ក្រុងណាសូ: វីដេអូ​ថត​ដោយ ដ្រូន ពី​លើ​អាកាស​បាន​បង្ហាញ​សកម្មភាព​គួរ​ឲ្យ​រន្ធត់ ដែល​កុមារ​តូច​ម្នាក់​ព្យាយាម​ហែល​រត់​គេច​ពី​សត្វ​ឆ្លាម។

វីដេអូ​ថត​ដោយ​ម្ចាស់ ដ្រូន លោក Artem Tkachenko ដើម​ឡើយ​បង្ហាញ​នូវ​សកម្មភាព​កុមារ​តូច​អរ​រំភើប​ដែល​បាន​ហក់​ចូល​ទឹក​សមុទ្រ​ខៀវ​ថ្លា​នៃ​ដែនដី​បាហាម៉ា។

បន្ទាប់​ពី​កុមារ​នោះ​ហែល​បាន​បន្តិច ស្រាប់​តែ​ឆ្លាម ៤ ក្បាល​បាន​ហែល​មក​ព័ទ្ធ​កុមារ​តូច​នោះ ទាំង​ក្មេង​ហាក់​មិន​ដឹង​ខ្លួន។ ប៉ុន្តែ​សំណាង​ល្អ ម្ចាស់ ដ្រូន បាន​មើល​ឃើញ​នូវ​សញ្ញា​គ្រោះថ្នាក់​នេះ ក៏​ស្រែក​ប្រាប់​ទៅ​ក្មេង​ប្រុស​នោះ​ទាន់​ពេល។

សំណាងល្អ កុមារ​នោះ​អាច​ហែល​មក​ដល់​ច្រាំង​ទាន់​ពេលវេលា ដោយ​មិន​មាន​របួស​ស្នាម​អ្វី​ទាំងអស់ ខណៈ​ដែល​ហ្វូង​ឆ្លាម​ប្រដេញ​យ៉ាង​ប្រកិត​ខិត​ចូល​វិនាទី​ចុង​ក្រោយ។

គួរ​រំឭក​ផងដែរ​ថា កាល​ពី​ខែ កញ្ញា ឆ្នាំ ២០១៧ ក៏មាន​វីដេអូ ថត​ជាប់​នូវ​សកម្មភាព​ប្រយុទ្ធ​រវាង​អ្នក​ជ្រមុជ​ទឹក​ប្រើ​កណ្ដាប់​ដៃ​ដាល់​ឆ្លាម​មួយ​ក្បាល និង​ប្រើ​ដៃ​ឱប​ក្លេ​ក្បាល​ឆ្លាម​ជាប់។

ដែនដី​ល្បី​ខាង​សម្រស់​ឆ្នេរសមុទ្រ​ខៀវ​ថ្លា​ដ៏​ទាក់​ទាញ បាហាម៉ា មាន​ទម្លាប់​ឲ្យ​ចំណី​ឆ្លាម បើ​ទោះ​ជា​ទង្វើ​នេះ​រង​នូវការ​រិះគន់ ដ៏​ចម្រូង​ចម្រាស​ពី​កត្តា​សុវត្ថិភាព​ក្ដី៕