ក្រុង​កំប៉ាឡា : មូហាមេដ សេម៉ានដា ជា​បុរស​អ៊ីស្លាម​អាយុ ៥០ ឆ្នាំ​មក​ពី​ប្រទេស​អ៊ូហ្គង់ដា បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទូទាំង​តំបន់​អា​ហ្រិ្វក កាល​​ពី​ខែ​មុន ពេល​លោក​បាន​រៀប​ការ​ជាមួយ​នារី ៣ នាក់​ក្នុង​ពេល​តែ​មួយ​ ពីព្រោះ​លោក​គ្មាន​លទ្ធភាព​រៀបចំ​ពិធី​ដាច់​ដោយ​ឡែក​។

លោក សាម៉ានដា ជា​អ្នក​លក់​ម្ហូប​ម្ហារ​មក​ពីក្រុង​កាតាប៊ី ក្នុង​ស្រុក​វ៉ាគីសូ ប្រទេស​អ៊ូហ្គង់ដា បាន​ធ្វើ​ឲ្យ​មហាជន​ស្រឡាំងកាំង​ពេល​លោក​បាន​បង្ហាញ​វត្ដមាន​ក្នុង​ព្រះវិហារ​ជាមួយ​ភរិយា ៣ នាក់​ ដោយ​ពួកគេ​ទាំង​នោះ​គ្រង​រ៉ូប​ពណ៌ស​ទាំង​អស់​។ លោក​បាន​​ប្រាប់​​អ្នក​សារព័ត៌មាន​ថា ភរិយា​របស់​លោក​សុទ្ធតែ​បាន​ដឹង​ថា លោក​មិន​មាន​ធន​ធាន​ច្រើន​នោះ​ទេ តែ​ស្ម័គ្រ​ចិត្ដ​ស្ម័គ្រ​កាយ​រួម​រស់​នឹង​គ្នា​។

បុរស​មហា​សំណាង​រូប​នេះ បាន​និយាយ​ថា​៖ «​ភរិយា​ខ្ញុំ​មិន​ចេះ​ប្រចណ្ឌ​ច្រណែន​គ្នា​ឡើយ​។ សំណាង​ល្អ​ ពួកគាត់​សុទ្ធ​តែ​មាន​ផ្ទះ​នៅ​រៀង​ៗ​ខ្លួន​ ហើយ​ខ្ញុំ​សន្យារ​ថា​នឹង​ខិត​ខំ​ធ្វើ​ការងារ​ចិញ្ចើម​ពួកគាត់​»។

ភរិយា​របស់លោក​មាន​ឈ្មោះ សាល់ម៉ាត់ ណាលូ​វូកហ្គេ អាយុ ៤៨ ឆ្នាំ ចេម៉េអូ ណាកាយីហ្សា អាយុ ២៧ ឆ្នាំ និង​ ម៉ាស្ដូឡះ ណាមវ៉ាន់ចេ អាយុ ២៤ ឆ្នាំ សុទ្ធតែ​បាន​បង្ហាញ​ទឹក​មុខ​រីក​រាយ​អំឡុង​ពេល​រៀប​ការ​។ គួរ​ឲ្យ​ចាប់​អារម្មណ៍ ភរិយា​វ័យ ៤៨ ឆ្នាំ បាន​​រៀប​ការ​ជាមួយ​លោក ​មូហាមេដ ២០ ឆ្នាំ​ហើយ។ ដូច្នេះ អាពាហ៍ពិពាហ៍​លើក​នេះ​គ្រាន់តែ​ពិធី​មង្គល​ជា​សាថ្មី​ប៉ុណ្ណោះ​។ គូស្វាមី​ភរិយា​ទាំងពីរ​មាន​កូន ៥ នាក់​រួច​ជា​ស្រេច​។

សួរ​ថា​តើ​មង្គល​ការ​ ៣ ទល់​នឹង ១ នេះ​ ភរិយា​ទីមួយ​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច? អ្នកស្រី មូហាមេដ បាន​ឆ្លើយ​ថា​៖ «​ខ្ញុំ​​អរគុណ​ចំពោះ​​ស្វាមី​​ដែល​បាន​រៀប​ការ​ជាមួយ​យើង​ព្រម​គ្នា​។ វា​ជា​សញ្ញា​បញ្ជាក់​ថា គាត់​នឹង​មិន​រើស​អើស​ ឬ​លម្អៀងទៅ​រក​នរណា​ម្នាក់​ឡើយ​»៕ HR