ក្រុងញូវដែលី : កសិករម្នាក់បានលើកបដារូបភាពតួកុនសិចយ៉ាងធំក្បែរដីដំណាំ ដើម្បីការពារដំណាំឲ្យហុចផលបរិបូណ៌។
លោក ឈិន ឈូរ៉េដឌី បាននិយាយថា ទីងមោងស៊េរីថ្មីរបស់លោកមានប្រសិទ្ធភាព ហើយលោកថែមទាំងជឿថា រូបភាពតួកុនសិចនេះជាវេទមន្ដដែលវាអាចជួយរក្សាដំណាំលោកបានល្អ។
បុរសអាយុ ៤៥ ឆ្នាំបានបង្កបង្កើនផលដំណាំលើផ្ទៃដី ៤ ហិកតាក្នុងរដ្ឋ អេនទ្រាប្រាដេស ប្រទេសឥណ្ឌា ហើយលោកបានប្រាប់ថា រូបភាពនេះថែមទាំងបានទាក់ចិត្ដអ្នកភូមិ និងអ្នកដំណើរទៀត។
ដោយមិនចង់ឲ្យមនុស្សម្នាសម្លឹងមើលផលដំណាំ លោកបានសម្រេចចិត្ដតម្លើងបដារូបតារាភាពយន្ដក្ដៅសាច់ ស៊ុននីឡេអុន។ បដានោះបានសរសេរពាក្យថា «ហេ! កុំយំកុំសើច ឬកុំមានអារម្មណ៍ច្រណែនខ្ញុំ» និងបន្ថែមដោយរូបភាពតួកុនសិចគ្រងឈុតប៊ីគីនីក្រហម។
ថ្លែងទៅកាន់ Hindustan Times កសិករដ៏មានជំនឿស៊ុបរូបនេះប្រាប់ថា ការប្រើថាមពលសុដន់ធំនេះពិតជាមានប្រសិទ្ធភាព។ ឥឡូវគ្មាននរណាយកភ្នែកទៅមើលដំណាំផ្កាខាត់ណា និង ស្ពៃអីទៀតទេតែរវុលមើលរូបភាពនារីសិចស៊ីវិញ។
លោកនិយាយថា៖ «ពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំរងគ្រោះព្រោះទិន្នផលធ្លាក់ចុះរហូត។ ដំណាំទាំងនេះមើលទៅមានសុខភាពល្អ តែមិនដឹងមានរឿងអ្វីកើតឡើង។ ឆ្នាំនេះខ្ញុំទទួលទិន្នផលល្អលើដី ៤ ហិកតានេះ។ នេះបានទាក់ទាញចំណាប់អារម្មណ៍ឥតចាំបាច់របស់អ្នកភូមិនិងអ្នកដំណើរ»។
នៅមានទិចនិកប្លែកៗដទៃទៀតត្រូវបានប្រើសម្រាប់ការពារផលដំណាំ រួមទាំងតុក្កតារូបអាក្រក់ ឬចម្រឹងដោតរូបភាពសត្វចម្លែកជាដើម។ លោករ៉េដឌីបានបញ្ជាក់ថាលោកមិនបារម្ភពីនរណាមកប្រាក់ឲ្យដករូបនោះចេញវិញទេ។
លោកបានលើកឡើងថា៖ «អាជ្ញាធរមិនដែលមកក្បែរដីរបស់យើងដើម្បីរកដំណោះស្រាយបញ្ហាយើងទេ។ ចុះហេតុអ្វីពួកគេត្រូវមកខ្វល់នឹងរឿងនេះ?»៕ HR
ប្រភព Dailymail.co.uk