Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​រារាំង​ព្រះសង្ឃ​និមន្ត​ទៅ​ធ្វើ​សមាធិ​នៅ​មុខ​វាំង

អាជ្ញាធរ​រារាំង​ព្រះសង្ឃ​និមន្ត​ទៅ​ធ្វើ​សមាធិ​នៅ​មុខ​វាំង

130920_01
មន្ត្រីនគរបាលម្នាក់នេះឈរនៅពីមុខរនាំងដែលដាក់ឃាំងផ្លូវជិតក្រសួងធម្មការ ខណៈព្រះសង្ឃជាច្រើនសមាធិបួងសួងសុំសន្តិភាពក្រោយពីការបោះឆ្នោត កាលពីថ្ងៃម្សិលមិញ រូប ហេង ជីវ័ន

ភ្នំពេញៈ ព្រះសង្ឃ​និង​ប្រជា​ពលរដ្ឋ​ជាង ២០០ នាក់​មក​ពី​តំបន់ បុរីកីឡា និង បឹងកក់ ត្រូវ​កង​សមត្ថកិច្ច​រាជធានី​រារាំង​មិន​ឲ្យ​និមន្ត​ចូល​ទៅ​ធ្វើ​សមាធិ ដើម្បី​សុំ​សន្តិភាព​និង​កុំ​ឲ្យ​មាន​អំពើ​ហិង្សា នៅ​មុខ​ព្រះអង្គ ដងកើ មុខ​ព្រះ​បរម​រាជវាំង​ទេ កាល​ពី​ម្សិលមិញ។

ព្រះសង្ឃ ប្រហែល ១៣០ អង្គ​បាន​និមន្ត​មក​ដល់​ត្រង់​របាំង​នោះ នៅ​ម៉ោង ៤:២០​នាទី ហើយ​បាន​គង់​តាំង​សមាធិ​នៅ​លើ​ផ្លូវ​បែក​ខាង​ត្បូង បន្ទាប់​ពី​ត្រូវ​រារំាំង​ក្បួន​ធម្មយាត្រា​ដោយ​កង​កម្លាំង​នគរបាល។ ភិក្ខុ​សង្ឃ​ទាំងអស់​បាន​គង់​ប្រហែល ៣០នាទី ដើម្បី​បួង​សួង​សុំ​សន្តិភាព​និង​សេរីភាព ប្រជាធិបតេយ្យ​ពិត​សម្រាប់​ជាតិ។

ព្រះសង្ឃ ខឹម សុខា ព្រះជន្ម ៣៣វស្សា នៅ​ភ្នំពេញ​មាន​ថេរដីកា​ថា៖ «យើង​សមាធិ​ដើម្បី​សន្តិភាព គ្មាន​អំពើ​ហិង្សា។ យើង​សម្តែង​ឆន្ទៈ​ដើម្បី​ឲ្យ​ព្រះ​មហាក្សត្រ​ទ្រង់​ជ្រាប​អំពី​ប្រជាជន​ដែល​ឈឺចាប់​និង​ក្តី​កង្វល់​របស់​ពួកគេ។ ការ​ឈឺចាប់​របស់​ប្រជាជន គឺជា​ការ​ឈឺចាប់​របស់​ព្រះ​មហាក្សត្រ»។

ព្រះអង្គ​មាន​ថេរដីកា​បន្ត​ថា៖ «យើង​រស់នៅ​ក្រោម​ម្លប់​របស់​ព្រះ​មហាក្សត្រ ហើយ​សូម​ព្រះអង្គ​នៅ​អព្យាក្រឹត និង​កុំ​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ​ណា»។

ព្រះសង្ឃ​ទាំង​អស់​មាន​បំណង​ទៅ​បួងសួង​នៅ​ព្រះអង្គ ដងកើ ប៉ុន្តែ​ត្រូវ​រារំាង​ផ្លូវ។ សង្ឃ​អង្គ​នេះ បន្ថែម​ថា វា​កំពុង​កើត​ជា​ទូទៅ​នៅ​កម្ពុជា​ហើយ​វា​ធ្លាក់​ចុះ​និង​បន្ថយ​ភាព រីក​ចម្រើន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ។

សង្ឃ​នាម កែវ សុម៉ាលី ព្រះជន្ម ៣២វស្សា មាន​ថេរដីកា​ថា ព្រះសង្ឃ​មក​ផ្តុំ​គ្នា​នៅ​ទី​នេះ​ដោយ​ឆន្ទៈ​ខ្លួន​ផ្ទាល់​ពុំ​ទទួល​បញ្ជា​ពី​បុគ្គល​ណា​ម្នាក់​ឡើយ។ ព្រះអង្គ​បន្ត​ថា៖ «យើង​ចង់​ផ្សព្វ​ផ្សាយ​អំពី​គុណធម៌​និង​សេចក្តី​ត្រាប្រណី ដល់​មេ​ដឹក​នាំ​ទាំង​អស់ ជា​ពិសេស​មេ​ដឹក​នាំ​ដែល​ញៀន​នឹង​អំណាច»។

ព្រះអង្គ​បន្ត​ថា៖ «យើង​មិន​ដែល​ប្រើ​ហិង្សា​ទេ។ សូម​ប្រកាន់​ខ្ជាប់​តាម​ព្រះ​មហាក្សត្រ​ជ័យវរ្ម័ន ទី៧ ដែល​មាន​បន្ទូល​ថា សេចក្តី​ទុក្ខ​របស់​ប្រជាជន​គឺជា​ដំបៅ​របស់​ព្រះអង្គ។ យើង​ធ្វើ​ដើម្បី​យុតិ្តធម៌​តែ​ប៉ុណ្ណោះ»។ ព្រះអង្គ​ជឿ​ថា ព្រះ​មហាក្សត្រ​នឹង​ដឹង​អំពី​ចំណុច​នេះ ហើយ​ព្រះអង្គ​នឹង​ធ្វើ​កិច្ចការ​ដើម្បី​យុតិ្តធម៌​នៅ​ថ្ងៃ​អនាគត។

មន្រ្តី​ប៉ូលិស​ម្នាក់​ថ្លែង​ថា លោក​បាន​ទទួល​បញ្ជា​ឲ្យ​យាម​និង​ដាក់​របាំង​រាំង​ផ្លូវ​នៅ​ទី​នោះ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​ដែល​ចុះ​អង្កេត​ព្រឹត្តិការណ៍ នោះ​ថ្លែង​ថា «វា​មិន​គួរ​រារាំង​លោក​ទេ គួរ​តែ​ឲ្យ​លោក​សម្តែង​ឆន្ទៈ ដើម្បី​ផ្តល់​សារ វា​មិន​បាន​ខុស​ច្បាប់​ឡើយ តែ​ជា​សកម្មភាព​ស្រប​នឹង​រដ្ឋធម្មនុញ្ញ និង ការ​តស៊ូ​មតិ​ដោយ​សន្តិវិធី»។​ជាមួយ​គ្នា​អ្នក បុរីកីឡា និង បឹងកក់ ជាង ១០០ នាក់ ក៏​មក​ផ្តុំ​គ្នា​នៅ​នឹង​របាំង​ទាំង​សង​ខាង​ដែរ។ មាន​ការ​គប់​គ្នា​នឹង​សម្បក​ផ្លែ​ឈើ​និង​ស្បែក​ជើង​តែ​គ្មាន​អ្នក​រង​របួស​ទេ៕ TK

0

Comments

Please, login or register to post a comment