ភ្នំពេញ: មក​ដល់​ថ្ងៃ​ទី ១១ ខែ​មករា​នេះ គឺជា​ថ្ងៃ​ទី ៧ ក្រោយ​ពី​ឪពុក​តារា​ចម្រៀង​វិវឌ្ឍ​ខ្លួន​ជា​អ្នក​គ្រប់គ្រង​ទូទៅ​ផលិតកម្ម​ថោន លោក ករុណា ពេជ្រ ឆ្លង​ផុត​ការ​វះកាត់​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ជោគ​ជ័យ នៅ​មន្ទីរពេទ្យ​ជប៉ុន​ដ៏ល្បី​នៅ​កម្ពុជា ជាមួយ​នឹង​ការ​សរសើរ​មន្ទីរពេទ្យ​ផ្អើល​អស់​ទាំង​អ្នក​សិល្បៈ។

តែ​ក្នុងការ​ទន្ទឹង​រង់ចាំ​សំឡេង​ឪពុក​នៅ​មិន​បន្លឺ​ឡើង​លុះ​វេលា ៧ ថ្ងៃ នៅ​មិន​ទាន់​លេច​ចេញ តារា​ចម្រៀង​លោក ករុណា ពេជ្រ ក៏​មិន​ស្ងប់​ក្នុង​អារម្មណ៍ ក៏​ស្រាប់​តែ​នឹក​ភ្នក​បែប​ជំនឿ​ដល់​កំហុស​អ​ចេតនា​របស់ ឪពុក លើ​ផ្នែក​អរូបិយ ដើរ​សែន​ថ្វាយ​ម្ចាស់​ទឹក​ម្ចាស់​ដី អារក្ខ​អ្នកតា មួយ​កន្លែង​ហើយ​ក៏​ស្ទុះ​ទៅ​មួយ​កន្លែង​ទៀត។

នៅ​ព្រឹក​ថ្ងៃទី ១១ ខែ​មករា ម្សិលមិញ​នេះ តារា​ចម្រៀង ដែល​បង្ហាញ​សកម្មភាព​កតញ្ញូ តប​គុណ​អ្នក​មាន​គុណ នៅ​មើល​ថែ​ឪពុក​គេង​លើ​គ្រែពេទ្យ រហូត​លាន់​មាត់​ខ្លួន​ឯង​បង្អួត​អ្នកគាំទ្រ​ថា «ពេល​នេះ​ដូច​យក​ពេទ្យ​ធ្វើ​ផ្ទះ» នោះ លោក ករុណា ពេជ្រ ក៏​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ផ្ទុះ​ក្តី​អាសូរ​បន្ថែម​ផងដែរ និង​រូបភាព​លោក​អង្គុយ​នៅ​ទី​វាល​ស្មៅ ក្នុង​ដៃ​កាន់​ធូប​ប្រណម នៅ​មុខ​មាន​តង្វាយ​ថ្វាយ​អារក្ខ​អ្នកតា ជាមួយ​នឹង​សារ​ជូន​ដំណឹង​ថា៖ «ធ្លាប់​តែ​មក​ជា​មួយ​ប៉ា ឥឡូវ​ប៉ា ឈឺ កូន​មក​សែន​ជំនួស​ប៉ា ម្នាក់ឯង ដើម្បី​លា​មាត់ លា​សម្តី ជាមួយ​ម្ចាស់​ទឹក​ម្ចាស់​ដី ហើយ​សូម​ម្ចាស់​ទឹក ម្ចាស់​ដី កុំ​ប្រកែ​ប្រកាន់​ប៉ា​ខ្ញុំ ហើយ​សូម​ឲ្យ​គាត់​បាន​ដឹង​ខ្លួន​ឆាប់ៗ បន្ទាប់​ពី​ទទួល​បាន​តង្វាយ​នេះ​ហើយ»។

ក្នុង​សារ​តារា​ចម្រៀង ដែល មិន​មាន​ចេតនា​បង្ហាញ​ពី​ទីតាំង គេ​ក៏​សង្កេត​ឃើញ អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​បង្ហាញ​សារ ជូនពរ​ឲ្យ​ឪពុក​តារា​ចម្រៀង លោក ករុណា ពេជ្រ ឲ្យ​រឹងមាំ ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ បន្ទាប់​ពី​មាន​ការ​បន់​ស្រន់​នេះ​រួច។

តែ​ក្នុងជំនួប​ជាមួយ ភ្នំពេញ ប៉ុស្តិ៍ តារា​ចម្រៀង​កាន់​តំណែង​ធំ​នៅ​ទ្រនំ​ថោន លោក ករុណា ពេជ្រ បាន​បង្ហាញ​ឲ្យ​ដឹង​ថា៖ «ទីតាំង​ដែល​ខ្ញុំ​យក​តង្វាយ​ទៅ​ថ្វាយ​អ្នកតា ថែរក្សា​នោះ ស្ថិត​នៅ​ក្នុង​ទឹកដី​ស្វាយជ្រំ ខាង​កើត​អរិយ​ក្សត្រ​ហ្នឹង​ទេ»។

លោក ករុណា ពេជ្រ ក៏បាន​បញ្ជាក់​ថា៖ «ទីនោះ​មិន​មែន​ទី​កំណើត​នៃ​សាច់​ញាតិ​ខ្ញុំ​ណា​ម្នាក់​ទេ តែ​មុន​នេះ​ឪពុក​ខ្ញុំ​គាត់​បាន​បន់​លក់​ដី ហើយ​ក៏​លក់​ដាច់ ហើយ​គាត់​ក៏បាន​សែន​ថ្វាយ​អ្នកតា​នៅ​ទីនោះ​ម្តង​ហើយ តែ​ខ្ញុំ​នៅ​មិន​អស់​ចិត្ត ក៏​រៀប​ធ្វើ​ម្តង​ទៀត»។

ទន្ទឹមនឹង​ដំណើរ​បែរបន់​នេះ​ផងដែរ លោក​ក៏​បង្ហើប​ពី​គម្រោង​ដើរ​លា​បំណន់​ភ្លាមៗ​ដែរ​ថា៖ «ហើយ​នៅ​ល្ងាច​នេះ​ខ្ញុំ​ក៏​បន្ត​ទៅ​រៀប​ធ្វើ​ពិធី​នេះ​នៅ​បាត់ដឹង ឧដុង្គ កំពង់ស្ពឺ មួយ​កន្លែង​ទៀត ព្រោះ​ទីនោះ​គ្រួសារ​ខ្ញុំ​ក៏បាន​ចាក់​ដី​មួយ​កន្លែង​ដែរ»។

តារាចម្រៀង​ទើបតែ​ភ្ជាប់​ពាក្យ​បាន​ប៉ុន្មាន​ខែ​លោក ករុណា ពេជ្រ ក៏បាន​បន្ថែម​ថា៖ «តែ​យ៉ាងណា​រយៈពេល ៧ ថ្ងៃ ក្រោយ​ឪពុក​ខ្ញុំ​វះកាត់ គាត់​ក៏​មិន​ទាន់​ដឹង​ខ្លួន​មែន តែ​គាត់​កម្រើក​បាន​ខ្លះ​ហើយ ហើយ​ក៏​អាច​បើក​ភ្នែក​បាន​តិចៗ​ហើយ​ដែរ ទាំង​គ្រូពេទ្យ​ក៏​ប្រាប់​ថា សុខភាព​គាត់​ប្រសើរ​ហើយ នៅ​មិន​យូរ​គាត់​នឹង​ដឹងខ្លួន​ហើយ។ តែ​អ្វី​ដែល​ខ្ញុំ​ធ្វើ ដើរ​សែន​ព្រេន​គ្រប់​កន្លែង​ដែល​គាត់​រកស៊ី​នោះ គឺ​ខ្ញុំ​នៅ​មិន​អស់​ចិត្ត ព្រោះ​ថា គ្រូទាយ​ក៏បាន​បង្ហាញ (តាម​ផ្លូវ​ជំនឿ) ថា មាន​ការ​ប៉ះពាល់​គេ​ខ្លះ​ដែរ»៕