Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សេចក្តី​ព្រាង​មួយ​ថា បក្ស​ប្រជាជន​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​រដ្ឋ​មន្ត្រី ១០ រូប

សេចក្តី​ព្រាង​មួយ​ថា បក្ស​ប្រជាជន​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​រដ្ឋ​មន្ត្រី ១០ រូប

130920_02
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន នៅក្នុងកិច្ចពិភាក្សា ជាមួយគណបក្សសង្គ្រោះជាតិពីថ្ងៃអង្គារ ហេង ជីវ័ន

ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​រដ្ឋ​មន្រ្តី ១០ រូប​ក្នុង​ចំណោម​រដ្ឋ​មន្រ្តី​សរុប ២៤ រូប​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី៥ បន្ទាប់​ពី​គណបក្ស​នេះ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ក្នុង​អំឡុង​ការ​បោះឆ្នោត​ជាតិ កាល​ពី​ថ្ងៃ ទី២៨ កក្កដា។ នេះ​បើ​តាម​សេចក្តី​ព្រាង​មួយ​ដែល​មិន​បង្ហាញ​ប្រភព។

សេចក្តី​ព្រាង​នេះ​ដែល​ត្រូវ​បាន​ឃើញ​រយៈ​ពេល​មួយ​សប្តាហ៍​មក​ហើយ នៅ​ក្នុង​បណ្តាញ​សង្គម ហ្វេសប៊ុក និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក ដែល​បាន​រាយ​នាម​ឈ្មោះ​រដ្ឋ​មន្រ្តី ដែល​ត្រូវ​តែង​តាំង​ថ្មី​ដូចជា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្រ្តី​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អ៊ុក រ៉ាប៊ុន រដ្ឋ​មន្រ្តី​ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ លោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោក ប្រាក់ សុខុន រដ្ឋ​មន្រ្តី​ក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក​ស្រី ភឿង លក្ខិណា រដ្ឋ​មន្រ្តី​ក្រសួង វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ហង់ ជួនណារ៉ុង រដ្ឋ​មន្រ្តី​ក្រសួង អប់រំ យុវជន​និង​កីឡា លោក វង សូត រដ្ឋ​មន្រ្តី​ក្រសួង សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា លោក សាយ សំអាល់ រដ្ឋ​មន្រ្តី​ក្រសួង បរិស្ថាន លោក ស៊ុន ចាន់ថុល រដ្ឋ​មន្រ្តី​ក្រសួង ពាណិជ្ជកម្ម និង​លោក ចម ប្រសិទ្ធ រដ្ឋ​មន្រ្តី​ក្រសួង ឧស្សាហកម្ម រ៉ែ និង​ថាមពល។

លោក ប្រាក់ សុខុន ទីប្រឹក្សា​ផ្ទាល់ របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​អំពី​សេចក្តី​ព្រាង​នេះ និង​ការ​តែង​តាំង​លោក​ជា​រដ្ឋ​មន្រ្តី​ថ្មី​នោះ​ទេ។ លោក ស៊ុន ចាន់ថុល និង លោក វង សូត មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​ថ្លែង​ថា ឯកសារ​ណា​ក៏​ដោយ​ដែល​មិន​មាន​ហត្ថលេខា​គឺ​មិន​ផ្លូវ​ការ​ទេ។ លោក​បាន​ថ្លែង​បន្ត​ថា៖ ខ្ញុំ​ជឿ​ថា នឹង​មាន​កំណែ​ទម្រង់​មួយ​នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ ទី៥ ហើយ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ចំពោះ​ឯកសារ​ណា​មួយ​ដែល​មិន​មាន​ហត្ថលេខា​នោះ​ទេ»។

លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល បាន​ថ្លែង​ថា លោក​មិន​អាច​បញ្ជាក់​ថា សេចក្តី​ព្រាង​នោះ​ពិត​ជា​លេច​ធ្លាយ​ចេញ​ពី​គណបក្ស​ប្រជាជន​នោះ​ទេ។ លោក​បាន​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​មិន​អាច​បញ្ជាក់​អំពី​សេចក្តី​ព្រាង​ដែល​លេច​ធ្លាយ​ទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង ហ្វេសប៊ុក នោះ​ទេ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លួន​ឯង បាន​ធ្វើ​សេចក្តី​ព្រាង​ថ្នាក់​ដឹក​នាំ​គណៈ​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល អាណត្តិ ទី៥​រួច​ហើយ ហើយ​នៅ​ក្នុង​សេចក្តី​ព្រាង​នោះ​រដ្ឋ​មន្រ្តី​ភាគ​ច្រើន​គឺ​នៅ​ដដែល​[ដូច​ក្នុង​អាណត្តិ ទីបួន] ប៉ុន្តែ​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​នៅ​ក្នុង​ចំណោម​មន្រ្តី​ថ្នាក់​ទាប​ជាង​នេះ»។ លោក​បាន​អះអាង​ថា៖ «ការ​ផ្លាស់​ប្តូរ គឺ​រលូន និង​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ទៅ​តាម​សារ​របស់​ប្រជាជន​[ដែល​បោះឆ្នោត ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា]»។ ប៉ុន្តែ​លោក​បាន​បដិសេធ មិន​បញ្ចេញ​ឈ្មោះ រដ្ឋ​មន្រ្តី​ដែល​មាន​នៅ​ក្នុង​បញ្ជី​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្តូរ​នោះ​ទេ។

នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី២៨ កក្កដា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឈ្នះ​តែ ៦៨ អាសនៈ ប៉ុណ្ណោះ​ក្នុង​ចំណោម​អាសនៈ ១២៣ នៅ​ក្នុង​សភា ដែល​គណបក្ស​នេះ​បាន​ធ្លាក់​ចុះ​អាសនៈ​ចំនួន ២២ បើ​ប្រៀប​ធៀប​នឹង​អាសនៈ ៩០ ដែល​ខ្លួន​បាន​ឈ្នះ កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ ២០០៨។

ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ឈ្នះ​បាន ៥៥ អាសនៈ បាន​ធ្វើ​ការ​បញ្ជាក់​ជា​ថ្មី​ទៀត​កាល​ពី​ម្សិលមិញ​ថា ខ្លួន​នឹង​មិន​ចូល​រួម​ប្រជុំ​សភា​លើក​ដំបូង​នៅ​ថ្ងៃ ទី២៣ ខែ កញ្ញា ខាង​មុខ​នេះ​ទេ លុះ​ត្រា​ណា​តែ​គណៈកម្មការ​ឯករាជ្យ​មួយ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ស៊ើប​អង្កេត​រក​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​កាល​ពី​ខែ កក្កដា។

អ្នក​វិភាគ​នយោបាយ​លោក​ស្រី ជា វណ្ណាត បាន​ថ្លែង​ថា ការ​ផ្លាស់​ប្តូរ​រដ្ឋ​មន្រ្តី​នៅ​តាម​ក្រសួង គឺ​គ្មាន​អ្វី​ថ្មី​ទេ ដោយ​សារ​កំណែទម្រង់​នោះ បាន​ចាប់​ផ្តើម​តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៣។

លោក​ស្រី​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​គិត​ថា អ្វី​សំខាន់​បំផុត គឺ​កំណែ​ទម្រង់​នៅ​ក្នុង​រដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​មាន​តម្លាភាព គណនេយ្យភាព និង​ការ​ចូល​រួម​ទូលំ​ទូលាយ​ជាង​មុន​ពី​ប្រជាជន ដូច​ជា អាណត្តិ​មុន​វា​មិន​មាន​គណនេយ្យភាព​ជាក់​លាក់​នៅ​ក្នុង​រដ្ឋាភិបាល​ទេ នៅ​ពេល​មាន​បញ្ហា​ជម្លោះ​ដីធ្លី ពួក​គេ​បាន​រុញ​ការ​ទទួល​ខុស​ត្រូវ​ពី​ម្នាក់​ទៅ​ម្នាក់»៕ PS

0

Comments

Please, login or register to post a comment