ក្រុង​បាងកក : យ៉ាង​ហោច​ណាស់​មាន​ គូស្នេហ៍​ចំនួន ២០០ គូ​បាន​រៀបការ​នៅ​ការិយាល័យអគារ​ប្រៃសណីយ៍ ​​ស្រុក បាងរ៉ាក់ ចំ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ជា​ទិវា​នៃ​ក្ដីស្រឡាញ់ ម្សិល​មិញ​នេះ។

ទិវា​នៃ​ក្ដីស្រឡាញ់​ឆ្នាំ​នេះ​ គឺ​ជា​ថ្ងៃដ៏មមាញឹក​ប្រចាំ​ឆ្នាំ នៅ​ស្រុក បាងរ៉ាក់ (ស្រុក ភូមិស្នេហ៍ ឬ Love Village ជាភាសា​អង់គ្លេស) ខណៈ​ដែល​មន្ត្រី​រដ្ឋបាល​ស្រុក បាន​រៀបចំ​កម្មវិធី​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ នៅ​អគារ​​ប្រៃសណីយ៍​កណ្ដាល​ ដ៏​ធំ​ទូលាយ​ ដើម្បីស្វាគមន៍​គូស្នេហ៍​ដ៏​ច្រើន​សន្ធឹក។

ក្នុង​ចំណោម​​គូស្នេហ៍​ទាំង​នេះ​ អ្នកដែល​មាន​សំណាង​នឹង​ត្រូវបាន​​ចាប់​សន្លឹក​ឆ្នោត​​ទទួលបាន​សំបុត្រ​អាពាហ៍ពិពាហ៍​មាស​​ផង​ដែរ។​

កាលពីម្សិលមិញ គូស្នេហ៍​ដំបូង​ ដែល​ត្រូវ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​គឺ ប្ដីប្រពន្ធ​ឈ្មោះ Praiwan Kwannak និង Sukanya Khamdee។

គូស្នេហ៍ដូច​លលក​ញីឈ្មោល​នេះ​ បាន​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​តាំង​ពី​ខេត្ត​អាយុធ្យា ហើយ​ពួកគេ​បាន​បោះតង់​ស្នាក់​នៅ​បរិវេណ​ជុំវិញ​អគារ​ការិយាល័យ​រដ្ឋបាល​តាំង​ពី​ម៉ោង ១១ កន្លះ​​អាធ្រាត្រ ដើម្បី​បាន​ក្លាយជា​គូស្នេហ៍ដំបូង​​បំផុត​នៃ​ទិវា​នៃ​ក្ដីស្រឡាញ់ ឆ្នាំ ២០១៨ នេះ។

ការ​តស៊ូ​ដ៏​នឿយ​ហត់​របស់​អ្នកទាំងពីរ បានធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​ចំអន់​ឲ្យថា «ខំ​ប្រឹង​តម្រង់ជួរ​រៀបការ​ម្លឹងៗ តិច​អស់កម្លាំង​​នឹង​ធ្វើ​កិច្ចការ​សំខាន់យប់​ហ្នឹង ក្រោយ​ពី​ចុះ​អេតាស៊ីវិលរួច»៕

គូស្នេហ៍​ជនជាតិ​ថៃ​នាំគ្នា​ថត​រូប​អនុស្សាវរីយ៍​ថ្ងៃ​មក​​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ១៤ កុម្ភៈ។ រូបថត AFP

ប្ដីប្រពន្ធ​បង្ហាញ​​សំបុត្រ​អាពាហ៍ពិពាហ៍ ដែល​ត្រូវ​បាន​ចុះ​នៅ​ស្រុក បាងរ៉ាក់ ឬ​ ស្រុក ភូមិ​ស្នេហ៍​។ រូបថត AFP

គូស្នេហ៍​ជនជាតិ​ថៃ​នាំគ្នា​ថត​រូប​អនុស្សាវរីយ៍​ថ្ងៃ​មក​​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ១៤ កុម្ភៈ។ រូបថត AFP

គូស្នេហ៍​វ័យ​ចំណាស់ ថើប​គ្នា​ទាំង​ក្ដីរំភើប ក្រោយ​ពី​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍រួច។ រូបថត AFP

គូស្នេហ៍​អង្គុយ​រង់ចាំ​ដល់វេន​របស់ខ្លួន​ក្នុងការ​​​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ១៤ កុម្ភៈ។ រូបថត AFP