ភ្នំពេញៈ អតីត​តារា​ចម្រៀង​ប្រុស​ជ្រក​ក្រោម​ទ្រនំ​ផលិតកម្ម​ហង្សមាស ដែល​ល្បី​ឈ្មោះ​មួយ​ប្រាវ សាពូន មីដាដា ធ្លាប់​ប្រកាស​ពីក្តី​ប្រាថ្នា​នៃ​ការ​ចាប់​កំណើត​កូន​ប្រុស​ទី ២ របស់​ខ្លួន​ឲ្យ​ចំ​ថ្ងៃ​ទី ៧ ខែ​មករា តែ​ហាក់​ដូចជា​ខក​បំណង​បន្តិច​ពេល​នេះ​បែរ​ជា​កូន​ប្រុស​បាន​កើត​មក​មុន​កំណត់​ដល់​ទៅ​ចំនួន ៦ ថ្ងៃ។

នេះ​បើតាម​សារ​អបរ​អរសាទរ​របស់​តារា​ចម្រៀង​ប្រុស ដែល​សម្បូរ​រឿង​អាស្រូវ​លើ​ផ្លូវ​នយោបាយ លោក សាពូន មីដាដា បាន​បង្ហោះ​សារ​ឲ្យ​ដឹង​នូវ​ថ្ងៃ​សម្រាល​កូន​ប្រុស​ទី ២ របស់​ភរិយា​ខ្លួន​ក៏​ជា​តារា​ចម្រៀង និង​សម្តែង​ស្រី អ្នកនាង សឿ សុធារ៉ា ព្រមទាំង​កូន​ស្រី​ច្បង​នៅ​ក្នុង​មន្ទីរពេទ្យ​ថា៖ «ថ្ងៃសីល ១៥ កើត ខែបុស្ស ពេញ​បូរមី ឆ្នាំ​រកា នព្វស័ក ព.ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ១ ខែ​មករា ឆ្នាំ ២០១៨ នៅ​វេលា​ម៉ោង ៣ និង ៥៨ នាទី ព្រឹក (ទៀ​បភ្លឺ)។ កូន​ប្រុស​ពុក សាពូន ដារ៉ា​បុរស បាន​កើត​មក​ហើយ​លើ​ទឹក​ដី​សុវណ្ណ​ភូមិ ដ៏​ស្រស់​ស្អាត​នេះ។ ឪពុក​ឲ្យ​ពរ​កូន​ក្លាយជា​មនុស្ស​សែន​រឹងមាំ ដែល​ប្រកាន់​ខ្ជាប់​នូវ​សុចរិត​ភាព​ជា​និច្ច និង​មានជ័យ​ជោគ​ក្នុង​ឆាក​ជីវិត»។

គេ​នៅចាំ​បាន​ដែរ​ថា គូ​ស្វាមីភរិយា​ងារ​ជា​តារា​សិល្បៈ​ពីរ​ដួង​លោក សាពូន មីដាដា និង​តារា​ស្រី​អ្នកនាង សឿ សុធា​រ៉ា ដែល​មាន​ចំណង​ជីវិត​អាពាហ៍​ពិពាហ៍​ជិត​គ្រប់​មួយ​ទសវត្សរ៍ និង​កូន​ស្រី​ច្បង​មាន​វ័យ ៧ ឆ្នាំ កាល​ពី​ព្រឹក​ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ កន្លង​មក​នោះ ធ្លាប់​បាន​បង្ហោះ​រូបថត​អេកូ​កំណើត​កូន​ប្រុស​ដែល​រំពឹង​ថា នឹង​ត្រូវ​សម្រាល​នៅ​ចំ​ថ្ងៃទី ៧ ខែ​មករា ឆ្នាំ ២០១៨ ។

យ៉ាងណា​មិន​មាន​ការ​បកស្រាយ​នូវ​សេចក្តី​ខក​បំណង​ពី លោក សាពូន មីដាដា នោះ​ឡើយ​ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន តែ​គេ​បាន​ឃើញ​ពី​ភាព​សប្បាយ​រីករាយ​ខ្លាំង​ពី​លោក​ឪពុក​ជា​តារា​ចម្រៀង​ប្រុស​នេះ​ឆ្លើយឆ្លង​ជាមួយ​នឹង​ការ​ជូនពរ និង​អបអរ​សាទរ​ពី​សំណាក់​ក្រុម​មិត្តភក្តិ ក៏​ដូចជា​មិត្ត​អ្នក​សិល្បៈ​នានា​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក។

មាន​អ្នក​សរសើរ​រឿង​រក​ឈ្មោះ​ដាក់​ឲ្យ​កូន​ប្រុស​ទី ២ របស់​លោក សាពូន មីដាដា ដែល​បាន​កើត​ឃើញ​ពន្លឺ​ថ្ងៃ​ចំ​ថ្ងៃទី ១ ខែ​មករា ឆ្នាំ ២០១៨ ថា៖ «អប​អរសាទរ​បង​ទទួល​បាន​កាដូ​ដ៏​អស្ចារ្យ​សម្រាប់​ឆ្នាំ​ថ្មី គឺ​កូន​ប្រុស​គួរ​ឲ្យ​ស្រឡាញ់ និង​មាន​ឈ្មោះ​ពីរោះ (សាពូន ដារ៉ា​បុរស) បង​បើ​សរសេរ​បែប​នេះ​គឺ សាពូន តារា​បុរស​គឺ​មាន​អត្ថន័យ​ល្អ​ណាស់» និង​សារ​ថា៖ «ឆ្លង​ទន្លេ​ចំ​ថ្ងៃ​ល្អ​ទី ១ ខែ មករា ពិតជា​អស្ចារ្យ​ណាស់ ដើម​ទ្រព្យ ដើម​សប្តាហ៍ ដើម​ខែ ដើម​ឆ្នាំ អី​ក៏​ល្អ​ម្ម្ល៉េះ​ទេ!សូម​សរសើរ និង​អបអរ​សាទរ​ទៅ​នឹង​ដំណឹង​ដ៏​គួរ​ឲ្យ​រំភើប​រីករាយ​នេះ​គឺជា​ថ្ងៃ​ចូល​ឆ្នាំថ្មី ដែល​ពិភពលោក​ទាំង​មូល​អប​អរសាទរ»។

គេ​ឃើញ​តារា​ចម្រៀង​ម្ចាស់​បទ «និយមន័យ​ស្នេហ៍» ដ៏ល្បី​រន្ទឺ​កាល​ពី​ជិត ១០ ឆ្នាំមុន ជ្រក​ក្នុង​ទ្រនំ​ផលិតកម្ម​ហង្សមាស​លោក សាពូន មីដាដា មិន​បាន​ថ្លែង​អ្វី​ច្រើន​ឡើយ ក្រៅ​ពី​សេចក្តី​ពោល​ពាក្យ​អរគុណ​ថា៖ «សូម​អរគុណ​គ្រប់​យ៉ាង មហាមិត្ត។ ខ្ញុំ​បាន​ចងចាំ​សមាន​ចិត្ត​ដ៏​អស្ចារ្យ​មួយ​នេះ​របស់​បងប្អូន​មហាមិត្ត​ទាំងអស់»។

កាល​ពី​ភរិយា​ខ្លួន​កំពុង​ពពោះ​កូន​ប្រុស​ទី ២ ដែល​ទើប​តែ​មាន​វ័យ ៥ ខែ លោក សាពូន មីដាដា ក៏​ធ្លាប់​បង្ហើប​ឲ្យ​ដឹង​ថា មាន​មន្ទីរពេទ្យ​ឯកជន​ដ៏ធំ​មួយ បាន​កក់​ទុក​ទាំង​ម្តាយ និង​គភ៌​ក្នុង​ផ្ទៃ​រួច​ហើយ​ដើម្បី​ត្រៀម​យក​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​ដូចជា​កូនស្រី​ច្បង​ផងដែរ៕