ភ្នំពេញៈ ខណៈទាំងមហាជនគាំទ្រ និងអ្នកសិល្បៈ តែងតែលបលួចសរសើរ តារាចម្រៀងស្រីពហុជំនាញបុរាណលាយសម័យ សម្បូរទេពកោសល្យអ្នកនាង ខាត់ សុឃីម ពីភាពវៃឆ្លាតនៅក្នុងការចាត់ចែងការងារសិល្បៈ និងអាជីវកម្មក្រៅសិល្បៈ ព្រមទាំងកំពុងតែធ្វើឲ្យមានគំរូសុភមង្គលគ្រួសារផងដែរនោះ បែរជាឃើញនាងបង្ហោះសារបែបខូចចិត្តទៅនឹងទង្វើល្អរបស់ខ្លួនតែមិនទទួលបានផលល្អ។
ចំពោះសារនោះអ្នកនាង ខាត់ សុឃីម បង្ហោះថា៖ «រាល់ថ្ងៃចិញ្ចឹមតែសត្វមានពិស» និងសារវែងមួយទៀតថា «ខាត់ សុឃីម ប្រាប់មួយណា អ្វីដែលបងធ្លាប់ជួប អ្នកដែលទុក ៧០ បំផុត និងអ្នកដែលនៅក្បែរខ្លួនគេក៏អាចធ្វើឲ្យយើងគ្រោះថ្នាក់បំផុតដែរ!សុំទោសផង បើខមម៊ិនមិនសម និងធ្វើឲ្យអ្នកខ្លះមិនចូលចិត្ត តែវាជារឿងពិតក្នុងសង្គមយើងមែន បងផ្ទាល់ជាអ្នកជួប»។
គ្រាន់តែបានបង្ហោះភ្លាម ក៏បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងពីមជ្ឈដ្ឋានខាងក្រៅនៃមហាជន និងក្រុមអ្នកសិល្បៈតែម្តង ពេលឃើញសារនោះ ក៏នាំគ្នាចូលទៅ Comments សួរនាំរកនូវហេតុផលផ្អើលពេញបណ្តាញសង្គម ហើយចង់ដឹងថា តើអ្នកនាង ខាត់ សុឃីម កំពុងតែមានបញ្ហាអ្វីជាមួយអ្នកណាគេ?
ថ្លែងប្រាប់មកភ្នំពេញប៉ុស្តិ៍មិនលាក់លៀមនោះ តារាចម្រៀងស្រីល្បីខ្លាំងទេពកោសល្យ ច្រៀងទាំងបទចម្រៀងបុរាណ និងសម័យមិនចេះទាស់ ហើយមានទឹកដមសំនៀងពីរោះ ស្តាប់មិនជិនណាយជា រៀមច្បងនៃគ្រួសារនៃត្រកូល ខាត់ គឺអ្នកនាង ខាត់ សុឃីម បន្លឺថា៖ «អូ!តាមពិតទៅសារនោះ នាងខ្ញុំមិនបានមានបញ្ហានឹងអ្នកណានោះទេ វាគ្រាន់តែរឿងពិបាកចិត្តក្នុងសង្គមគ្រួសារនាងខ្ញុំតែប៉ុណ្ណោះ ដោយសារខំជួយជ្រោមជ្រែងគេ និងណែនាំគេឲ្យល្អ បែរជាគេមិនយល់ពីយើង និងបែកគំនិតគិតរឿងអាត្មានិយមច្រើនទៀត។ ថ្មីៗនេះមានការពិបាកចិត្តពេកក៏មករអ៊ូ ដាក់តាមហ្វេសប៊ុកវិញ វាប្រសើរជាងការដែលយើងខំនិយាយផ្ទាល់គេមិនស្តាប់យើង»។
តារាចម្រៀងស្រីដែលមិនចេះខ្វះនូវស្ទីលលេងក្រមិចក្រមើមទាំងចម្រៀងសម័យ និងបុរាណ អ្នកនាង ខាត់ សុឃីម បន្តថា៖ «តែដល់ពេលយើងរអ៊ូរទាំដាក់តាមហ្វេសប៊ុក ហាក់មានប្រសិទ្ធភាពច្រើនជាងនិយាយមាត់ផ្ទាល់ទៅវិញ ហើយវាមិនត្រឹមតែប៉ុណ្ណោះទេ ការរអ៊ូបញ្ហារបស់នាងខ្ញុំ គឺមានលក្ខណៈ ដូចជាបញ្ហាទូទៅរបស់អ្នកដទៃច្រើនទៀតផងដែរ»។
ការដែលនាងខ្ញុំរអ៊ូររទាំនេះក៏ចង់ពញ្ញាក់អារម្មណ៍ដល់មនុស្ស ទូទៅដែរ នៅពេលខ្លះធ្វើជាមនុស្សសូម កុំឆាប់ភ្លេចភាពអតីតកាលខ្លួនឯងពេកអី ហើយកុំមានចិត្តលោភលន់ខ្លាំងពេកនោះអីណាបងប្អូន!»។
មុននេះបន្តិច ខាត់ សុឃីម ក៏ធ្លាប់បង្ហាញពីចេតនាអន្ទះសាចង់បកស្រាយរឿងដង្កូវស៊ីរូងផ្ទៃក្នុងសិល្បៈបង្កឲ្យមានក្លិនស្អុយអសោចផងដែរ នៅតាមបណ្តាញ សង្គមមួយនេះ៕