ភ្នំពេញៈ ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបណ្តាញសង្គមជាមួយនឹងព័ត៌មាន បែបធ្លាយរឿងអាស្រូវក្នុងសង្គមអ្នកសិល្បៈ ដែលចេញពីគណនីហ្វេសប៊ុកឈ្មោះ Chham Chhany បានទម្លាយថា មានអ្នកសមគំនិតធ្វើបាបចែមុំ អតីតថៅកែហាងកែសម្ផស្សមីកាហ្សា និងបង្ហាញឈ្មោះអ្នកសិល្បៈដែលប្រកបរបរម៉ែយ៉ែមក្នុងសង្គមសិល្បៈទៀតផង។
ពីគណនីហ្វេសប៊ុកឈ្មោះ Chham Chhany នេះបានបង្ហោះសារថា៖ «បែកហើយ!ចែមុំ ជាប់គុកព្រោះមុខរបរម៉ែយ៉ែមកាច់កុង» និងបានបញ្ជាក់មូលហេតុនៃការចាប់ខ្លួន អតីតជាថៅកែហាងកែសម្ផស្សមីកាហ្សា ផងដែរថា៖ «ករណីចាប់ខ្លួន ចែមុំ ដាក់ពន្ធនាគាររហូតដល់ថ្ងៃនេះ វាមិនមែនជារឿងអនុវត្តច្បាប់ស្អីនោះទេ តែវាជារឿង ដួង ហ្សូរីដា និង ចន ច័ន្ទលក្ខិណា ច្រណែន ចែមុំ មានហាងកែសម្ផស្ស ងាយក្នុងការទាក់តារា និងស្រីក្មេងឲ្យតាតាបានច្រើនជាងពួក ដួង ហ្សូរីដា និង ចន ច័ន្ទលក្ខិណា ប៉ុណ្ណោះ»។
មិនតែប៉ុណ្ណោះគណនីដដែលនេះ ក៏មានសារទម្លាយនូវឈ្មោះអ្នកសិល្បៈចំៗ ដែលប្រកបរបរម៉ែយ៉ែមថា៖ «ក្នុងរង្វង់សិល្បៈមានម៉ែយ៉ែមច្រើននាក់ ដែលតែងតែនាំតារា និងស្រីក្មេងស្អាតៗឲ្យគេងជាមួយអ្នកមានលុយ។ ថ្វីដ្បិតតែមានម៉ែយ៉ែមច្រើននៅក្នុងរង្វង់សិល្បៈ តែម៉ែយ៉ែមដែលលេចធ្លោជាងគេមានតែ ៣ នាក់ទេគឺ ១. ដួង ហ្សូរីដា ២.ចន ច័ន្ទលក្ខិណា និង ៣. ចាន់ ស្រីណុច ហៅចែមុំ អតីតជាថៅកែហាងកែសម្ផស្សមីកាហ្សា»។
ដោយសារតែចំណងស្នេហ៍រវាងតារាសម្តែងជើងចាស់ មានមុខរបររកស៊ីនៅក្រៅសិល្បៈរីកដូចផ្សិត ខណៈបច្ចុប្បន្នជាប្រធានសមាគមអ្នកសិល្បៈផងដែរ អ្នកនាង ចន ច័ន្ទលក្ខិណា និងអ្នកជំនួញក្មេងមានប្រាក់ស្តុកស្តម្ភឈ្មោះលោក ហេង ឡុង ហៅ រដ្ឋ មានភាពស្អិតល្មួតនឹងគ្នាខ្លាំង ហើយក៏ជិតក្លាយជាប្រពន្ធប្តីទៅហើយ បើតាមការបង្ហាញវត្តមានបណ្តើរគ្នាជាគូស្នេហ៍បើកចំហទាំងក្នុងសិល្បៈ និងក្រៅសិល្បៈយូរមកហើយដែរ។
ពាក់ព័ន្ធនឹងរឿងបុរសដែលទម្លាយសារចោទប្រកាន់ពីបទពាក់ព័ន្ធចំនួន ២ ករណីខាងលើ គឺចោទជាអ្នករួមគំនិតនោះ ភ្នំពេញប៉ុស្តិ៍ក៏ទទួលបានការបកស្រាយពីលោក ហេង ឡុង ជាគូស្នេហ៍របស់អ្នកនាង ចន ច័ន្ទលក្ខិណា ថា៖ «សម្រាប់រឿងនេះ ខ្ញុំដូចជាមិនចាំបាច់ត្រូវធ្វើការបកស្រាយអ្វីនោះឡើយព្រោះថាជាការនិយាយមិនពិតពីបុគ្គលម្នាក់នោះ បានបង្កើតព័ត៌មានចេញតែខ្លួនឯងគ្មានភ័ស្តុតាង»។
រីឯរកវិធានការយ៉ាងណាសម្រាប់ជនដែលចោទប្រកាន់គូស្នេហ៍ខ្លួននោះព្រោះអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក៏ថាបាន។ លោក ហេង ឡុង បន្តថា៖ «ដូចជាមិនចាំបាច់រកវិធានការបែបណាទេសម្រាប់បុគ្គលនេះទេ ដោយសារគេនិយាយមិនពិត ហើយគេក៏ធ្លាប់ផ្សព្វផ្សាយព័ត៌មានដែលមិនពិតច្រើនលើកហើយដែរទៅលើអ្នកផ្សេង ខណៈយូរៗទៅក៏សាបរលាបព័ត៌មានមិនពិតអស់ដែរ។ ម្យ៉ាងទៀតម្នាក់នេះ គេច្រើននិយាយបែបនិន្នាការនយោបាយ រកផលចំណេញដល់បក្ខពួករបស់គេតែប៉ុណ្ណោះ»៕