ក្រុងប៉េកាំង: ចិន​ផ្ដើម​បង្ក្រាប​លើ​ប្រពៃណី​រាំ​ស្រាត​ក្នុង​ពិធី​បុណ្យសព ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ទង្វើ​ខុស​ច្បាប់ និង​បង្ខូច​ដល់​សីលធម៌​សង្គម ដោយ​បន្ដ​ពេញ​និយម​នៅ​ទី​ជនបទ។

ការ​រាំ​ស្រាត​ត្រូវបាន​សម្ដែង​ក្នុង​ពិធី​បុណ្យសព​ខ្លះ បំណង​ទាក់ទាញ​អ្នក​ចូលរួម​មរណទុក្ខ និង​សម្ញែង​ពី​ទ្រព្យ​ក្រុម​គ្រួសារ ជា​វប្បធម៌​ទទួល​បាន​ការ​និយម​ខ្លាំង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។

ក្រសួង​វប្បធម៌​ចិន​ថា ខ្លួន​កំពុង​តាម​ដាន​មើល​លើ «ការ​រាំ​ស្រាត» រួមទាំង​ទង្វើ​អា​គ្រាម សកម្មភាព​សិច និង​ការ​សម្ដែង​ស្រើប​ស្រាល​ផ្សេងៗ​ទៀត ក្នុង​ពិធី​បុណ្យសព អាពាហ៍​ពិពាហ៍ និង​ពិធី​ជួប​ជុំ​ដទៃ​ទៀត។

ដំបូង អាជ្ញាធរ​ផ្ដើម​បង្ក្រាប​លើ​ការសម្ដែង​សិច​កាលពី​ឆ្នាំ ២០០៦ និង​បើក​យុទ្ធនាការ​ទី ២ លុប​បំបាត់​ទាំង​ស្រុង​ក្នុង​ឆ្នាំ ២០១៥។ ការ​បង្ក្រាប​ចុងក្រោយ​នេះ​ផ្ដោត​លើ​ក្រុង ១៩ ក្នុង ៤ ខេត្ដ រួម​មាន ហេណាន អាន​ហ៊ួយ ជៀង​ស៊ូ និង​ហឺប៉ី។

ក្រសួង​បាន​ផ្ដោតលើ​ក្រុម​រាំ​ស្រាត the Red Rose Song and Dance Troupe ដែល​រាំ​ស្រាត​សម្លៀក​បំពាក់​ក្នុង​ពិធី​បុណ្យសព​មួយ​នៅ​ខេត្ដ​ហឺប៉ី​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៥។

ក្រសួង​បាន​បន្ថែមថា នារី​ក្រុម​រាំ​ទាំង​នោះ ដោះ​សម្លៀក​បំពាក់​ក្រោយ​ពី​បង្ហាញ​ក្បាច់​រាំ​ធម្មតា។ ប្រធាន​ក្រុម Red Rose ម្នាក់ ត្រកូល លី ត្រូវ​បាន​ឃុំ​ខ្លួន ១៥ ថ្ងៃ និង​ពិន័យ​ជា​ប្រាក់ ៧ ម៉ឺន​យន់ (១១៣០០ ដុល្លារ) ក្រោយ​មន្ដ្រី​អនុវត្ដ​ច្បាប់​ចុះ​អន្ដរាគមន៍៕HR