ភ្នំពេញៈ ក្រោម​ប្រធានបទ​កម្រង​ស្នាដៃ​សិល្បៈ​អាស៊ី​មាន​ឈ្មោះ​ថា Lumiere d''Asie ឬ Light of Asia វិចិត្រ​បារាំង​លោក Alias2.0 កំពុង​តែ​បាន​នាំ​មក​បង្ហាញ​ទស្សនិកជន​ខ្មែរ​ឲ្យ​ស្គាល់​នូវ​បច្ចេកទេស​ថ្មី ប្រើ​ពន្លឺ​ភ្លើង​បញ្ចាំង​ទៅ​លើ​ផ្ទាំង​គំនូរ ដែល​មាន​ពណ៌​ចម្រុះ និង​វា​អាច​រត់​បត់​បែន​ទៅ​តាម​សណ្ឋាន​នៃ​ស្នាដៃ​សិល្បៈ​គំនូរ​របស់​វិចិត្រករ​ហៅថា Light-painting នៅ​វិចិត្រសាល​ផ្ទះ មេត្តា ដែល​បើក​សម្ពោធ​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ។ការ​តាំង​បង្ហាញ​នេះ​នឹង បើក​ចាប់​ពី​ម៉ោង ៦ ល្ងាច នៅ​ឯ​ផ្ទះ​មេត្តា ជាន់​ទី ១ ដោយ​ទស្សនិកជន​អាច​ចូល​ទៅ​ទស្សនា និង​អាច​ស្តាប់​តន្ត្រី​យ៉ាង​ពីរោះ​បាន​ទៀត​ផង។

បច្ចេកទេស​ថ្មី ប្រើ​ពន្លឺភ្លើង​បញ្ចាំង​ទៅ​លើ​ផ្ទាំង​គំនូរ Light-painting ត្រូវបាន​លោក Alias2.0 ដែល​ជា វិចិត្រ​បារាំង បាន​ពន្យល់​ថា៖ «វាជា​បច្ចេកទេស​មួយ​ដែល​យើង​បាន​ប្រើ​ខ្មៅ​ដៃ ឬ​ជក់ គូស​វាស ឬ​សរសេរ​ជា​សញ្ញាណ​បែប​ដូចជា​គូរ​គំនូរ និង​ប្រើ​បច្ចេកទេស​បំប្លែង​រូបភាព​បាន​យូរ ឬ long exposure ដែល​វា​អាច​ចេញ​ជា​ពន្លឺ​លឿន ឬ​យឺត​វា​អាស្រ័យ​តាម​ការ​បង្កើត​គម្រោង​នៃ​បណ្តាញ​គន្លង​ពន្លឺ​ភ្ជាប់​នឹង​គំនូរ ដែល​បាន​ប្រើ​ខ្មៅ​ដៃ ឬ​ជក់​គូស​នោះ»។

លោក Alias2.0 វិចិត្រ​ករ​បារាំង​​​។ Alias2.0

លោក Alias2.0 បន្តថា៖ «បច្ចុប្បន្ន​បច្ចេកទេស​ប្រើ​ពន្លឺ​បាញ់​ទៅ​លើ​កម្រង​ស្នាដៃ​គំនូរ​នេះ វា​មាន​ប្រជាប្រិយ​ខ្លាំង​ណាស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដោយសារ​ពេល​ចាំង​ពន្លឺ​ទៅ​វា​មាន​រូបរាង​ស្អាត​ខ្លាំង​ណាស់​ចំពោះ​ស្នាដៃ​គំនូរ​នានា​របស់​វិចិត្រ​យើង។ នាពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វា​មាន​ប្រជាប្រិយ​នៅ​ក្នុង​ប្រទេស​ថៃ ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម សិង្ហបុរី និង​ប្រទេស​កម្ពុជា ផងដែរ»។

គួរ​បញ្ជាក់ថា Alias2.0 ជា​វិចិត្រករ​ជាតិ​បារាំង កើត​នៅ​ឆ្នាំ ១៩៨៩ មាន​អាជីព​ជា​វិចិត្រករ ខណៈ​លោក​ក៏ជា​វិចិត្រករ​គំនូរ​តាម​ជញ្ជាំង ឬ​របង​ផ្លូវ​ផងដែរ ហើយ​ពេល​នេះ​លោក ក៏បាន​នាំ​យក​មក​នូវ​ទម្រង់​ជា​សិល្បៈ​វិចិត្រកម្ម​ថ្មី​ឈ្មោះ Light-painting មក​បង្ហាញ​នៅ​កម្ពុជា​ផងដែរ ចាប់តាំង​ពី​ឆ្នាំ ២០១៦ មក​ហើយ​លោក​ធ្លាប់​នាំ​យក​ការ​ពិព័រណ៍ Light of Asia ទៅ​បង្ហាញ​នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​អាស៊ី​អាគ្នេយ៍​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ។ លោក​ចាប់​អាជីព​ជា​វិចិត្រករ​តាំង​ពី​ឆ្នាំ ២០០៨ មក ៕

គំនូរ​ប្រភេទ​ Light-painting នៅមុខ​ប្រាសាទ​។ Alias2.0​