ភ្នំពេញ : ខណៈ​កំពុងតែ​សស្រាក់សស្រាំ​ឡើង​ចុះ​មើល​មើលថែ​ឪពុក​សម្រាក​ស្តូកស្តឹង​នៅលើ​គ្រែពេទ្យ គួបផ្សំ​នឹង​ជំនឿ​អាគម​ផ្សំ​អាយុ​ដើរ​បែរបន់ អារក្ខ​អ្នកតា​ឲ្យ​ជួយ​ឲ្យ​ឪពុក​លោក​ឆ្លង​ផុត​គ្រោះ​រស់​ជីវិត​នឹង​អាល​បាន​បើកភ្នែក​ឃើញ​កូនប្រុស​មួយ​នេះ​សំពះ​ផ្ទឹម​រៀបការ តារាចម្រៀង​វិ​វ​ឌ្ឍ​ខ្លួន​ជា​អ្នកគ្រប់គ្រង​ទូទៅ​ផលិតកម្ម​ថោ​ន លោក ករុណា ពេជ្រ បែរជា​រំលេច​សារ បរិយាយ​ខ្សែជីវិត​កើតមក​មាន​ឪពុក​ពីរ ម្ដាយ​ពីរ ទាំង​ជួប​បញ្ហា​ចម្រូងចម្រាស់​ពី​មរតក ទ្រព្យសម្បត្តិ និង​គុណ​ស្រាយ។

នៅ​រសៀល​ថ្ងៃទី ២៣ ខែមករា​នេះ តារាចម្រៀង​កំពុង​ជួប​ទុក្ខ​អ្នកមានគុណ​ធ្លាក់ខ្លួន​ឈឺ​រូបនេះ បាន​ផ្ដើមសេចក្ដី​ដោយ​ចោទ​ជា​សំណួរ​ឡើង​ថា៖ «ជីវិត​ខ្ញុំ​សំណាង​ណាស់​មែន​ទេ ដែល​កើតមក​មាន​ឳ​ពុក​ពីរ ម្តាយ​ពីរ ???»។

តារាចម្រៀង​ក្លាយ​ជា​អ្នកគ្រប់គ្រងទូទៅផលិតកម្ម​ថោន​រូបនេះ​បាន​ បរិយាយ​ខ្សែ​ជីវិត​​ទៀត​ថា៖ «បន្ទាប់ពី​មាន​ឳ​ពុក​ពីរ ម្តាយ​ពីរ​ហើយ តែ​ខ្ញុំ​បែរជា​ចាក​ចេញពីផ្ទះ​មក​ជ្រកកោណ ម្នាក់​ឯង តស៊ូ សុំ​ផ្ទះ​មិត្តភក្តិ​ជ្រក សុំ​បាយ​គេ​ហូប សុំ​ការងារ​គេ​ធ្វើ ... ដោយសារ​មូលហេតុ​អ្វី ? ឆ្លង​កាត់​គ្រប់​ព្យុះភ្លៀង ម្នាក់ឯង​ទំរាំ​មាន​ថ្ងៃនេះ ដោយសារ​ការ​អាណិត​ស្រលាញ់ ពី​មិត្តភក្តិ និង ផ្តល់ឱកាស ពី​មនុស្ស​ជាច្រើន​ជុំវិញខ្លួន​ទៅវិញ.... តើ​វា​សំណាង​ណាស់​មែន​ទេ..??»។

លោក ករុណា ពេជ្រ ដើរ​សែនព្រេន​បែរបន់​លា​បំណន់​សុំ​ឲ្យ​ឪពុក​បានជា​សះស្បើយ។ រូបថត ហ្វេសប៊ុក

ក្នុងសារ​ដដែល លោក​ ករុណា ពេជ្រ បានរំឭក​នូវ​គុណ​របស់ឪពុកលោក ចំពោះរូប​លោក​ថា៖ « ខ្ញុំ​ចេញ​តស៊ូ ម្នាក់ឯង តែ​ពេល​បាន​ជោគ​ជ​យ័ ខ្ញុំ​ព្យាយាម​យកអ្វីៗទាំងអស់នោះ​ផ្តល់​មកដល់​គ្រួសារ​វិញ តើ​កន្លងមក​នោះ មាន​អ្នកណា​ផ្តល់​កម្លាំង​ចិត្ត​ដល់​ខ្ញុំ​ទេ គឺមាន​តែ​ប៉ា​ខ្ញុំ​ម្នាក់​គត់​ដែល​ឲ្យ​តម្លៃ​​កូន​ម្នាក់នេះ ទោះ​ក្នុង​សភាព​បែបណា ក៏​ប៉ា​នៅតែ​ឲ្យកម្លាំង​ចិត្ត​ដល់​កូន ហើយ​ជឿជាក់ថា​កូន ជា​មនុស្ស​ល្អ ទោះបី​កូន​ដើរ​តែលតោល​ម្នាក់ឯង​ក៏ដោយ ... ហើយ​មិនដែល​លើក​គុណ​ជាមួយ​កូន​ម្នាក់នេះ​ទេ ...»។

ខណៈកំពុង​សោកសៅ​នឹង​អាការៈ​​ឪពុក​ធ្លាក់ខ្លួន​ឈឺ​តាំង​ពី​ដើម​ឆ្នាំ​ថ្មី លោក ករុណា ពេជ្រ បាន​រៀបរាប់​ទៀត​ថា៖ «ដល់ពេលនេះ កូន​ដឹងថា​ប៉ា​គិតពី​កូន បាន​ប៉ា ឈានដល់​ដំណាក់កាល​​នេះ ដោយសារតែ​កូន កូន​ពិត​ស្តាយក្រោយ​ណាស់ ដែល​យក​រឿងនេះ​ពិភាក្សា​ជាមួយ​ប៉ា ... សោកស្តាយ​បំផុត...!!! ឥឡូវនេះ​ប៉ា មិនទាន់​ដឹងខ្លួន​ផង ហេតុ​អី​បាន​សម្តី បោះ​ទៅ​បោះ​មក រំលង​ខ្ញុំ និង ប៉ា ដែល​ក្នុង​សភាព​បែបនេះ យក​ល្អរៀងៗខ្លួន​ទៅ​វិញ...???»។

ក្នុង​ន័យបង្ហាញ​អារម្មណ៍​​ឈឺ​ផ្សារស្ទួន ​ដែល​ណាមួយ​​ឪពុក​ឈឺ និង​ម៉្យាង​ទៀត​ត្រូវ​សាច់ញាតិ​វែកញែក​ដណ្ដើម​យក​គុណ​ស្រាយ​នោះ លោក ករុណា ពេជ្រ បាន​ប្រកាស​ថា៖ «អ្នកណា​មានគុណ​ខ្លះ​លើ​ខ្ញុំ ចេញមុខ​បង្ហាញ​មុខមក កុំ​និយាយ​ក្រោយខ្នង​ខ្ញុំ ហើយ​កុំឲ្យ​ខ្ញុំ​ដោះស្រាយ ទៀត​ដែល​កំពុង​មានរឿង​ប៉ា មិនទាន់​ធូរស្រាល​ផង ... ខ្លាច​ខ្ញុំ​សប្បាយ និងខ្ញុំ​មាន​សេចក្តីសុខ​ខ្លាំងណាស់​មែន​ទេ... កម្លាំងចិត្ត​ក៏មាន​តិចតួច លុយ​ក៏​ចំណាយ​ច្រើន ហើយ​មក​បង្កើន​បញ្ហា​មកលើ​ខ្ញុំ​ទៀត ....»។

ឪពុក​របស់​លោក ករុណា ពេជ្រ បាន​ចូលវះកាត់​ និង​សម្រាក​នៅ​មន្ទីរ​ពេទ្យ​កាល​ពី​អំឡុង​ដើមឆ្នាំ​២០១៨។ រូបថត ហ្វេសប៊ុក

ដោយ​អះអាង​ថា​នឹង​រ៉ាប់រង​ថ្លៃ​ព្យាបាល​ឪពុក​​ ទាំង​មិនពឹង​ប្រាក់ពីហោប៉ៅ​សាច់ញាតិដទៃ​នោះ លោក ករុណា ពេជ្រ បាន​បន្លឺ​ទៀត​ថា៖ «ហើយ​សូមអ្នក​ទាំងអស់គ្នា​កុំ​បាច់​ភ័យ​ព្រួយ រឿង​ចំណាយ​ប៉ា​របស់ខ្ញុំ ខ្ញុំ​មានលទ្ធភាព​គ្រប់គ្រាន់​ហើយ រឿង​ខ្ញុំ និង ប៉ា​ខ្ញុំ ខ្ញុំ​មិនឲ្យ អ្នកណា ពិបាក​ទេ .... សូមកុំ​តែ​និយាយ​ពីគ្នា ចុះឡើងៗ ឲ្យ​នាំ​តែ​រឿង​ដល់​ខ្ញុំ​ទៀត​បាន​ហើយ.....ហើយ​​ចុងក្រោយ បើ​ពុក​ម៉ែ បងប្អូន ពូ​មីង បានលឺ​អ្វី​ពី​គ្រួសារ​ខ្ញុំ ថា​អ្នកនេះ ល្អ អ្នកនោះ​អាក្រក់ សូម​ទុក​វា​ត្រឹម ពុក​ម៉ែ​បងប្អូន​ចោះ នោះ​បើ​ស្រលាញ់​ខ្ញុំ.... បើ​ម៉ែ​ទាំងសងខាង​ស្រលាញ់​កូន ឲ្យ​កូន​សូម​ថា បើ​មាន​គេ​និយាយថា ម៉ែ​នេះ​ល្អ ថា​ម៉ែ​នោះ​អាក្រក់ សូម​ម៉ែ ប្រាប់​គេ​នោះ​វិញ​ថា ខ្ញុំ​អត់​ចង់ដឹង​លឺ​ពី​ខាង​នោះទេ គឺ ចង់ដឹង​រឿង​ពី​សុខទុក្ខ​តែ​កូន​ម្នាក់​គត់​បាន​ហើយ នោះបាន​អារ​ម្ម​ណ៏​ស្ងប់ ហើយ​បញ្ឈប់​ការនិយាយ​យក​ល្អ ឬ ច្រណែន គ្នា ... សម្រាប់​ខ្ញុំ​គឺ​ម៉ែ​ដូចគ្នា នេះ​អ្វីដែល​ខ្ញុំ​សុំ»។

ក្នុង​សារ​ដ៏​វែង​អន្លាយ​ដដែល​នោះ លោក ករុណា ពេជ្រ ក៏​បាន​បញ្ជាក់​ផង​ដែរ​ពី​តួលេខ​មរតក​​ដែល​ឪពុក​បាន​ចែក​កេរ​ឲ្យ​យ៉ាង​ដូច្នេះ​ថា៖ »​រាល់ថ្ងៃនេះ ខ្ញុំ​នឹង​ប៉ា របស់ខ្ញុំ មិនបាន​ខ្ចី​លុយ​ពី​អ្នកណាម្នាក់ ឬ ម្តាយ​របស់ខ្ញុំ​ណាមួយ មករក​ស៊ី​ រក​ធ្វើ​ការងារ ដោះស្រាយ​ក្នុង​គ្រួសារ​​នោះឡើយ.... ប៉ា​របស់ខ្ញុំ​មាន​លុយ​គាត់​សល់​ពី​លក់​ដី ចែក​ជាមួយ​ម្តាយ​ក្រោយ​របស់ខ្ញុំ​គឺ​ជាង ២០ ០០០០ $ ( ម្ភៃ​ម៉ឺន​ដុល្លារ​ ) ហើយ​គាត់​ដក​លុយ​ធ្វើបុណ្យ និង​ទិញ​ផ្ទះមួយ​ល្វែង​ពីរ​ជាន់ ថែមទាំង​មិន​ដាក់ឈ្មោះ​ខ្លួន​គាត់​ទេ គឺ គាត់​ឲ្យ​ដាក់ឈ្មោះ ប្អូនស្រី​ខ្ញុំ និង ​ខ្ញុំ ទៀត... ហើយ​ថែម​សល់​លុយ គាត់​រ៉ាប់​រ៉ង ថ្លៃ បណ្ណាការ​ខ្ញុំ​ឲ្យ​ទៀត ទោះបី​ខ្ញុំ​មិន​ព្រមឲ្យ​គាត់​ចេញ តែ​ខ្ញុំ​ចាំ​សម្តី​គាត់​ថា ក្នុងនាម​គាត់​ជា​ឳ​ពុក​ត្រូវតែមាន​តួនាទី​នេះ....»។

តារាចម្រៀង ករុណា ពេជ្រ ​វិវឌ្ឍ​ខ្លួន​ជា​អ្នក​គ្រប់គ្រង​ផលិតកម្ម​ថោន។ រូបថត ស៊ូ វុទ្ធី

ជម្រះ​មន្ទិល​ដែល​មាន​ញាតិ​ពោល​រឿង​បំណុល​នោះ តារាចម្រៀង ករុណា ពេជ្រ បាន​ប្រកាស​ច្បាស់ៗ​ថា៖ «ដូច្នេះ ពេលនេះ បើ​ពុក​ម៉ែ​បងប្អូន​លឺ​គេ​ដើរ​និយាយថា ខ្ញុំ ឬ ប៉ា ខ្ញុំ​ជំពាក់​លុយ ឬ ខ្ចី​ពីនេះ ពី​នោះ ...នោះ​មិនមែនជា​ការពិត​ទេ ខ្ញុំ និង ប៉ា ខ្ញុំ​មាន​សមត្ថភាព​គ្រប់គ្រាន់​ល្មម​ហើយ ដោយ​មិនចាំបាច់​ខ្ចី​អ្នកណាម្នាក់​ទេ...?? តែបើ​មាន​សូម​ប្រញាប់​មកជួប​ខ្ញុំ ឥឡូវនេះ.......!!!!!»។

បន្ទាប់ពី​បញ្ចេញ​សារ​ដ៏​ក្ដៅគគុក​ឈឺ​ចិត្ត​នឹង​ទំនាស់​គុណស្រាយ និង​ទ្រព្យសម្បត្តិ​ក្នុងគ្រួសារ​នោះ លោក ក​រុណា ពេជ្រ បាន​ទទូច​ថា៖ «​កុំ​គិតថា​ខ្ញុំ​សំណាង ប៉ុន្តែ​គួរតែ​នាំ​សំណាង​ផ្លូវចិត្ត​ដល់​ខ្ញុំ​ផង ពេលនេះ​ខ្ញុំ​ពិត​ជាមាន​កម្លាំងចិត្ត​ខ្សោយ​ណាស់... !!! សង្ឃឹមថា មួយ​ប្រយោគ​នេះអ្វីៗនឹង​ល្អប្រសើរ ព្រោះ​ខ្ញុំ​ពិតជា​អត់​មាន​ពេល​ជួប​ម្តងម្នាក់ ហើយ​ដើរ​និយាយ​បញ្ជាក់​ការពិត​ច្រើនដង​ទេ... សូម​យក​ពេលនេះ​គិតពី​ប៉ា ម្នាក់​សិន​បាន​ហើយ…!»៕

សារ​ដ៏វែង​អន្លាយ​ដែល​លោក ករុណា ពេជ្រ រៀបរាប់ពី​រឿង​រ៉ាវ​រកាំរកូស​ក្នុង​គ្រួសារ។ រូបថត ហ្វេសប៊ុក