ភ្នំពេញៈ រដូវកាល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំច នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ ខណៈ​ថ្ងៃ​សែន​ធំ​ត្រូវ​រៀបចំ​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី ១៥ ខែ​កុម្ភៈ ឆ្នាំ ២០១៨។

ជាមួយនឹង​បទពិសោធ​ទស្សន៍ទាយ​ប្រមាណ ២ ទសវត្សរ៍ ហោរា​ចិន​សែ​មាន​វ័យ ៦៨ ឆ្នាំ លោក អ៊ៅ ណន ហៅ​គ្រូ​ម៉ុង ដែល​ផ្ទះ​ស្ថិត​នៅ​ទល់​មុខ​ចំ​ខ្លោង​ទ្វារ​ខាង​កើត​វត្ត​ព្រះពុទ្ធ​ឃោសាចារ្យ ហៅ​វត្ត​ចិន​ដំដែក បាន​ធ្វើការ​បកស្រាយ​ជោគ​ជតា​រាសី ដោយ​សង្ខេប​ដំណើរ​ជីវិត​នៃ​ឆ្នាំ​នីមួយៗ​ប្រចាំ​ឆ្នាំ ២០១៨។

ចំណែក​គ្រឿង​សែន​ទទួល​ទេវតា​វិញ ផ្លែក្រូច​ឃ្វិច​ពណ៌​មាស ឬ​លឿង​គឺជា​សំណែន​ចាំ​បាច់​ខាន​មិន​បាន ក្រៅ​ពី​គ្រឿង​សំណែន​ផ្សេងៗ ខណៈ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ច​មាន​ធាតុដី ដូច្នេះ​រាល់​វត្ថុ​អ្វីៗ​មាន​ពណ៌​មាស ឬ​ក្រហម​ឆ្អៅ ឬ​ពណ៌​លឿង យ៉ាង​ណា​ដូចជា​ផ្កា​អង្គាសីល​ជាដើម​នោះ​ក៏​ជា​និមិត្ត​រូប​នៃ​ភាព​សម្បូរ​សប្បាយ និង​មាន​បាន​សម្រាប់​ការ​សែន​ទេវតា​ចូល​ឆ្នាំ​ចិន​ផង​ដែរ។

ឆ្នាំនេះ​ត្រី​បំពង​គឺជា​អាហារ​សាច់​ល្អ​ក្នុងការ​សែន​ឆ្នាំច​នេះដែរ ប្រសិន​បើ​អាច​ចៀស បាន​គួរ​កុំ​ប្រើ​សាច់​មាន់​សែន​អី ព្រោះ​ថា ឥទ្ធិពល​នៃ​ឆ្នាំ​ចាស់​ឆ្នាំ​រកា ជា​សត្វ​មាន់ ហាក់​នៅ​មាន​អំណាច​នៅ​ឡើយ​ទេ តែ​ក៏​មិន​ហាម​ដាច់​ខាត​ដែរ។ ម្យ៉ាង​ទៀត​ការ​សែន​ត្រី​បំពង​នេះ គឺ​ត្រូវ​បាន​ត្រី​មួយ​គូ បើ​បាន​ក្បាល​ធំ​ជា​រឿង​ល្អ​តាម​ជំនឿ​ចិន ក្បាល​ត្រី​ធំ​ជា​និមិត្តរូប​នៃ​អំណាច​ដឹកនាំ​គ្រប់​វិស័យ ដោយ​ចាប់​រាប់​ពី​មេ​គ្រួសារ​ទៅ។

រីឯ​ត្រណម​ក៏មាន​ដែរ​សម្រាប់​ជោគ​ជ​តារា​សី​ឆ្នាំ​ថ្មី​នេះ គឺ​ហាម​យក​ចង្ក្រាន​បាយ​ទៅ​ដាក់​ពី​ក្រោម​កាំជណ្តើរ ឬ​ក្រោម​បង្គន់ ខណៈ​ការ​ដេក​សម្រាក​កុំ​ដាក់​ក្បាល​គ្រែ​នៅ​ក្រោម​មាត់​បង្អួច​ឲ្យ​សោះ ព្រោះ​ថា ជា​ការ​នាំ​ឲ្យ​មាន​អាប់​រាសី។

បម្រាម​មួយទៀត​មិនត្រូវ​យក​ជើង​លោក​អ្នក​ធាក់​មាត់​ទ្វារ​ចេញ​ចូល ឬ​បន្ទប់ទឹក​ឡើយ​ព្រោះ​បាត់បង់​លាភ និង​ហាម​ប្រើ​កញ្ចក់​ចាំង​ពន្លឺ​ចំ​មាត់​ទ្វារ​ចេញ​ចូល ឬ​មាត់​ទ្វារ​បន្ទប់​ដែរ។

បើតាម​ក្បួនតម្រា​ចិន​សម្រាប់​ការ​កាត់​ឆុង​គឺមាន​សារៈ​សំខាន់​ខ្លាំង ហើយ​ការ​កាត់​ឆុង​នេះ​ស្មើ​នឹង​ការ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ដល់​ទៅ​ចំនួន ៧ វត្ត​ឯណោះ។ ទីកន្លែង​កាត់​ឆុង​ដ៏ល្អ​នៅ វិហារ​ចិន​នៃ​តំបន់​វត្ត​ភ្នំ។ រីឯ​សំណែន​នៃ​វិធី ​កាត់​ឆុង​គឺ​មាន​សាច់​ជ្រូក​ឆៅ​ចំនួន ៣-៤ ខាំ​ច្រៀក​ជា ៣-៤ ចម្រៀក ពង​ទា​ឆៅ ៣-៤ គ្រាប់ និង​ក្រូច​ឃ្វិច ៦ ផ្លែ។ សាច់ជ្រូក​ត្រូវ​ដាក់​ក្នុង​មាត់​រូប​ចម្លាក់​ខ្លា និង​គប់​បំបែក​ពង​ទា​ឆៅ​ឲ្យ​ហៀរ​ប៉ះ​នឹង​ធ្មេញ​ខ្លាស​នៅ​ឯ​វត្តភ្នំ​នោះ ខណៈ​ម៉ោង​ដ៏​ល្អ​ក្នុងការ​ធ្វើ​ពិធី​កាត់​ឆុង​គឺ​ចាប់ពី​ម៉ោង ២ រសៀល​ដល់​ម៉ោង ៥ ល្ងាច។

ឆ្នាំជូត

រាសី​ឡើង​ខ្ពស់។ លោក​អ្នក​កើត​ឆ្នាំជូត រាសី​ឡើង​ខ្ពស់​ក្នុង​ឆ្នាំ​ចនេះ។ រាល់​ការ​រកស៊ី ឬ​ការ​បំពេញ​ការងារ​ផ្សេងៗ​មាន​ជោគ​ជ័យ សម​សួន​ទៅ​តាម​មុខរបរ និង​មាន​លាភ​សំណាង​ហូរ​ចូល​មិន​ពិបាក​ខ្វាយ​ខ្វល់​ចិត្ត។

យ៉ាង​ណា​ក៏ត្រូវ​ធ្វើ​ពិធី​កាត់​ឆុង​ដែរ​គឺ​ធ្វើ​នៅ​ខែ​មីនា ឆ្នាំ ២០១៨។ ចំណែក​ការរ​ក​គូស្រករ​វិញ ដូចជា​មិន​មាន​អ្វី​កើត​ឡើង​ដែល​អាច​នាំ​ឲ្យ​មាន​ជា​ឧបសគ្គ​នោះ​ឡើយ។ ឆ្នាំ​នេះ​លោក​អ្នក​អាច​រក​អ្នក​យល់ចិត្ត​យល់​ថ្លើម​បាន និង​មាន​ក្តី​ស្នេហ៍​សម្រាប់​ជា​កោះ​ត្រើយ​នៃ​ថ្ងៃ​មង្គលការ​របស់​ខ្លួន​បាន​ល្អ​ផង​ដែរ។

ឆ្នាំឆ្លូវ

រាសី​ល្អ​បង្គួរ។ សម្រាប់​លោក​អ្នក​កើត​ឆ្នាំឆ្លូវ​គឺមាន​រាសី​មធ្យម ហើយ​មានការ​លំបាក​លំបិន​ខ្វល់​ខ្វាយ​ចិត្ត​ច្រើន តែ​រាល់​វិបត្តិ​ទាំង​នោះ​នឹង​សាបសូន្យ​បាត់បង់​អស់​វិញ​ជា​បណ្តើរ។

ខណៈ​ការ​ប្រកប​របរ និង​បំពេញ​ការងារ​ផ្សេងៗ​ដាក់​ចុះ​ដុះ​ឡើង​ទៅ​មុខ​ជោគជ័យ​គួរសម តែ​ក៏​ត្រូវ​តែ​តោង​យក​ការ​ប្រុង​ប្រយ័ត្ន​ផង។ រីឯ​អ្នក​មិន​ទាន់​មាន​គូកន ទាំង​ប្រុស​ស្រី​គឺ​ដល់​វ័យ​ត្រូវ​រៀបការ​ហើយ និង​អាច​រក​វេលា​ដើម្បី​គិតគូរ​បាន​គ្មាន​ឧបសគ្គ​ឡើយ។ សម្រាប់​អ្នក​កើត​ឆ្នាំឆ្លូវ​ក៏ត្រូវ​ទៅ​កាត់​ឆុង​ដែរ​ឲ្យ​បាន​មុន​ខែ​ធ្នូ ឆ្នាំ ២០១៨។

ឆ្នាំខាល

រាសី​មធ្យម។ អ្នក​កើត​ឆ្នាំខាល​សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​ចនេះ មាន​រាសី​មធ្យម។ ទោះបី​ជា​លោក​អ្នក​មាន​ការ​លំបាក​ចិត្ត​យ៉ាងណា​ក្តី បើ​រៀបចំ​ទៅ​តាម​ក្បួន​ខ្នាត​ចិន​សែ​បាន​ត្រឹម​ត្រូវ​នឹង​ក្លាយជា​វេលា​សម្រាប់​ការ​ប្រកប​របររ​កទ​ទួល​ទាន ឬ​ការ​បំពេញ​ការងារ​នានា។

ដើម្បី​បាន​សុខ​ត្រូវ​កាត់​ឆុង​នៅ​ដំណាច់​នៃ​ខែ​កុម្ភៈ ឆ្នាំ ២០១៨ នេះ ដែល​រំលង​សែន​ប៉ុន្មាន​ថ្ងៃ។ ប្រការ​សំខាន់​ត្រូវ​ចេះ​ធ្វើ​បុណ្យទាន​ឲ្យ​បាន​ច្រើន ព្រោះ​តាម​ទំនាយ​មាន​កម្ម​ពៀរ ៣ ជាតិ តម្រូវ​ឲ្យ​ធ្វើ​ទាន​លែង​ត្រី ឬ​ចាប។ ចំពោះ​គូស្នេហ៍ ឬ​គូស្រករ​វិញ​គប្បី​ធ្វើ​ទៅ​តាម​ដំណើរ។

ឆ្នាំថោះ

រាសី​ឡើង​ខ្ពស់។ ចំពោះ​លោកអ្នក​កើត​ឆ្នាំថោះ​គឺមាន​រាសី​ឡើង​ខ្ពស់​ក្នុង​ឆ្នាំច​នេះដែរ។ សម្រាប់​រាល់​កិច្ចការ​រកស៊ី ឬ​ការ​បំពេញ​ការងារ​ផ្សេងៗ​មាន​ជោគជ័យ​សម​សួន​ទៅ​តាម​មុខរបរ​និង​មាន​លាភ​សំណាង​ហូរ​ចូល​មិន​ពិបាក​ចិត្តខ្លាំង​នោះ​ឡើយ។

ទោះជា​យ៉ាង​ណា ក៏ត្រូវ​ធ្វើ​ពិធី​កាត់​ឆុង​ដែរ​គឺ​ធ្វើ​នៅ​ដំណាច់​ខែ​មីនា ឆ្នាំ ២០១៨។ ចំណែកឯ​ការរក​គូស្រករ​វិញ​នោះ​ដូចជា​មិន​មាន​អ្វី​កើត​ជា​ឧបសគ្គ​នោះ​ឡើយ គឺអាច​រក​អ្នក​យល់​ចិត្ត​យល់​ថ្លើម​បាន និង​មាន​ក្តី​ស្នេហ៍​សម្រាប់​កោះ​ត្រើយ​នៃ​ថ្ងៃ​មង្គលការ​របស់​ខ្លួន​បាន​ផង​ដែរ។

ឆ្នាំរោង

រាសី​ស្រុតចុះ​ខ្លាំង។ សម្រាប់​អ្នក​កើត​ឆ្នាំរោង នា​ឆ្នាំ​ថ្មី​នេះ រាសី​ស្រុត​ចុះ ក្រោម​ខ្លាំង​ហើយ​ក៏​ឆុង​ខ្លាំង​ជាង​គេ​ជាមួយ​នឹង​ឆ្នាំ​ច​តែ​ម្តង។ តែ​ការ​ប្រកប​របរ​រកស៊ី ឬ​ការងារ​ផ្សេងៗ​រក​បាន​បែប​តក់ៗ​មិន​ដាច់​ឡើយ។ បុរស​ស្ត្រី​នៅ​លីវ​គឺ​មិន​សូវ​ល្អ​សម្រាប់​ការរក​ដៃគូ ឬ​គូស្រករ​រៀបចំ​មង្គលការ​ដើម្បី​បន្ត​វង្ស​ត្រកូល​ទេ ខណៈ​សង្គម​គ្រួសារ​ក៏​មិន​សូវ​ជា​ល្អ​ដែរ។

ម្យ៉ាង​ទៀត​អ្នក​កើត​ឆ្នាំរោង ច្រើន​ប្រើ​គំនិត​ដើរ​ខ្សែ​លើ​គេ និង​ចូលចិត្ត​លួង​លោម​គេ​ប្រើ ហើយ​មិន​ឲ្យ​តម្លៃ​គេ​ទៀត ព្រោះ​មាន​ចរិត​អួត​លើ​ខ្លួនឯង។ ការ​កាត់​ឆុង​ដ៏​ល្អ​គឺត្រូវ​ធ្វើ​ឲ្យ​បាន​មុន​ដាច់​ខែ​កុម្ភៈ ឆ្នាំ ២០១៨ ទើប​ជា​ពេល​ល្អ​ប្រសើរ។

ឆ្នាំម្សាញ់

រាសី​ល្អ​បង្គួរ។ លោកអ្នក​កើត​ឆ្នាំម្សាញ់ មាន​រាសី​ល្អ​បង្គួរ ហើយ​មិន​មានការ​ឆុង​ទៅ​នឹង​ឆ្នាំច​ជា​ម្ចាស់​ផ្ទះ​នោះ​ទេ។ រាល់​ការ​ប្រកប​មុខរបរ​រក​ស៊ី និង​បំពេញ​ការងារ​នានា គឺមាន​ដំណើរការ​ល្អ​ចាប់​ពី​ដើម​ឆ្នាំ​ត​ទៅ តែ​ក៏​ចាយ​ធូរៗ ឬ​លើស​ចំណូល​ដែរ ប្រការ​សំខាន់​កុំ​ឆាប់​ជឿ​គេ​ពេក​ព្រោះ​អាច​ខាតបង់​ទ្រព្យ ដូច្នេះ​ត្រូវ​ចេះ​វិនិច្ឆ័យ​ត្រង់​ចំណុច​នេះ​ផង។

អ្នក​នៅ​លីវ​ទាំង​ស្រី​ប្រុស​អាច​ជា​វេលា​ល្អ​ក្នុង​ការ​រក​គូ​បាន មិន​មាន​ភាព​សៅ​ហ្មង​អ្វី​ឡើយ តែ​លោក​អ្នក​ត្រូវ​កាត់​ឆុង​ចម្លង​គ្រោះ​ឲ្យ​បាន​ម្តង​ផង​សម្រាប់​ឆ្នាំ​ថ្មី​នេះ។

ឆ្នាំមមី

រាសី​ឡើង​ខ្ពស់។ លោកអ្នក​កើត​ឆ្នាំមមី រាសី​ឡើង​ខ្ពស់។ លោក​អ្នក​ជា​អ្នក​មាន​ស្មារតី​ល្អ រវៀស​រវៃ ចេះ​គិត​គូរ និង​ប៉ាន់ស្មាន​បាន​ត្រឹមត្រូវ​គ្រប់​ប្រភេទ​មនុស្ស​តែម្តង។ ចំណែក​ឯ​គូស្នេហ៍​ក្នុង​សង្គម​គ្រួសារ​មាន​ភាព​ល្អូក​ល្អិន​នឹង​គ្នា។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏ត្រូវ​កាត់​ឆុង​ចម្លង​គ្រោះ​ដែរ​គឺ​ធ្វើ​នៅ​ក្នុង​ខែ​មេសា ឆ្នាំ ២០១៨។ ចំពោះ​លោក​អ្នក​នៅ​លីវ ទាំង​ប្រុស និង​ស្រី​វិញ​គឺ​អាច​ជា​ពេល​វេលា​ល្អ​នៅ​ក្នុង​ការ​រៀបចំ​មង្គលការ ឬ​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​រក​គូកន ដើម្បី​បង្កើត​ក្រុម​គ្រួសារ​នឹង​គេ​តែម្តង។

ឆ្នាំមមែ

រាសី​មធ្យម។ រាសី​សម្រាប់​អ្នក​កើត​នៅក្នុង​ឆ្នាំមមែ​គឺ​មធ្យម តែប៉ុណ្ណោះ។ រាល់​ការ​រក​ស៊ី​នានា​រលូន​គួរសម និង​មាន​លក្ខណៈ​សន្សឹមៗ​ទៅ​មុខ​ជានិច្ច។ រីឯ​ស្ថានភាព​គ្រួសារ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ដែរ តែ​ក៏ត្រូវ​កាត់​ឆុង​នៅ​ខែ​មិថុនា ឆ្នាំ ២០១៨ ផង​ទើប​អាច​ឆ្លង​ផុត​គ្រោះ​កាច​បាន។ អ្នក​នៅ​លីវ​គឺ​ដល់​វេលា​ត្រូវ​រៀបចំ​ពិធី​មង្គលការ ទៅ​តាម​ការ​គួរ​ហើយ​ព្រោះ​ជា​វេលា​ល្អ​សម្រាប់​រក​គូកន​ផងដែរ។ តែ​លោក​អ្នក​ក៏ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន​ផង​ដែរ ព្រោះ​ថា​លោក​អ្នក​អាច​នឹង​ចាញ់​កល ឬ​ចាញ់​បោក​គេ និង​កុំ​ឆាប់​ជឿ​គេ​ពេក។

ឆ្នាំវក

រាសី​ល្អ​បង្គួរ។ លោកអ្នក​កើត​ឆ្នាំវក រាសី​ល្អ​បង្គួរ ព្រោះ​ទើបតែ​រួច​ផុត​ពី​គ្រោះកាច​កាល​ឆ្នាំ​កន្លង​មក។ តែ​ឆ្នាំ​វក​ច្រើន​ជា​អ្នក​មិនសូវ​ខ្វាយខ្វល់​ចិត្ត​ច្រើន​ទេ ហើយ​ដើម្បី​មាន​ក្តី​សុខ ក៏ត្រូវ​កាត់​ឆុង​នៅ​ខែ​កក្កដា ឆ្នាំ ២០១៨ ខណៈ​លោក​អ្នក​អាច​នឹង​ជួប​គ្រោះ​បាត់​ទ្រព្យ។ ចំពោះ​អ្នក​កើត​ឆ្នាំវក​គប្បី​មាន​ការ​គិត​ពិចារណា​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ក៏​កុំ​ឆាប់​ជឿ​គេ​ពេក និង​ក៏​មិន​ត្រូវ​ទម្លាក់​ការងារ​ខ្លួន​ទៅ​ស្រវា​ជួយ​គេ​ដែរ ព្រោះ​ខាត​លាភ​ខ្លួន។ សម្រាប់​អ្នក​នៅ​លីវ​គឺ​អាច​ជា​ពេល​ល្អ​រក​គូស្រករ​ឆ្នាំ​នេះ។

ឆ្នាំរកា

រាសី​ឡើង​ខ្ពស់។ លោកអ្នក​កើត​ឆ្នាំរកា រាសី​ខ្ពស់​ខ្លាំង ដោយសារ​តែ​ទើប​ឆ្លង​ផុត​ពី​ភាព​ជា​ម្ចាស់​ឆ្នាំ។ សម្រាប់​បុរស​នៅ​ឆ្នាំរកា​នេះ ហាក់​ដូចជា​មាន​ឫទ្ធិ​អំណាច​ខ្លាំង​ក្លា​ជាង​ស្ត្រី តែ​មិន​មែន​បែប​ជា​មនុស្ស​ឆេវឆាវ​កំរោល​ឡើយ។

រីឯ​ការ​ប្រកប​របរ​រកស៊ី​នានា មិន​មាន​បញ្ហា​អ្វី​ចោទ​នោះ​ទេ តែ​ក៏​ត្រូវ​ទៅ​កាត់​ឆុង​ដើម្បី​ឆ្លង​គ្រោះ​គឺ​ប្រែក្លាយ​ពី​គ្រោះ​ទៅ​ជា​លាភ​ដ៏​ល្អ​នៅ​ខែ​សីហា ឆ្នាំ ២០១៨។ ការ​រក​គូស្រករ​វិញ​គឺថា បុរស ឬ​ស្ត្រី កើត​ឆ្នាំ​រកា ក៏​អាច​ជា​វេលា​ដ៏​ល្អ​មួយ​សម្រាប់​រក​គូ​ផង​ដែរ។

ឆ្នាំច

រាសី​មធ្យម។ លោកអ្នក​កើត​ឆ្នាំច រាសី​ឆ្នាំ​មធ្យម ហើយ​ត្រូវ​ជាន់​ឆ្នាំ​គ្នា តែ​មិន មាន​បញ្ហា​អ្វី​ចោទ​ឡើយ។ លោក​អ្នកមាន​ទុក្ខសោក ឬ​រឿង​សៅហ្មង​ក្នុង​ចិត្ត និង​គ្រោះ​កាច​ក៏​តិច​តួច​ដែរ ដោយសារ​តែ​ចំហាយ​កម្ម​ពៀរ​ពី​ជាតិ​មុន និង​ត្រូវ​ប្រយ័ត្ន​ប្រយែង​សុខភាព និង​គប្បី​ចេះ​ធ្វើ​បុណ្យ​ទាន​ឲ្យ​បាន​ច្រើន។

ការ​ប្រកប​របរ​រក​ស៊ី ឬ​បំពេញ​ការងារ​ផ្សេងៗ​ដំណើរ​សន្សឹម។ ចំណែកឯ​លាភ​វិញ​បាន​ដោយ​ធម៌​សេស​សល់​ពី​ទង្វើ​ល្អ​ជាតិ​មុន​ខ្លះ។ អ្នក​កើត​ឆ្នាំច ក៏​អាច​ជា​វេលា​ល្អ​ផ្តើម​សម្ព័ន្ធភាព ឬ​សម្លឹង​មើល​ម្ចាស់​បេះដូង​ខ្លួន។ បើ​យក​ល្អ លោក​អ្នក​ត្រូវ​កាត់​ឆុង​បាន​មុន​ខែ​ឧសភា ឆ្នាំ ២០១៨ នេះ។

ឆ្នាំកុរ

រាសី​មធ្យម។ លោកអ្នក​កើត​ឆ្នាំកុរ រាសី​មធ្យម។ ការប្រកប​របរ​រក​ទទួលទាន​វិញ​ក៏មាន​ដំណើរការ​មធ្យម​គ្មាន​បញ្ហា​រាំងស្ទះ​អ្វី​ទេ។

លោក អ្នក​កើត​ឆ្នាំកុរ​ហាក់​ដូច​ជា​មាន​ភាព​ឆេវឆាវ​បន្តិច ដោយសារ​តែ​ឆាប់​ប្រកាន់​នឹង​ពាក្យ​សម្តី​គេ​ភ្លាមៗ តែ​ក៏​ឆាប់​និយាយ​រក​គេ​វិញ​ផង។ ការ​រក​គូស្រករ​វិញ​ត្រូវ​តែ​ចេះ​សម្រប​ខ្លួន​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង។ យ៉ាង​ណា​លោក​អ្នក​ត្រូវ​តែ​ទៅ​កាត់​ឆុង​នៅ​ខែ​តុលា ឆ្នាំ ២០១៨ ផងដែរ៕