ភ្នំពេញ: នៅ​រាត្រី​ថ្ងៃទី ១៣ ខែ​កុម្ភៈ គឺជា​វេលា​កំណត់​នៃ​ហ្វូង​តារា​សិល្បៈ​ល្បីៗ​ពី​កម្ពុជា​ហោះ​ទៅ​កាន់​ទឹកដី​នៃ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ចូល​រួមដៃ​គ្នា​អង្រួន​ឆាក​ប្រគំ​តន្ត្រី​អចលនទ្រព្យ​ដ៏​ធំ​ដំបូង ដែល​រៀបចំ​ឡើង​ដោយ​អតីត​ពលករ​កូរ៉េ លោក ឡេង ណាវ៉ាត្រា និង​ជា​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ឡេង ណាវ៉ាត្រា។

ព្រឹត្តិការណ៍​តន្ត្រី​អចលនទ្រព្យ​ធំ​ដំបូង​នៅ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង ដែល​ប្រជុំ​ដោយ​តារា​ចម្រៀង​ល្បី​ពី​ប្រទេស​កម្ពុជា និង​ប្រព្រឹត្ត​ធ្វើ​ក្នុង​រយៈពេល​តែ ២ ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃ​ទី ១៥ និង ១៧ ខែ​កុម្ភៈ។

ក្នុង​ដំណើរ​នេះដែរ លោក ខេមរៈ សិរីមន្ត ដែល​មាន​ងារ​ជា​តារា​ចម្រៀង​ចំណូល​ថ្មី​របស់​ផលិតកម្ម​ហង្សមាស លោក​បាន​សារភាព​ថា៖ «នេះ ជា​លើក​ទី ២ ហើយ​ដែល​ខ្ញុំ​បាន​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ បន្ទាប់​ពី​ខ្ញុំ​បាន​បោះ​ជំហាន​ចូល​សិល្បៈ​ជាង ១០ ឆ្នាំ»។

បញ្ជាក់​ពី​ការរំពឹង មុន​កម្មវិធី​ចាប់ផ្តើម ទាំង​វត្តមាន​ក៏​មិន​ទាន់​ហោះ​ដល់​គោល​ដៅ​នោះ តារា​ចម្រៀង​មាន​កំណើត​ពី​ទឹកដី​ខេត្ត​កំពង់ចាម ដែល​ត្រូវ​បាន​ចោម​រោម​ដោយ​អ្នក​គាំទ្រ ក្មេង​ចាស់ មាន​ទាំង​យាយៗ​ទៀត​នោះ​ក៏បាន​ពន្យល់​ថា៖ «លោក ឡេង ណាវ៉ាត្រា គាត់ ជា​អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ មុន​ពេល​លោក​វិល​មក​ធ្វើ​ជំនួញ​នៅ​ប្រទេស​កំណើត អ៊ី​ចឹង​ឈ្មោះ​និង​ប្រជា​ប្រិយភាព​គាត់ បងប្អូន​នៅ​ទីនោះ​ស្គាល់ និង​គាំទ្រ​ច្រើន។ ពេល​នេះ​គាត់​ក៏​នៅ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​បងប្អូន​ខ្មែរ​ធ្វើការ​នៅ​នោះ រួម​ទាំង​សមាគម​ខ្មែរ​ជាច្រើន​នៅ​ទីនោះ»។

លោក​ក៏បាន​បន្ថែម​ទៀត​ថា៖ «ពិសេស​ជាង​នេះ​ទៀត គឺ​ការ​ប្រគំ​តន្ត្រី​អចលនទ្រព្យ​ដំបូង​នៅ​ទឹកដី​កូរ៉េ ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​ស្ថានទូត​ខ្មែរ​នៅ​ទីនោះ រួម​ទាំង​វត្តមាន​តារា​ចម្រៀង​ល្បីៗ​ទៅ​ពី​កម្ពុជា សរុប​ទាំងអស់​ដល់​ទៅ​ជាង ២០ នាក់​ផង។ អ៊ីចឹង​ភាព​ជោគជ័យ​យើង​សង្ឃឹម​ខ្លាំង»។

ជាមួយគ្នា​នោះ លោក ឡេង ណាវ៉ាត្រា ក៏បាន​ឲ្យ​ដឹងផង​ដែរ ពី​មូលហេតុ ដែល​លោក ខេមរៈ សិរីមន្ត សម្រេច​ឱកាស​ហោះ​ហើរ​មុន​គេ ដោយ​លោក​ថា៖ «លោក សិរីមន្ត ថ្ងៃនេះ គាត់​មិន​ជាប់​កម្មវិធី ដោយ​ឡែក មាស សុខសោភា និង​លោក ខេម យូរី នោះ ពួក​គាត់​ជាប់​កម្មវិធី អ៊ីចឹង​ពួក​គាត់​ត្រូវ​ឡើង​យន្តហោះ​នៅ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ពោល​គឺ​ក្រោយ​គ្នា ១ ថ្ងៃ»៕

លោក ខេមរៈ សិរីមន្ត ត្រូវ​បានយាយៗ​ស្វាគមន៍។