម​និង​ឯកភាព​ជាតិ»។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ពុធ​ថា គណបក្ស​បាន​ទទួល​ព្រះ​រាជសារ​អញ្ជើញ​ដោយ​ព្រះ​មហាក្សត្រ​រួច​ហើយ ប៉ុន្តែ នៅ​មិន​ទាន់​ច្បាស់​ទេ ហើយ​វា​អាស្រ័យ​លើ​អ្នក​គាំទ្រ​ជា​អ្នក​សម្រេច។

លោក យឹម សុវណ្ណ បាន​ថ្លែង​ថា ៖ «ថា​តើ​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​ដំបូង​រដ្ឋសភា ឬ​អត់ អាស្រ័យ​លើ​ឆន្ទៈរបស់​ប្រជាជន [អ្នក​គាំទ្រ​យើង] ហើយ​រហូត​មក​ដល់​ពេល​នេះ ប្រជាជន [បាតុករ] បាន​ប្រាប់​យើង​កុំ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ ប្រសិន​បើ​គ្មាន​យុតិ្តធម៌​ជូន​ពួកគេ​ទេ​នោះ។ យើង​កំពុង​រង់​ចាំ​មើល​ប៉ុន្មាន​ថ្ងៃ​ទៀត»។

លោក ជាម យៀប តំណាង​រាស្រ្ត​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា គណបក្ស​កាន់​អំណាច​បន្ត​អនុវត្ត​តាម​ព្រះ​រាជ​ណែនាំ​របស់​ព្រះ​មហាក្សត្រ ហើយ​នឹង​គ្មាន​ឧបសគ្គ​ទេ បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ​ក៏​ដោយ។

លោក​បាន បន្ថែម​ថា គណបក្ស​អាច​យក​អាសនៈ​របស់​គណបក្ស​ប្រឆាំង​ដោយ​ស្រប​ច្បាប់ ប្រសិន​បើ​គណបក្ស​ប្រឆាំង​បដិសេធ​មិន​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋសភា នៅ​ថ្ងៃ​ចន្ទ​នោះ ដែល​ការ​យក​អាសនៈ​នេះ​ត្រូវ​បាន​អ្នក​វិភាគ និង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​យល់​ថា មិន​អាច​ធ្វើ​ដោយ​ស្រប​ច្បាប់​ឡើយ។

ទោះ​ជា​យ៉ាង​ណា ក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល ២ ថ្ងៃ​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្យា​ថា នឹង​ជួប​ប្រជុំ​ម្តង​ទៀត នៅ​មុន​ថ្ងៃ​កំណត់​ប្រជុំ​សភា​ដំបូង​ថ្ងៃ​ទី ២៣ ខែ កញ្ញា។

លោក​ស្រី ជា វណ្ណាត អ្នក​វិភាគ​នយោបាយ បាន​ព្យាករ នៅ​ថ្ងៃ​ពុធ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​អាច​ធ្វើ​ពហិការ​សម័យ​ប្រជុំ​ដំបូង​ទេ ព្រោះ​គណបក្ស​នៅ​មាន​ពេល​វេលា​ច្រើន​ទៀត ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ចុង​ក្រោយ។

លោក​ស្រី ជា វណ្ណាត បាន​បន្ថែម​ថា ៖ «បើ​ទោះ​បី​ជា​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទោរទន់​ទៅ​តាម​អ្នក​គាំទ្រ​គណបក្ស ប៉ុន្តែ ខ្ញុំ​សង្ឃឹម​ថា គណបក្ស​នេះ​នឹង​មិន​ធ្វើ​ពហិការ​ក្នុង​សម័យ​ប្រជុំ​ដំបូង​បើក​រដ្ឋសភា​ឡើយ បើ​មិន​ដូច្នោះ​ទេ គណបក្ស​នឹង​ត្រូវ​បាន​ចោទ​ថា មិន​គោរព​ព្រះ​មហាក្សត្រ​ដែល​ជា​ស្ថាប័ន​កំពូល»។

លោក យឹម សុវណ្ណ និង​អ្នក​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា កិច្ច​ប្រជុំ​បិទ​ទ្វារ​រវាង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង និង​តំណាង​មក​ពី​អង្គការ​សង្គម​ស៊ីវិល​ជាង ២០ បាន​រៀបចំ​ពី​ម្សិលមិញ ដើម្បី​ពិភាក្សា​អំពី​ដំណោះស្រាយ​ចំពោះ​ភាព​ជាប់​គាំង​ក្រោយ​ការ​បោះឆ្នោត។

លោក គល់ បញ្ញា នាយក​អង្គការ ខុម ហ្វ្រែល បាន​ថ្លែង​ថា៖ «វា​ជា​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ។ គេ​ស្នើ​ឲ្យ​យើង​ផ្តល់​ជា​អនុសាសន៍»។

លោក ហង្ស ពុទ្ធា នាយក​ប្រតិបតិ្ត​នៃ​អង្គការ និចហ្វិក និង​លោក យេង វីរៈ នាយក​ប្រតិបតិ្ត​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន ថ្លែង​ថា ក្រុម​សង្គម​ស៊ីវិល​ជាង ៤០ នឹង​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ឲ្យ​ពន្យារ​ការ​ប្រជុំ​រដ្ឋសភា​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ចរចា​បន្ថែម​ទៀត។

លោក ហង្ស ពុទ្ធា បាន​ថ្លែង​ថា៖ «យើង​អំពាវនាវ​ដល់​ស្ថាប័ន​ដទៃ​ទៀត ដែល​មាន​គោល​គំនិត​ដូច​គ្នា​នឹង​អង្គការ​មិន​មែន​រដ្ឋាភិបាល​របស់​យើង រួម​គ្នា​សរសេរ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ ដើម្បី​ស្នើ​សុំ​ការ​ពន្យារ​ពេល ... [ដើម្បី​យើង​អាច​មាន] ឯកភាព​ជាតិ​ជា​មុន​សិន»។

យោង​តាម​លោក យ៉េង វីរៈ បាន​ឲ្យ​ដឹង​ថា ថ្ងៃ​កំណត់​កោះ​ប្រជុំ​រដ្ឋសភា ត្រូវ​បាន​បកស្រាយ​ដោយ​ខុស​ឆ្គង។

លោក​បាន​បញ្ជាក់​ថា៖ «យើង​គិត​ថា នៅ​មាន​ពេល ... មិន​ចាំ​បាច់​ប្រញាប់​ទេ...៦០ ថ្ងៃ [ដើម្បី​បង្កើត​រដ្ឋសភា] គឺ​សំដៅ​លើ ៦០ថ្ងៃ បន្ទាប់​ពី​ប្រកាស​លទ្ធផល​ផ្លូវ​ការ មិន​មែន ៦០ ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​នោះ​ទេ»។

អង្គការ​សង្គម ស៊ីវិល​ក៏​បាន​ស្នើ​បង្កើត​គណៈកម្មការ​ផ្ទាល់​ខ្លួន ដើម្បី​ស៊ើប​អង្កេត​ការ​បោះឆ្នោត ជំនួស​គណៈកម្មការ​ចម្រុះ​ឯករាជ្យ ដែល​បាន​ស្នើ​បង្កើត​ជា​យូរ​មក​ហើយ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដែល​អ្នក​វិភាគ​និយាយ​ថា ឥឡូវ​នេះ មិន​អាច​ធ្វើ​ទៅ​បាន​នោះ។

លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​ថា សម្ព័ន្ធ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ដែល​បាន​ជួប​ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ម្សិលមិញ ដែល​ហៅ​ថា បន្ទប់​ស្ថានការណ៍ នឹង​ស្នើ​សុំ​គណបក្ស​ទាំង​ពីរ​គាំទ្រ​គណៈកម្មការ​របស់​ខ្លួន។

លោក​បន្ត​ថា ៖ «ប្រសិន​បើ​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ទេ​នោះ សង្គម​ស៊ីវិល​អាច​បង្កើត​គណៈកម្មការ​ផ្ទាល់​ខ្លួន​នឹង​ស្នើ គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព ហើយ​យើង​នឹង​ធ្វើ​ការ​ដោយ​តម្លាភាព»។

ក្នុង​ការ​ឆ្លើយ​តប​ដែល​មិន​ច្បាស់​មួយ កាល​ពី​ម្សិលមិញ​ថា ទាក់​ទង​នឹង​សំណួរ​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​សំណើ​នោះ​ឬ យ៉ាង​ណា? លោក យឹម សុវណ្ណ ថ្លែង​ថា អង្គការ​សង្គម​ស៊ីវិល​បាន​ផ្តល់​អនុសាសន៍​ជា​ច្រើន​ដើម្បី​រក​ដំណោះស្រាយ ចំពោះ​ភាព​ជាប់​គាំង។

លោក​បន្ត​ថា ៖ «សង្គម​ស៊ីវិល គេ​មាន​គំនិត​គេ និង​អ្វី​ដែល​គេ​ចង់​ធ្វើ។ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​អ្វី​ដែល​ល្អ​សម្រាប់​ជាតិ អ្វី​ដែល​ជា​ផល​ប្រយោជន៍​ប្រជាជន និង​អ្វី​ដែល​ផ្តល់​យុតិ្តធម៌​ដល់​អ្នក​បោះឆ្នោត»។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ម្សិលមិញ​ដែរ​នោះ បដិសេធ​មិន​ផ្តល់​សេចក្តី​លម្អិត​អំពី​អ្វី​ដែល​បាន​ពិភាក្សា​ទេ ប៉ុន្តែ លោក​បាន​លើក​ឡើង​ថា បន្ទប់​ស្ថានការណ៍​មាន​ផែនការ​រៀបចំ​កិច្ច​ប្រជុំ​ដូច​គ្នា ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា៕ TK

រាយការណ៍​បន្ថែមៈ Kevin Ponniah និង Shane Worrell

0

Comments

Please, login or register to post a comment