ភ្នំពេញៈ ក្រោម​ប្រធានបទ​ថា «ការវិវត្ត​នៃ​វិស័យ​តន្ត្រី​នៅ​កម្ពុជា និង​អនាគត» ក្រុម​តារា​ចម្រៀង​ប្រុស​ជា​រលក​ក្រោយៗ​នៃ​ក្រុម​តារា​ចម្រៀង​អូរីជីណល បាន​បើក​សម្ពោធ​ចេញ​ផ្សាយ​នូវ​អាល់ប៊ុម​បទ​ចម្រៀង​ដំបូង​របស់​ខ្លួន​ឈ្មោះ​ថា «I am Original,Stronger Together» នៅ Hard Rock Cafe Phnom Penh នៃ​អគារ Exchange Square ទីតាំង​ស្ថិត​នៅ​ខា​ងក្រោយ​ស្ថានទូត អាមេរិក ប្រចាំ​នៅ​កម្ពុជា ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ កាល​ពី​ល្ងាច​ថ្ងៃទី ៣០ ខែ​ធ្នូ ឆ្នាំ ២០១៧ កន្លង​មក​នេះ។

អាល់ប៊ុម​បទ​ចម្រៀង​ដំបូង​របស់​ក្រុម​តារា​ចម្រៀង​អូរីជីណល ដែល​មាន​ពាក្យ​ស្លោក​រួមគ្នា​មួយ​មាន​ឈ្មោះ​ថា «I am Original, StrongerTogether» នេះ​ជាការ​សហការ​គ្នា​រវាង​តារា​ចម្រៀង​ប្រុស​ស្រី​ចំនួន ១៣ រូប និង​ក្រុម​អ្នក​ដឹកនាំ​វ័យ​ក្មេង​ដ៏​ប៉ិន​ប្រសប់​ក្នុង​ការ​ផលិត MV ចំនួន ១០ រូប​ផងដែរ ដើម្បី​បង្កើត​ជា​អាល់ប៊ុម​ចម្រៀង​អូរីជីណល ឬ​បទ​ចម្រៀង​និពន្ធ​ខ្លួន​ដែល​មិន​ចម្លង​ពី​គេ​មាន​ចំនួន ១០ បទ​នេះ​ឡើង។

លោក ហង្ស សុខារ៉ួ ជាអ្នក​គ្រប់គ្រង​គម្រោង​កម្មវិធី I am Original បាន​ពន្យល់​ពី​គោល​បំណង​នៃ​កម្មវិធី​នេះ​ថា៖ «យើង​ចង់​បង្កើត​សហគមន៍​មួយ​សម្រាប់​ក្រុម​តារា​ចម្រៀង ជា​ពិសេស​ក្រុម​តារា​ចម្រៀង​អូរីជីណល ឲ្យ​ស្ថិត​នៅ​ក្នុង​ផ្នែក​នៃ​ឧស្សាហកម្ម​តន្ត្រី ខណៈ​ក្រុម​ពួកគាត់​មិន​ទាន់​ទទួល​បាន​ការ​គ្រប់គ្រង​ច្បាស់​លាស់ និង​ពេល​ខ្លះ​ទៀត​ពួកគាត់​មាន​បញ្ហា​ចម្រូង​ចម្រាស​ផ្នែក​ច្បាប់​ណាមួយ​ទៀតផង ហើយ​បញ្ហា​នេះ ពួកគាត់​ម្នាក់ៗ​ក៏​មិន​អាច​ដោះស្រាយ​តែ​ឯង​បាន​ទេ គឺ​ពួកគាត់​ត្រូវការ​ការ​គាំទ្រ​ពី​សហគមន៍​របស់​ពួកគាត់​តែម្តង»។

ក្រុម​តារា​ចម្រៀង​អូរីជីណល និង​ក្រុម SmallworldSmallband។ ប៉ាន់ រិទ្ធា​

លោក សុខារ៉ួ បន្តថា៖ «កម្មវិធី I am Original គឺជា​មូលនិធិ​តន្ត្រី​ដំបូង ដែល​មាន​គោល​បំណង​លើក​ស្ទួយ និង​គាំទ្រ​អ្នកនិពន្ធ ផលិតករ និង​តារា​ចម្រៀង ដែល​បាន​ខិតខំ​បង្កើត​ស្នាដៃ​ថ្មី​ប្រក​ដោយ​គំនិត​ច្នៃ​ប្រឌិត។ ម្យ៉ាង​ទៀត​កម្មវិធី​ក៏​ផ្តល់​នូវ​ជំនួយ​ក្នុងការ​បណ្តុះ​បណ្តាល​ពួកគាត់​ឲ្យ​ធ្វើ​ការងារ​សិល្បៈ​អស់​ពី​សមត្ថភាព ដើម្បី​ចូលរួម​ចំណែក​នៅ​ក្នុង​វិស័យ​តន្ត្រី​នៅ​កម្ពុជា​ឲ្យ​មាន​ការ​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀតផង​ដែរ»។

លោក Sai តារា​ចម្រៀង​អូរីជីណល ម្ចាស់​បទ «Bae Friend» យល់​ឃើញ​ថា៖ «ខ្ញុំ​គិត​ថា កម្មវិធី​នេះ​ល្អ សម្រាប់​ក្រុម​តារា​ចម្រៀង អ្នក​និពន្ធ​បទ​ចម្រៀង ដែល​ខិតខំ​តែង​និពន្ធ​បទថ្មីៗ មិន​ចម្លង​ពី​បរទេស មាន​ឱកាស​អាច​បង្ហាញ​នូវ​ស្នាដៃ​របស់​ខ្លួន​បាន។ នេះ​ជា​ការ​បើក​ទំព័រ​ថ្មី​មួយ​នៅ​កម្ពុជា​យើង​ឲ្យ​បាន​ដឹង​ថា អ្វី​ទៅ​គឺជា​បទ​ចម្រៀង​តែង​និពន្ធ​ថ្មី ហើយ​ថា​តើ​វា​មាន​សារៈ​សំខាន់​យ៉ាង​ណា? តាម​ការ​សង្កេត​របស់​ខ្ញុំ ឃើញ​ថា មាន​យុវវ័យ និង​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​ចាប់ផ្តើម​យល់​ពី​វិស័យ​ចម្រៀង​តែង​និពន្ធ​បទ​ចម្រៀង​បាន​ដោយ​ខ្លួនឯង ឬ​ហៅថា បទ​អូរីជីណល និង​ចាប់ផ្តើម​គាំទ្រ​ចម្រៀង​ប្រភេទ​នេះ​ផងដែរ»។

ចំពោះ​អាល់ប៊ុម​បទ​ចម្រៀង​ដំបូង​មាន ១០ បទ ឈ្មោះ​ថា «I am Original, Stronger Together» នោះ​មាន​តារា​ចម្រៀង​ប្រុស​ស្រី​ដូចជា​លោក ម៉ា ច័ន្ទបញ្ញា អ្នកនាង អេដា លោក P-Sand លោក Sai កញ្ញា Nikkie Nikkie កញ្ញា រុន ស៊ីរ៉ា លោក វ៉ាន់ ចេស្តា កញ្ញា កៅ សុហ្វីយ៉ា (Sophia) តារា​ចម្រៀង Sivping Chong និង​ក្រុម Smallworld Smallband (ក្រុម​មាន​សមាជិក ៤ នាក់ ស្រី ១ ប្រុស ៣) ខណៈ​បទ​ចម្រៀង ១០ បទ នោះ​រួមមាន​ដូចជា​បទ «I wonder» បទ «Bae Friend» បទ«Middle Man» បទ«Single Trip» បទ «High like A Star» បទ «Please» បទ «The Heart of Cambodia » បទ« You Need To Stop» បទ «Bersen» និង​បទ«Happiness»៕