ភ្នំពេញ: នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​រាជធានី​ភ្នំពេញ ឯ​ភាគ​ខាងជើង​ស្ពាន​ជ្រោយ​ចង្វារ​លោក ម៉ាក និង ចេហ្វហ្វើរ​សុន ហ៊ួង បាន​សាង​សង់​វិមាន​មួយ​សម្រាប់​ក្រុម​វិចិត្រករ និង​សម្រាប់​អ្នក​ចូលរួម​បង្ហាញ​ស្នាដៃ​សិល្បៈ​ដែល​ធ្លាប់​តែ​ស្ទាក់​ស្ទើរ។

The Art Bar ដែល​ទោះបី​ជា​ឈ្មោះ​បែប​នេះ​តែ​មិន​មែន​ជា​បារ៍​ពិតប្រាកដ​ក្ដី​ស្ថិត​ក្នុង​ឃ្លាំង​រចនា​ថ្មី​សន្លាង​នៅ​លើ​វិថី​លេខ ៤៥។ ដោយ​ឆ្លង​កាត់​ចំណត​ឡាន និង​តាម​ច្រក​ផ្លូវ​ឌឿង ហែម ភ្ញៀវ​នឹង​បានឃើញ​បន្ទប់​ដែលមាន​បង្អួច​ស្រោប​កញ្ចប់​ពី​កម្រាល​ដល់​ពិតាន និង​ក្រណាត់​ត្រៀម​រង់ចាំ​ការ​ផាត់​ពណ៌។

បងប្អូន​ប្រុស​ជាតិ​ហ្វីលីពីន ២ នាក់ មក​ពី​ឧស្សាហកម្ម​ភាពយន្ដ ជាមួយ​ចេហ្វ ជា​ជាង​គំនូរ និង​វិចិត្រករ​តាម​ដងផ្លូវ ហើយ ម៉ាក ជា​អ្នក​ជំនួញ​ដែល​គ្រប់គ្រង​រោងចក្រ​កាត់ដេរ។

លោក ម៉ាក បាន​និយាយ​ថា៖ «ខ្ញុំ​មិនមែន​ជា​វិចិត្រករ​ទេ​ខ្ញុំ​មិន​ធ្លាប់​គិត​ថា​ខ្លួន​អាច​គូរ​បាន​ទេ​ក្នុង​ឆាកជីវិត​នេះ។ ប៉ុន្ដែ​ សកម្មភាព​ដែល​យើង​កំពុង​បង្ហាញ​នេះ​ គឺជា​វិធី​ផ្សារ​ភ្ជាប់​គម្លាត​រវាង​អ្នក​ចូល​ចិត្ដ ដូចជា​រូបខ្ញុំ និង​ពិភព​សិល្បៈ»។

សម្រាប់​លោក ចេហ្វ ដែល​ជា​គ្រូ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​នៅ The Art Bar រួម​ជាមួយ​វិចិត្រករ​តាម​ដងផ្លូវ ដានីញែល អ៊ូ ដែល​គេ​ស្គាល់​ថា​ជា​កូន​ប្រុស​របស់​តារា​កំប្លែង​ល្បី នាយ​ក្រឹម នោះ គោល​បំណង​របស់​ពួកគេ​គឺ​ចង់​លុប​បំបាត់​នូវ​រនាំង​ឧបសគ្គ​ក្នុង​ដួង​ចិត្ដ​មនុស្ស​ភាគ​ច្រើន។

កូនសិស្ស​ផ្ចង់​អារម្មណ៍គូរ​គំនូរ ដោយ​មាន​កែវស្រា​នៅក្បែរ​ខ្លួន។ ហុង មិនា

ខណៈ​សកម្មភាព​ចម្បង​គឺ «វគ្គ​បណ្ដុះ​បណ្ដាល Sip ''n Paint» ដែល​អ្នក​ចូលរួម​រៀន​មូលដ្ឋាន​គ្រឹះ The Art Bar ជាទី​កន្លែង​សម្រាប់​អ្នកសិល្បៈ​ជំនាញ ឬ​អ្នក​ដែល​ប្រាថ្នា​ដំឡើង​កម្រិត​ថ្នាក់​បឋម។

The Art Bar បាន​ផ្ដល់​នូវ​តម្លៃ​សមរម្យ​សម្រាប់​វិចិត្រករ​ក្នុង​ស្រុក​តែ ៤៩ ដុល្លារ​ក្នុង​មួយ​ខែ​ដោយ​មិន​រាប់​បញ្ចូល​សម្ភារ និង​បើក​ថ្នាក់​សម្រាប់​អ្នក​ចង់​មក​ចូលរួម​វគ្គ​ពិសេស​ជាមួយ អ្នក​ជំនាញ។ ក្រណាត់​មួយ​ផ្ទាំង​ធំ​តម្លៃ ១០០ ដុល្លារ​រួមទាំង​ការ​ផាត់​ពណ៌ ហើយ​វិចិត្រករ​អាច​វិល​វិញ​ពេល​ណា​តាម​ចិត្ដ​ចង់​ដើម្បី​បង្ហើយ​គម្រោង​របស់​ខ្លួន។

វគ្គ​សិក្សា «Sip ''n Paint» នេះ​មាន​តម្លៃ ២៥ ដុល្លារ​ម្នាក់​សម្រាប់​រយៈពេល​រៀន ២ ម៉ោង។ នៅ​មាន​វគ្គ​សិក្សា​លើ​សេរ៉ាម៉ិច និង ថតរូប ក៏​ស្ថិត​ក្នុង​គម្រោង​នាពេល​ខាងមុខ​នៃ The Art Bar ផងដែរ។

ប៉ុន្ដែ​សម្រាប់​ពេល​បច្ចុប្បន្ន​វា​ជាទី​កន្លែង​មួយ​សម្រាប់​អ្នកថ្មី​មក​រៀន និង​ជា​មជ្ឈមណ្ឌល​ដ៏មាន​សក្ដានុពល​សម្រាប់​អ្នក​មាន​ទេពកោសល្យ ខណៈ​ក្រុង​ភ្នំពេញ​ខ្សត់​ស្ទូឌីយោ​ធំ​។

The Art Bar ស្ថិត​នៅ​ផ្ទះ​លេខ ២២៥ ផ្លូវ ៤៥ បើក​ទ្វារ​រៀងរាល់​ថ្ងៃ​ចាប់​ពី​ម៉ោង ១០ ព្រឹក​ដល់​ម៉ោង ៩ យប់ ដោយ​ទទួល​ការ​កក់​អនឡាញ​លើ​វេបសាយ theartbarkh.com ឬ​ទូរស័ព្ទ ០៨៨ ៥២៩ ៩១ ៨៨ (ភាសា​ខ្មែរ និង​អង់គ្លេស)៕

James Reddick