ភ្នំពេញៈ រដូវកាលចូលឆ្នាំប្រពៃណីចិននឹងប្រព្រឹត្តទៅនៅចំថ្ងៃព្រហស្បតិ៍ទី១៩ ខែកុម្ភៈតទៅ ដោយថ្ងៃសែនត្រូវធ្វើចំនៅថ្ងៃពុធទី១៨ ខែកុម្ភៈនេះ។ នៅផ្ទះចិនសែលេខ ១៦៣ ផ្លូវលេខ ១៤៦ សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក ហោរាសាស្ត្រចិនវ័យហុកប្លាយលោក កុក ឡុង ដែលមានបទពិសោធទស្សន៍ទាយជាង ២០ ឆ្នាំនោះបានធ្វើការបកស្រាយជោគជតារាសីសង្ខេបពីដំណើរជីវិតនៃឆ្នាំនីមួយៗដោយមានការប្រាប់ពីហេតុភេទទាំងឡាយដូចជាការឆុងឆ្នាំ អំឡុងឆ្នាំ ២០១៥ នេះ ដែលតាមតម្រាចិនជាឆ្នាំមមែធាតុឈើ។
ឆ្នាំជូត តាមក្បួនចិនអ្នកមានអាយុ៨, ២០, ៣២, ៤៤, ៥៦, ៦៨, ៨០ និង៩២ឆ្នាំ។ កាលពីឆ្នាំទៅ ឆ្នាំជូតឆុងនឹងឆ្នាំមមី ខណៈឆ្នាំមមែនេះក៏ឆុងដែរ តែមិនសូវមានសភាពធ្ងន់ធ្ងរខ្លាំងឡើយ ដោយសារមានទេវតាចិនឈ្មោះឆឺអួយចាំជួយថែទាំជួយមើល។ ដូច្នេះ លោកអ្នកកើតឆ្នាំជូតរាសីឆ្នាំនេះល្អបង្គួរ មានភាពរុងរឿងអាចប្រកបការងាររកស៊ីមានបាន ខណៈអ្នកធ្វើការអាចឡើងបុណ្យស័ក្តិ។ ប៉ុន្តែ លោកអ្នកក៏ត្រូវប្រយ័ត្នប្រយែងខ្លះដែរ មិនត្រូវចេះដឹងរឿងអ្នកដទៃក្រែងនាំអន្តរាយដាក់ខ្លួនរហូតដល់បង្កើតរឿងក្តីក្តាំឡើងតុលាការជាហេតុនាំឲ្យមាននូវផលប៉ះពាល់ដល់ការខាតបង់ទ្រព្យសម្បត្តិផងដែរ។ លោកអ្នកអាចមានគ្រោះដែលពុំបានព្រាងទុកចន្លោះខែឧសភា និងខែមិថុនា។ រឿងកើតចេញពីការភាន់ច្រឡំដោយសារពាក្យចចាមអារ៉ាមមកវាយប្រហារ។ ដូច្នេះ លោកអ្នកត្រូវបកស្រាយឲ្យបានច្បាស់លាស់ទើបបានសុខ។ សម្រាប់ការធ្វើដំណើរទៅកាន់ទីកន្លែងមានផ្លូវឆ្ងាយ លោកអ្នកកើតឆ្នាំនេះត្រូវប្រយ័ត្នពេលវេលាចេញដំណើរនៅម៉ោង១១ព្រឹកដល់ម៉ោង១រសៀល។ លោកអ្នកកើតឆ្នាំជូតអាចមានខែមួយចំនួនត្រូវឆុងប្រចាំឆ្នាំ២០១៥នេះគឺខែមីនា មិថុនា និងតុលា ដូច្នេះត្រូវរកគ្រូ ឬចិនសែធ្វើពិធីរំដោះគ្រោះទើបល្អ។
|
ឆ្នាំឆ្លូវ តាមក្បួនចិនអ្នកមានអាយុ៧,១៩, ៣១, ៤៣, ៥៥, ៦៧, ៧៩ និង៩១ឆ្នាំ។ ឆ្នាំ២០១៥នេះ ឆ្នាំឆ្លូវជាឆ្នាំដែលឆុងជាងគេបំផុតជាមួយនឹងឆ្នាំមមែ។ ប៉ុន្តែដោយសារតាមក្បួនចិនរយៈពេលពីរឆ្នាំដូរធាតុម្តងនោះ ដូច្នេះបើលោកអ្នកមានធាតុទឹក និងធាតុដី មិនសូវជាមានបញ្ហាអ្វីនោះទេ។ ប៉ុន្តែសម្រាប់អ្នកធាតុមាស ឈើ ភ្លើង ត្រូវតែប្រយ័ត្នប្រយែងខ្លាំង។ ទោះជាយ៉ាងណាក្ដីលោកអ្នកដែលមានរាសីល្អអាចជួបអ្នកមានបុណ្យ ហើយអាចមានលាភ ប៉ុន្តែចំណូល និងចំណាយត្រូវមានតុល្យភាព។ អ្នកកើតឆ្នាំឆ្លូវក្នុងឆ្នាំនេះត្រូវមានការតមបីយ៉ាង។ ទីមួយ គឺមិនត្រូវទៅក្បែរ ឬជិតទីការដ្ឋាននានា ។ ទីពីរ ហាមទៅចូលរួមបុណ្យសព ប៉ុន្តែអាចទៅថ្ងៃបុណ្យ៧ថ្ងៃ ឬបុណ្យ១០០ថ្ងៃបាន។ ទីបី ហាមទៅចូលពិធីសែនដូនតាក្នុងពិធីអាពាហ៍ពិពាហ៍ និងហាមចូលបន្ទប់ផ្សំដំណេករបស់កូនកំលោះកូនក្រមុំ ប៉ុន្តែការចូលរួមពិធីញ៉ាំការពេលល្ងាចមិនមានបញ្ហាអ្វីទេ។ លោកអ្នកកើតឆ្នាំឆ្លូវមិនត្រូវមានចិត្តលោភលន់ក្នុងការវិនិយោគទុនហួសប្រមាណឡើយ ជាពិសេសហាមលេងល្បែងតែម្ដង។ លោកអ្នកប្រយ័ត្នប្រយែងទាំងយប់និងថ្ងៃព្រោះអាចមានគ្រោះដូចជាចោរលួចប្លន់ជាដើម។
|
ឆ្នាំខាល តាមក្បួនចិនអ្នកមានអាយុ៦, ១៨, ៣០, ៤២, ៥៤, ៦៦, ៧៨ និង៩០ឆ្នាំ។ រាសីល្អបង្គួរដូចកាលឆ្នាំទៅដែរ សម្រាប់លោកអ្នកដែលកំណើតកើតនៅក្នុងឆ្នាំខាលទាំងប្រុសទាំងស្រី។ ប្រសិនបើប្តីប្រពន្ធបង្កើតបានកូនប្រុសនៅក្នុងឆ្នាំមមែនេះ មានន័យថា លោកអ្នកនឹងទទួលបាននូវលាភធំសម្រាប់ក្រុមគ្រួសារ។ ប៉ុន្តែលោកអ្នកក៏តោងប្រកាន់យកនូវភាពប្រុងប្រយ័ត្នបន្តិចសម្រាប់ឆ្នាំនេះ ព្រោះថាលោកអ្នកក៏អាចជួបនឹងគ្រោះខាតបាត់បង់នូវរបស់របរទ្រព្យសម្បត្តិតិចតួចដោយប្រការណាមួយ។ ចំពោះការសេពគប់មិត្តទៀតសោតក៏ត្រូវសម្រិតសម្រាំងមើលចិត្តថ្លើមឲ្យបានច្បាស់ផងដែរ ចៀសវាងមានការចាញ់បោកមិត្តភក្តិ។ រីឯ លោកអ្នកកើតឆ្នាំខាលជាមនុស្សចាស់វិញ ត្រូវប្រយ័ត្នចំពោះបញ្ហាថែទាំសុខភាពឲ្យបានល្អ ព្រោះអាចមានជំងឺឈឺថ្កាត់មកយាយី។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ គួរលៃលកទ្រព្យឲ្យបានគត់មត់ បើធ្វេសប្រហែសតែបន្តិចអាចនឹងខាតបង់ទ្រព្យស្ដាយក្រោយ។ ចំណែករបស់ទ្រព្យទាំងឡាយ ដែលមិនមែនរបស់ខ្លួននោះ លោកអ្នកមិនត្រូវមានចិត្តលោភលន់ចង់បានហួសប្រមាណ ឬប៉ុនប៉ងប្រាថ្នាចង់បានអ្វីដែលជារបស់គេដើម្បីយកមកធ្វើជារបស់ខ្លួននោះឡើយ។
|
ឆ្នាំថោះ តាមក្បួនចិនអ្នកមានអាយុ៥, ១៧, ២៩, ៤១, ៥៣, ៦៥, ៧៧និង៨៩ឆ្នាំ។ ជោគជតារាសីឆ្នាំថោះ នៅឆ្នាំនេះមានលក្ខណៈផូរផង់គ្រប់វ័យនិងកាលវេលាតែម្តង។ លោកអ្នកមានទឹកចិត្តស្រស់ស្រាយ ប្រាជ្ញាមុតស្រួចអាចដោះស្រាយនូវរាល់វិបត្តិ បញ្ហានានារបស់ខ្លួនបាន។ ប្រសិនបើជាសិស្សានុសិស្ស ឬនិស្សិតវិញនោះច្រើនតែជាមនុស្សដែលមានប្រាជ្ញា និងមានខួរក្បាលឈ្លាសវៃ អាចប្រឡងជាប់សញ្ញាបត្រ និងឆ្លងកាត់ឧបសគ្គដោយជោគជ័យ។ លោកអ្នកដែលបម្រើការងារអាចមានលាភសំណាងល្អត្រូវបានគេដំឡើងបុណ្យស័ក្តិ ឬ តំណែងបន្ថែមលើតំណែងចាស់។ ប៉ុន្តែលោកអ្នកក៏ត្រូវប្រយ័ត្នចំពោះរឿងរ៉ាវនានាដែលអាចពាក់ព័ន្ធនឹងការប្តឹងប្តល់គ្នា រហូតបង្កឲ្យកើតរឿងតវ៉ានៅឯតុលាការ ជាហេតុនាំឲ្យខាតបង់ពេលវេលា ទ្រព្យធន។ ចំពោះរឿងដែលពាក់ព័ន្ធនឹងការធានាលើអ្នកដទៃ ឬអះអាងជួសគេនោះត្រូវចៀសវាង។ ឆ្នាំថោះត្រូវហាមដាច់ខាតចំពោះក្តីប្រាថ្នាបើករបររកស៊ីដាក់ភាគហ៊ុន ឬបណ្តាក់ទុនជាមួយអ្នកមិនសូវស្គាល់គ្នាឲ្យសោះព្រោះនឹងជួបគ្រោះអន្តរាយទ្រព្យខ្លួន។ សាមគ្គីភាពនៅក្នុងសង្គមគ្រួសារបានល្អ អាចបង្កើនការរកស៊ីមានបានធូរធារទ្រព្យសម្បត្តិស្តុកស្តម្ភ។
|
ឆ្នាំរោង តាមក្បួនចិនអ្នកមានអាយុ៤, ១៦, ២៨, ៤០, ៥២, ៦៤, ៧៦, ៨៨ និង១០០ឆ្នាំ។ លោកអ្នកកើតឆ្នាំរោងមានជោគជតារាសីឆ្នាំល្អគ្រប់ៗគ្នា តែសម្រាប់ស្រ្តីហាក់ដូចជាមានលាភ មានប្រៀបល្អជាងបុរសៗបន្តិច។ ស្រ្តីកើតឆ្នាំរោង មានជោគជ័យល្អប្រសើរសម្រាប់ឆាកជីវិតខ្លួនទោះបីក្នុងការងាររកស៊ី ឬការងារ។ ពិសេសនោះ ប្រសិនបើស្រ្តីនៅលីវវ័យចន្លោះ ២៨ ឆ្នាំដល់ ៤០ ឆ្នាំ អាចនឹងដល់គូព្រេងនៅឆ្នាំនេះ។ បើមិនបានរៀបការទេនោះ ក៏ពួកគេអាចមានរាសីល្អក្នុងការប្រកបរបររកស៊ី មុខជំនួញបានធូរធារ សម្បូរសប្បាយផងដែរ។ ចំពោះបុរសៗវិញ មិនត្រូវបណ្តោយខ្លួនឲ្យទៅរកការប្រព្រឹត្តនឹងរឿងល្បែងស៊ីសង ស្រីញី និងគ្រឿងស្រវឹងឡើយព្រោះអាចនាំមកនូវគ្រោះថ្នាក់ធំ រាប់តាំងពីការខាតបង់ទ្រព្យសម្បត្តិរហូតដល់ហិនហោចជីវិត។ លោកអ្នកក៏អាចជួបនឹងក្តីច្រណែនឈ្នានីសពីសំណាក់អ្នកក្រោមឱវាទ ឬ មិត្តរួមការងារ ឬរួមមុខរបររកស៊ីផងដែរ ត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន។ ប្រសិនបើមានការយល់ដោយភាន់ច្រឡំពីអ្នកដទៃក្នុងទីកន្លែងការងារនោះ លោកអ្នកត្រូវតែធ្វើការបកស្រាយឲ្យបានច្បាស់លាស់ដល់ពួកគេទើបអាចទទួលបាននូវក្តីសុខសប្បាយ។
|
ឆ្នាំម្សាញ់ តាមក្បួនចិនអ្នកមានអាយុ៣, ១៥, ២៧, ៣៩, ៥១, ៦៣, ៧៥, ៨៧ និង៩៩ឆ្នាំ។ សម្រាប់លោកអ្នកទាំងប្រុសទាំងស្រីដែលកើតឆ្នាំម្សាញ់គឺមានជោគជតារាសីល្អបង្គួរនៅក្នុងឆ្នាំនេះ។ អ្នកកើតឆ្នាំម្សាញ់គ្រប់វ័យ តោងយោងយកនូវភាពប្រុងប្រយ័ត្នចំពោះរឿងសុខភាពខ្លួនឯង និងសុខភាពរបស់ឪពុកម្តាយជាចម្បង។ បើមាតាបិតាឈឺធ្ងន់ធ្ងរ កូនចៅត្រូវតែមានភាពរួសរាន់រកការព្យាបាលឲ្យបានទាន់ពេលវេលា។ តែប្រសិនមានកូនចៅក្នុងគ្រួសារបានរៀបចំពិធីមង្គលការនៅឆ្នាំនេះវានឹងលើករាសីលុបអស់គ្រោះ និងនាំមកនូវរឿងល្អត្រឡប់មកវិញ។ បើយោងទៅតាមក្បួនខ្នាតចិននោះ លោកអ្នកកើតឆ្នាំ ម្សាញ់ មិនត្រូវចេញដំណើរទៅចូលរួមក្នុងពិធីបុណ្យសពឡើយ ព្រោះខ្លាចឆុង។ លោកអ្នកក៏ប្រយ័ត្នចំណីអាហារក្រែងយាយីដល់សុខភាព។ លោកអ្នកក៏មិនត្រូវប្រកាន់ខ្ជាប់ចរិត ឬចិត្តឆេវឆាវឡើយព្រោះអាចកើតរឿងធំដោយសារតែអារម្មណ៍មួយភ្លើង។ លោកអ្នកមិនត្រូវតោងយករករឿងដាក់ខ្លួនដោយការចូលចិត្តឈឺឆ្អាលរឿងអ្នកដទៃនោះឡើយ ក្រែងបង្កគ្រោះអន្តរាយដល់ខ្លួនវិញដោយសារការជួយមនុស្សជាប្រភេទក្រពើវង្វេងបឹង ឬស៊ីបាយបោកឆ្នាំងជាដើម។
|
ឆ្នាំមមី តាមក្បួនចិនអ្នកមានអាយុ២,១៤, ២៦, ៣៨, ៥០, ៦២, ៧៤, ៨៦ និង៩៨ឆ្នាំ។ លោកអ្នកដែលមានកំណើតកើតឆ្នាំមមីសម្រាប់ជោគជតារាសីឆ្នាំនេះអាចនិយាយបានថា មានរាសីល្អជាងគេបង្អស់ក្នុងចំណោមឆ្នាំទាំង១២សម្រាប់ឆ្នាំ២០១៥។ រាសីឆ្នាំមមីឆ្នាំនេះ ខាងប្រុសមានលាភល្អជាងខាងស្រី។ បុរសឆ្នាំមមីមានយីអ៊ុនល្អក្នុងការប្រកបរបរកស៊ីដោយមានភាពកាក់កបធូរធារបានសម្បត្តិសម្បូរហូរហៀរ ខណៈអ្នកធ្វើការងារវិញអាចមានការឡើងបុណ្យស័ក្តិ ឬនាយចៅហ្វាយជ្រោមជ្រែង។ ចំពោះស្រ្តីវិញត្រូវតោងយកនូវភាពប្រុងប្រយ័ត្នចំពោះរឿងសម្ព័ន្ធស្នេហាជាមួយគូស្នេហ៍ព្រោះអាចត្រូវគេក្បត់ចិត្ត។ អ្នកកើតឆ្នាំមមី មិនត្រូវយកខ្លួនបៀតនឹងការឈ្លោះប្រកែកគ្នានានាឡើយព្រោះអាចជះមកលើខ្លួនវិញ។ ដាច់ខាតកុំយកខ្លួនបៀតនឹងរឿងល្បែងស៊ីសង ព្រោះថាវាអាចនាំមកនូវភាពវិនាសទ្រព្យសម្បត្តិ។ ចំពោះរឿងរកស៊ីជួញដូរវិញ លោកអ្នកហាមមានចិត្តលោភលន់ ហាមរកស៊ីដាក់ទុនធំ និងហាមប្រថុយចង់បានលាភបែបក្ដៅក្រហាយ។ ក្រុមគ្រួសារពោរពេញដោយសុភមង្គល និងលាភជ័យសិរីសួស្ដីមិនមានសមាជិកណាម្នាក់ជួបគ្រោះភ័យចង្រៃគួរឲ្យបារម្ភនោះឡើយ។
|
ឆ្នាំមមែ តាមក្បួនចិនអ្នកមានអាយុ១, ១៣, ២៥, ៣៧, ៤៩, ៦១, ៧៣, ៨៥ និង៩៧ឆ្នាំ។ សម្រាប់លោកអ្នកកើតឆ្នាំមមែឆ្នាំនេះគឺត្រូវនឹងពេលវេលាត្រូវជាន់ឆ្នាំគ្នា ខណៈជោគជតារាសីស្រដៀងគ្នាទៅនឹងអ្នកកើតឆ្នាំឆ្លូវដែរ។ គួរប្រកាន់ខ្ជាប់នូវត្រណមបីយ៉ាងដូចជាការទៅចូលរួមបុណ្យសព ពិធីសែនព្រេនដូនតាថ្ងៃរៀបការ និងចូលបន្ទប់ផ្សំដំណេកកូនកំលោះកូនក្រមុំ។ លោកអ្នកគួរតែរកគ្រូទាយ ឬជាវយ័ន្តទៅសែនលើករាសីខ្លួនឲ្យបានចំនួនបីលើកក្នុងមួយឆ្នាំ។ លើកទីមួយគឺត្រូវធ្វើថ្ងៃទី ២៧ ខែកុម្ភៈ លើកទីពីរថ្ងៃទី១ ខែកញ្ញា និងលើកទីបីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ ទើបអាចរំដោះគ្រោះភ័យបានធូរស្បើយ។ ទោះបីលោកអ្នកកើតឆ្នាំមមែ ត្រូវមានឧបសគ្គ ឬគ្រោះតិចតួចកើតមានឡើងក្តី ក៏មិនត្រូវមានការព្រួយបារម្ភពេកទេ គឺលោកអ្នកត្រូវតោងយកការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវចាំមើលហេតុការណ៍ដែលនឹងកើតឡើងសិនដើម្បីព្យាយាមរកមធ្យោបាយសន្សឹមៗដោះស្រាយបញ្ហាទៅតាមស្ថានភាពជាក់ស្ដែង។ ម្យ៉ាងទៀតលោកអ្នកមិនត្រូវចេញមុខ ពាំងខ្លួនទៅនឹងការដោះស្រាយបញ្ហាផ្សេងៗជំនួសគេឡើយក្រែងនាំចំហាយរាសីមិនល្អដល់ខ្លួន។
|
ឆ្នាំវក តាមក្បួនចិនអ្នកមានអាយុ១២, ២៤, ៣៦, ៤៨, ៦០, ៧២, ៨៤ និង៩៦ឆ្នាំ។ លោកអ្នកកើតឆ្នាំវកមានរាសីល្អដូចគ្នា ទាំងស្រីទាំងប្រុសតែម្តងព្រោះថា គូគ្រងរបស់ខ្លួននឹងបានមកដល់ហើយនៅឆ្នាំនេះ ដោយសារឆ្នាំក្រោយឆ្នាំត្រូវឡាក់ឆុងឆ្នាំវកជាន់គ្នា ដែលជាត្រណមខ្លាំងនៅក្នុងក្បូនតម្រារបស់ចិន។ លោកអ្នកកើតឆ្នាំវក ត្រូវតោងយោងយកការថែទាំសុខភាពខ្លួនជាចម្បងទើបល្អ។ គួរប្រកាន់ខ្ជាប់នូវសុភាសិត «សន្សឹមៗកុំបំបោល» ព្រោះទ្រព្យនឹងហូរចូលតក់ៗមិនដាច់ឡើយ។ ប្រសិនបើខិតខំធ្វើការងារ រកស៊ីខ្លាំងពេកអាចបណ្តាលឲ្យមានបញ្ហាសុខភាព ឬមានជំងឺឈឺថ្កាត់។ បើយកល្អនោះមិនត្រូវទៅសួរសុខទុក្ខញាតិមិត្ត ជិតខាងណា ដែលជាអ្នកជំងឺមានជំងឺឆ្លងនានាតាមមន្ទីរពេទ្យឡើយ ព្រោះវាជាស្ថានភាពមួយប៉ះពាល់ដល់សុខភាពខ្លួនឯង ឬអាចឆ្លងជំងឺក៏ថាបាន។ ប្រុសៗកុំសេពគប់នឹងក្រុមស្រីស្អាតឲ្យសោះព្រោះអាចចាញ់ល្បិចកលរបស់នារីឆើត។ មិនតែប៉ុណ្ណោះអ្នកកើតឆ្នាំវកត្រូវប្រកាន់ខ្ជាប់នូវភាពអនាម័យលើចំណីអាហារប្រចាំថ្ងៃឲ្យបានខ្ជាប់ខ្ជួនបំផុត។
|
ឆ្នាំរកា តាមក្បួនចិនអ្នកមានអាយុ១១, ២៣, ៣៥, ៤៧, ៥៩, ៧១, ៨៣និង៩៥ឆ្នាំ។ សម្រាប់លោកអ្នកកើតឆ្នាំរកា គួរកុំតោងយកការឈ្លោះប្រកែកគ្នាជាមួយគេឯងព្រោះជាឆ្នាំដែលត្រូវគេតម ដោយមើលឃើញអាចមានការបង្ហូរឈាម។ ចំពោះស្រ្តីកើតឆ្នាំរកា អាចត្រូវប្រុសស្នេហ៍មានចិត្តផិតក្បត់នាំមកនូវរឿងអាស្រូវនានា។ សម្រាប់ការសិក្សា ឬការងាររកស៊ីវិញគឺមានដំណើរបានល្អដោយភាពរលូន។ បើមិនចាំបាច់ លោកអ្នកគួរចៀសវាងការធ្វើដំណើរ ឬដើរហើរនាពេលយប់ព្រោះថាវាអាចមានគ្រោះថ្នាក់កើតដល់ខ្លួនដោយប្រការណាមួយ។ ចំពោះឆ្នាំរកានេះដែរមិនមានការឆុងនឹងឆ្នាំមមែឡើយ ប៉ុន្តែលោកអ្នកត្រូវតែតោងយកការថែទាំ និងរក្សានូវសុខភាពឪពុកម្តាយឲ្យបានល្អប្រសើរជាការប្រពៃ។ រីឯការចាយវាយលុយកាក់ក្នុងគ្រួសារវិញត្រូវពិនិត្យមើលឲ្យបានល្អតាមប្រភពចំណូលរបស់ខ្លួន និងមិនត្រូវធ្វើតាមរូបមន្តទូកតូចក្តោងធំឡើយ។
|
ឆ្នាំច តាមក្បួនអ្នកមានអាយុ១០, ២២, ៣៤, ៤៦, ៥៨, ៧០, ៨២, និង៩៤ឆ្នាំ។ លោកអ្នកដែលបានកើតនៅឆ្នាំច អាចនិយាយបានថាមានរាសីល្អផង និងមិនល្អ ឬឆុងផង និងមិនឆុងជាមួយនឹងឆ្នាំមមែ។ តាមទំនៀមទម្លាប់ចិន និងចិនម៉ុងហ្គោលី តែងយកសត្វឆ្កែប៊ែរហ្សេទៅយាមពេល ឃ្វាលពពែ ដូច្នេះអាចមានកើតគ្រោះតិចតួចដោយការឈឺឆ្អាលរឿងគេ។ ឆ្នាំនេះលាភសក្ការៈវិញងាយហូរចូល ហើយក៏ងាយរសាត់ចេញដែរបើធ្វេសប្រហែសខ្ជះខ្ជាយ។ ជាពិសេសអ្នកមិនត្រូវរវល់នឹងមនុស្សខ្ចាត់ព្រាត់ឡើយព្រោះពួកគេអាចជាមនុស្សក្រពើវង្វេងបឹង មនុស្សស៊ីបាយបោកឆ្នាំង។ ចូរកុំឈ្លោះប្រកែកគ្នា កុំយករឿងប្តីប្រពន្ធរបស់គេមកចេញមុខពាំងខ្លួនដោះស្រាយឲ្យសោះព្រោះអាចនាំគ្រោះដល់ខ្លួនវិញ។ នៅក្នុងផ្ទះ សមាជិកគ្រួសារមានការចេះអត់ឱនឲ្យគ្នាទៅវិញទៅមកទើបមានសុភមង្គលរុងរឿង។
|
ឆ្នាំកុរ តាមក្បួនចិនអ្នកមានអាយុ៩, ២១, ៣៣, ៤៥, ៥៧, ៦៩, ៨១ និង៩៨ឆ្នាំ។ លោកអ្នកមានយីអ៊ុនល្អសម្រាប់កើតឆ្នាំកុរ តែត្រូវតោងយកការប្រយ័ត្នប្រយែងនឹងសុខភាពខ្លួន។ របររកស៊ី ឬបំពេញកិច្ចការងារដំណើរការល្អប្រពៃ តែកុំចាប់យកការឈ្លោះប្រកែកនឹងគេ អាចមានគ្រោះដាក់ខ្លួនដោយសារនៅឆ្នាំនេះ សត្វខ្លាសអាចចូលមករកលោកអ្នកកើតឆ្នាំកុរ។ ការធ្វើដំណើរជិតឆ្ងាយត្រូវប្រយ័ត្នប្រយែង លោកអ្នកអាចទៅរកកន្លែងសែនណាដែលមានខ្លាសដើម្បីសែនព្រេននានា បើតាមក្បួនចិនគេចូលចិត្តយកសាច់ជ្រូកបីជាន់ឆៅទៅដាក់សែននៅត្រង់មាត់ខ្លា និងយកពងទាឆៅពីរមកសែន ដោយមួយមកគោះក្បាលខ្លាស និងមួយទៀតគប់នៅតាមផ្លូវដើម្បីបញ្ចៀសគ្រោះថ្នាក់។
|
Contact PhnomPenh Post for full article
Post Media Co LtdThe Elements Condominium, Level 7
Hun Sen Boulevard
Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia
Telegram: 092 555 741
Email: webmasterpppost@gmail.com