ភ្នំពេញ: ព្រម​នឹង​ដំណើរ​តារា សម្តែង​ជើង​ចាស់ អ្នកនាង អម្ពរ ទេវី ហោះ​ពី​ទឹកដី​មហា​អំណាច​សហរដ្ឋ អាមេរិក មក​ទទួល​ការងារ​សម្តែង​ភាពយន្ត​លើក​ទី ២ លើ​ទឹកដី​កំណើត ក្រោយ​ឃ្លាត​ឆ្ងាយ​ទាំង​ឱកាស​សិល្បៈ​និង​ទឹកដី​កំណើត​ជាង ១០ ឆ្នាំ មក​នោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ក៏​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ផងដែរ និង​សកម្មភាព​អតីត​តារា​ភាពយន្ត​ជើង​ចាស់ អ្នកនាង កែវ កល្យាណ បាន​បង្ហាញ​សារ​រំឭក​មិត្ត​រួម​ជំនាន់ រក​ឱកាស​ជុំ​អម្ពរ ទេវី គ្រាម​កថត​ភាពយន្ត​ជាថ្មី។

គួររំឭក​ថា តារា​ភាពយន្ត អតីត​ភរិយា របស់​តារា​ភាពយន្ត​ជើង​ចាស់ លោក ពេជ្រ ភារុណ អ្នកនាង អម្ពរ ទេវី ក្រោយ​ពី​បញ្ចប់​ឱកាស​សម្តែង​ភាពយន្ត​ដុំ​រឿង «ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី» និង​ហោះ​ហើរ​ទៅ​ទឹកដី​សហរដ្ឋ​អាមេរិក រួម​ខ្នើយ និង​ស្វាមី​ទី ២ បាន​ប្រមាណ​ជា ១ ឆ្នាំ រំលង​ផុត​ទៅ​កាល​ពី​ថ្ងៃ​ទី ១១ ខែ​មករា ឆ្នាំ ២០១៨ តារា​ស្រី​ល្បី​ក្នុង​ទសវត្សរ៍​មុន​ឆ្នាំ ៩០ សម្តែង​ដៃគូ​សម​ឥតខ្ចោះ​ជាមួយ​នឹង លោក ទេព រិន្ទដារ៉ូ អ្នកស្រី អម្ពរ ទេវី ក៏​សម្រេច​ដំណើរ​ហោះ​ត្រឡប់​មក​កាន់​ទឹកដី​កំណើត​ជាថ្មី ដើម្បី​សាទរ​ឱកាស​សម្តែង​ភាពយន្ត​ភាគ​បញ្ចាំង​តាម​ទូរទស្សន៍​ស៊ីធីអិន​រឿង «ឆន្ទា »។

ដំណើរ​មកដល់​ទឹកដី​កំណើត​របស់​អតីត​តារា​ស្រី​ល្បី​ទេព​កោសល្យ​សម្តែង ទឹក​មុខ​កាច​ក្រមិច​ក្រមើម រូបនេះ ក្រៅ​ពី​វត្តមាន​អតីត​ស្វាមី​ទៅ​ទទួល​ដល់​ព្រលាន​យន្តហោះ អ្នកស្រី ក៏​បង្ហើប​ថា៖ «ការ​វិល​មក​ដល់​ប្រទេស​កំណើត​លើក​នេះ​សប្បាយ​ខ្លាំង ក្នុង​ការ​ទទួល​ឱកាស​សម្តែង ហើយ​ក៏​នឹង​មាន​ពេល​ខ្លះៗ​ជួប​ជជែក​លេង​ជាមួយ​បងប្អូន​និង​មិត្ត​ចាស់ៗ​រួម​អាជីព​ដែរ»។

តែ​យ៉ាងណា នៅ​មិន​ដឹង​ថា អ្នកស្រី អម្ពរ ទេវី ឆ្លៀត​ឱកាស​ពី​វេលា​ថត​សម្តែង​ភាពយន្ត​ដ៏​មមាញឹក និង​ក្នុង​ពេល​ខ្លី​ប្រញាប់​ហោះ​ទៅ​ជួប​ស្វាមី​អាមេរិក​វិញ និង​មាន​គម្រោង​ជួប​មិត្ត​រួម​ជំនាន់​ចាស់​ណា​ខ្លះ​នោះ​ទេ។

តែ​ដំណឹង​នេះ​បែរជា​បង្ហើប​ពី​មិត្ត​រួម​ជំនាន់ អ្នកស្រី កែវ កល្យាណ ដែល​បង្ហាញ​នៅ​ក្នុង​គណនី​ហ្វេសប៊ុក ជាមួយ​ការ​សាទរ​ភ្លាមៗ​ពី អតីត​ស្វាមី អ្នកនាង ចន ច័ន្ទលក្ខិណា គឺ​លោក យុត្ថារ៉ា ឆានី។ អ្នកស្រី កែវ កល្យាណ បាន​បង្ហាញ​ភ្ជាប់​ជាមួយ​នឹង​រូបថត​ស្និទ្ធស្នាល និង​អ្នក​នាង ប៉ែន សុផានី ក្នុង​ពេល​រាត្រី​កម្សាន្ត​តាម​ទី​កម្សាន្ត​មាត់​ទន្លេ ក៏​ភ្ជាប់​សារ​តប​ប្រាប់​លោក យុត្ថារ៉ា ឆានី ថា៖ «បើ​បាន​ថ្ងៃ និង​ពេល អម្ពរ ទេវី ណាត់ និង​ប្រាប់ OK»។

ក្នុង​ក្តី​នឹករឭក​មិត្តភក្តិ​ធ្លាប់​រួម​សម្តែង​ជាមួយ​គ្នា​នោះ លោក ទេព រិន្ទ​ដារ៉ូ ក៏បាន​បង្ហើប​មុន​នេះ​ថា៖ «ខ្ញុំ​ក៏​ចង់​ឲ្យ​មាន​ឱកាស​ពួក​ខ្ញុំ​ចាស់ បាន​ជួបជុំ​គ្នា​ម្តង​ដែរ។ ដូចជា​អម្ពរ ទេវី ពេជ្រ ភារុណ កែវ កល្យាណ ជាដើម»។

លោក ទេព រិន្ទ​ដារ៉ូ បាន​បន្ថែម​ឲ្យ​ដឹង​បន្ត​ទៀត​ថា៖ «ឱកាស​នេះ​ពិសេស​ខ្លាំង​ណាស់​សម្រាប់​យើង ព្រោះ​យើង​ម្នាក់ៗ ខំ​តែ​ការងារ​ផ្សេងៗ​គ្នា ក៏​មិន​ដែល​បាន​ជួបគ្នា​ដែរ ដែល អម្ពរ ទេវី ខ្ញុំ​ទើប​តែ​ជួប​ពេល សម្តែង​រឿង ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​ហ្នឹង​ដែរ»៕