ភ្នំពេញៈ ក្រៅ​ពី​ល្បី​ឈ្មោះ​លើ​ផលិតកម្ម​ធំ​ក្នុង​ស្រុក​មិន​សូវ​មាន​ពេល​ទំនេរ​ហើយ​នោះ តារា​ចម្រៀង​ប្រុស​ជ្រក​ទ្រនំ​ថោន​សំឡេង​ស្អក​តែ​ពីរោះ ដែល​ស្រូប​ការ​គាំទ្រ​ពី​យុវវ័យ​ច្រើន​លោក ខេម ក៏​កំពុង​តែ​ឆក់​បាន​នូវ​ឱកាស ជិត​ទៅ​សម្តែង​កើប​ប្រាក់​ដុំ​នៅ​ក្រៅ​ប្រទេស​ផងដែរ។

តារា​ចម្រៀង​ប្រុស ដែល​មហាជន​បាន​ដាក់​រហស្សនាម​ថា «អធិរាជ​សំនៀង​ស្អក» ដ៏​ពីរោះ​រណ្តំ​ដួងចិត្ត​មាន​ឈ្មោះ​ពិត​លោក ប៉ុន សុណារិន ហៅ ខេម នឹង​ហោះ​ហើរ​ចេញ​ពី​កម្ពុជា នៅ​ថ្ងៃទី ១៥ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ដែល​ប៉ះចំ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន តែ​ម្តង ខណៈ​កម្មវិធី​ប្រគំ​តន្ត្រី​នឹង​ចាប់​ផ្តើម​ថ្ងៃ​ទី ១៦-១៨ ខែ​កុម្ភៈ ឆ្នាំ ២០១៨ នៅ​ឯ​ប្រទេស​កូរ៉េខាងត្បូង។

កម្មវិធី​តន្ត្រី​នៅ​កូរ៉េ​នេះ ត្រូវបាន​ថៅកែ​កុន​ផលិតកម្ម​កាឡាក់ស៊ី លោក ឡេង ណាវ៉ាត់ត្រា ជា​អ្នក​ប៉ាវ​ក្រុម​សិល្បករ-សិល្បការិនី​មួយ​ក្រុម​ដែល​មក​ពី​មជ្ឈដ្ឋាន​ផលិតកម្ម​ផ្សេងៗ​គ្នា​រួម​មាន​លោក ខេម និង​កញ្ញា មាស សុខ​សោភា មក​ពី​ថោន លោក ខេមរៈ សិរីមន្ត មក​ពី​ហង្សមាស កញ្ញា យូរី មក​ពី​សាន់ដេ លោក ប៉ែន ចំរ៉ុង ជា​តារា​សម្តែង និង​ពិធីករ​ទូរទស្សន៍ PNN និង SEATV និង​តារា​ប្រុស​ស្រី​មួយ​ចំនួន​ទៀត​ផង​ដែរ ខណៈ​ពួកគេ​នឹង​ត្រូវ​ឡើង​យន្តហោះ​ឆ្ពោះ​ទៅ​ប្រទេស​កូរ៉េ​មុន​លោក ខេម។

លោក ខេម ប្រាប់​ពី​មូលហេតុ​ទៅ​ក្រោយ​គេ និង​គោល​បំណង​នៃ​ការ​ចូលរួម​កម្មវិធី​តន្ត្រី​នៅ​កូរ៉េ​ខាងមុខ​នោះ​ថា៖ «ក្រុម​សិល្បករ-សិល្បការិនី ទាំងអស់​ខាង​លើ នឹង​ចេញ​ដំណើរ​ពី​ប្រទេស​ខ្មែរ​ទៅ​កូរ៉េ​តាំង​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ទៅ ខណៈ​រូបខ្ញុំ​នឹង​ត្រូវ​ចេញ​នៅ​ថ្ងៃទី ១៥ ខែ​កុម្ភៈ ដោយសារ​តែ​នា​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ខ្ញុំ​មាន​ការ​ជាប់​រវល់​ពិធី​តន្ត្រី​នៅ​ប្រទេស​ខ្មែរ ដូច្នេះ​ហើយ​ទើប​ត្រូវ​ចេញ​ទៅ​ក្រោយ​គេ»។

តារាចម្រៀង​ប្រុស​ដែល​មាន​បទ​ចម្រៀង​ជាច្រើន​បាន​ចេញ​មក​តែង​តែ​សណ្តំ​ដួងចិត្ត​ប្រិយមិត្ត​អ្នក​ស្តាប់​រួម​មាន​បទ «ជីវិត​ក្មេង​ពាល» បទ «ពូម៉ូតូឌុប» បទ «ឲ្យ​គេ​ញ៉ែ​លឿន​ម្ល៉េះ» បទ«គេ​ជា​តារា​ល្បី» បទ «ប្រពន្ធ​ខ្ញុំ​យំ​ព្រោះ​នឹក​សង្សារ» និង​បទ «ជីវិត​អ្នកក្រ» ជា​ដើម​នោះ​បាន​បន្ត​ឲ្យ​ដឹង​ថា៖ «ការ​ប្រគំ​តន្ត្រី​នេះ ត្រូវបាន​លោក ឡេង ណាវ៉ាត់ត្រា ជា​អ្នក​ស្ពនស័រ​ធំ នៅ​ក្នុង​ការ​អញ្ជើញ​ក្រុម​សិល្បករ-សិល្បការិនី​ខ្មែរ​យើង​ទាំង​នេះ ដើម្បី​ទៅ​សម្តែង​ផ្សាយ​ពី​ដំណឹង ដែល​លោក​កំពុង​តែ​មាន​គម្រោង​សង់ផ្ទះ​ល្វែង និង​បុរី នៅ​ស្រុក​ខ្មែរ ហើយ​ចង់​ឲ្យ​បងប្អូន​ខ្មែរ​ជា​ពលករ​នៅ​ធ្វើការ​ក្នុង​ប្រទេស​កូរ៉េ បាន​ជ្រាប​ពី​ដំណឹង​នេះ និង​អាច​ចាប់​អារម្មណ៍​ទិញ​ផ្ទះល្វែង ឬ​បុរី សម្រាប់​លំនៅឋាន​ពួកគាត់»។

គួរ​រំឭក​ដែរ​ថា អតីត​ធ្លាប់ជា​ពលករ​បម្រើការ​ងារ នៅ​ប្រទេស​កូរ៉េខាងត្បូង​លោក ឡេង ណាវ៉ាត់ត្រា បាន​វិល​ទៅ​ផលិត​កុន​រឿង «កំពូល​ល្ងង់​នៅ​អាស៊ី» ជា​វណ្ណកម្ម​ដំបូង ក្រោម​ប៉ាយ​ផលិតកម្ម​កាឡាក់ស៊ី (Galaxy) ភាពយន្ត តាំង​ពី​ចុង​ឆ្នាំ ២០១៦ មក​បាន​ជោគជ័យ និង​បច្ចុប្បន្ន​ក៏​ពង្រីក​មុខរបរ​សង់​ផ្ទះ​បុរី និង​ផ្ទះល្វែង​លក់​ឲ្យ​ពលករ​ទៀត៕