ភ្នំពេញ: ទើប​តែ​បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​មុន​នេះ ស្រី​ស្រស់​សោភា​ជា​បុប្ផា​កំពុង​រីក នៅ​ក្នុង​ពិភព​សិល្បៈ​សម្ដែង​ភាពយន្ត​កញ្ញា គឹម ច័ន្ទបរមី ដែល​មាន​គូស្នេហ៍​ជា​បុរស​ត្រកូល​រាជសីហ៍ ដែល​តែង​តែ​រួម​ដំណើរ​ជូន​ទៅ​ដល់​ទីកន្លែង​ថត​កុន និង​តាម​ផ្ដល់​ការ​មើល​ថែទាំ​យក​ចិត្ត​ទុក​ដាក់​គ្រប់​ទិសទី​នោះ ក៏​ស្រាប់​តែ​លេច​ចេញ​នូវ​សារ​ថ្មី​បែក​ពី​ម្ចាស់​បេះដូង​មួយគ្រា ទាំង​មាន​នូវ​ក្តី​អាឡោះ​អាល័យ​ទៀត​ផង។

កញ្ញា គឹម ច័ន្ទ​បរ​មី បង្ហើរ​សារ​ស្តែង​ពី​អារម្មណ៍​ខ្លួន នៅ​តាម​បណ្តាញ​សង្គម​អ៊ីនស្តាក្រាម​ឲ្យ​ដឹង​ថា៖ «ជិត​ដល់​ថ្ងៃ​ពួក​យើង​ត្រូវ​នៅ​ឆ្ងាយ​ពីគ្នា​ទៀត​ហើយ! ពេល​ពួក​យើង​រៀន​ចប់ យើង​នឹង​អាច​នៅ​ក្បែរ​គ្នា​បែប​នេះ​រហូត»។

តាមរយៈ​សារ​នេះ មហាជន​ក៏បាន​ទាញយក​ការ​សន្និដ្ឋាន​ថា ទំនង​ជា​បុរស​គូស្នេហ៍​កញ្ញា គឹម ច័ន្ទបរមី លោក ហ៊ុន បញ្ញា​បុត្រ ត្រូវ​បែក​គ្នា​ពី​នាង​នាពេល​ថ្ងៃ​ស្អែក ឬ​ពីរ​បី​ថ្ងៃ​ខាងមុខ​ទៀត​ហើយ មើល​ទៅ​បាន​ជា​ឃើញ​នាង​សម្តែង​នូវ​អារម្មណ៍​អាឡោះ​អាល័យ​គ្នា​អ៊ីចឹង​នោះ?

បុប្ផា​ស្រស់​សោភា សាច់​សខ្ចី​ល្វក់ ដែល​ជា​តារា​សម្តែង​ទើប​រះ​នៅ​លើ​វិថី​សិល្បៈ​កញ្ញា គឹម ច័ន្ទបរមី ក៏បាន​បញ្ជាក់​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «អូ!​តាម​ពិត​ទៅ​គឺ​ពួក​យើង​ដល់​ពេល​ត្រូវ​ចូល​រៀន​វិញ​រៀងៗ​ខ្លួន​ហើយ ដោយ​គាត់ [បញ្ញា​បុត្រ] នឹង​ត្រូវ​ទៅ​ប្រទេស​អូស្ត្រាលី​វិញ នៅ​ខែ​ក្រោយ​ឯណោះ ខណៈ​នាង​ខ្ញុំ​ក៏​នឹង​ត្រូវ​ចូល​រៀន​វិញ ដែរ។ ដូច្នេះ​ហើយ​គឺ​ពួក​យើង​ត្រូវ​នៅ​ឆ្ងាយ​ពី​គ្នា​មួយ​រយៈ»។

រីឯ​អត្ថន័យ​នៃ​សារ​របស់​នាង​ដែល​ថា «នឹង​អាច​នៅ​ក្បែរ​គ្នា​បែបនេះ​រហូត» ដែល​មហាជន​អាច​នឹង​គិត​ថា ពួកគេ​ទំនង​ជាមាន​ផែនការ​ជិត​រៀបការ​នោះ​ក៏​ត្រូវ​បាន កញ្ញា គឹម ច័ន្ទបរមី ក៏​បកស្រាយ​បន្ថែម​ថា៖ «អត់​មានន័យ​អ៊ីចឹង​ទេ! គឺថា ពួកយើង​នៅ​សល់​ពេល​វេលា​ជា​ច្រើន​ទៀត ត្រូវ​បញ្ចប់​ការ​សិក្សា ដោយ​គាត់​នៅ​សល់ ២ ឆ្នាំ ទៀត ចំណែក​ខ្ញុំ​វិញ​គឺ​នៅ​សល់ ៣ ឆ្នាំ​ទៀត​ឯណោះ។ តែ​ដោយសារ​ពួកយើង​នៅ​ជួបគ្នា​មួយ​រយៈ​នេះ មាន​អនុស្សាវរីយ៍​ច្រើន​ទើប​មាន​ការ​អាឡោះ​អាល័យ​គ្នា​ពេល​ជិត​ដល់​ពេល​ត្រូវ​បែក​គ្នា»។

ថ្មីៗនេះ​នាង​ក៏​បង្ហាញ​ពី​ចេតនា​ថា សម្ព័ន្ធភាព​ស្នេហា​រវាង​នាង និង​សង្សារ​បណ្តូល​ចិត្ត លោក ហ៊ុន បញ្ញា បុត្រ ត្រូវជា​ចៅ​បង​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី​កាន់​តែ​មាន​ផល​ផ្លែផ្កា​វិជ្ជមាន​នោះ​ក៏​រំលេច​ជា​រូបភាព​ថើប​ថ្ពាល់​របស់​គូស្នេហ៍​នាង​ទាំង​មាន​បន្សល់​ទុក​ស្នាម​ក្រែម​មាត់ និង​បង្ហោះ​តាម​បណ្តាញ​សង្គម​បង្កការ​ភ្ញាក់ផ្អើល​ជាថ្មី ដោយ​មិន​បាន​វាចា​អ្វី​ឡើយ តែ​បង្កប់​ន័យ​ជ្រៅ​ពី​សេចក្តី​ស្រឡាញ់​លើ​គូស្នេហ៍។

នាពេល​កន្លងមក​កញ្ញា គឹម ច័ន្ទបរមី ក៏​ធ្លាប់​បង្ហោះ​រូប​មួយ​សន្លឹក​ដៃ​កាន់​ដាវ​សាមូរ៉ៃ​បង្ហើរ​សារ​បែប​គំរាម​អ្នក​លូក​ថ្លើម​ដណ្ដើម​ម្ចាស់​ស្នេហ៍​នាង​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​តាម​បណ្តាញ​សង្គម។ តែ​ស្រី​ស្រស់ បរមី ក៏​ធ្លាប់ បាន​បញ្ជាក់​ប្រាប់​ថា នាង​អត់​មាន​គិត​ថា​គំរាម​អ្នកណា​ទេ ហើយ​ក៏​មិន​អាច​ធ្វើ​បែប​នោះ​បាន​ដែរ៕