ភ្នំពេញៈ នា​ដំណាច់​ឆ្នាំ​ ២០១៧ ​នេះ ស្រាប់​តែ​តារា​សម្តែង​ប្រុស​ដែល​មាន​រាសី​កំពុង​តែ​ឡើង​ខ្លាំង​លោក យិត មាស​ឧស្សាហ៍ មាន​ឈ្មោះ​ហៅ​ក្រៅ​ថា  Edwin Sun  ​បង្ហោះ​សារ​​បែប​ទម្លាយ​ការ​ពិត​រឿង​គូ​ស្នេហ៍​មិន​ទាន់​រៀប​ការ​របស់​ខ្លួន​ មាន​គភ៌​ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​មហាជន​មួយ​ចំនួន​យ៉ាង​ខ្លាំង។

តារា​សម្តែង​ប្រុស​មាន​រូប​ស្អាត​សង្ហា​ កំពុង​តែ​កាក់​កប​ខ្លាំង​ក្នុង​ការ​ក្តាប់​បាន​ឱកាស​ក្លាយ​ជា​តួ​ឯក​ប្រុស​ភាគ​​ច្រើន​ជា​កុន​ភាគ និង​ទើប​តែ​សម្ពោធ​កុន​ដុំ​ថ្មីៗ​រឿង ​«មនុស្សឆ្គួត» លោក យិត មាស​ឧស្សាហ៍ បាន​សរសេរ​ទម្លាយ​ការ​ពិត​ខ្លួន​ថា៖ «អរគុណ ១ ឆ្នាំ​ដែល​មនុស្ស​ស្រី​ម្នាក់​បាន​ផ្តល់​នៅ​ការ​ស្រលាញ់​ ភាព​កក់​ក្តៅ ​ភាព​អត់​ឱន​ លើក​លែង​ទោស​ នឹង​អធ្យាស្រ័យ យល់​ពី​ខ្ញុំ​​គ្រប់​យ៉ាង​ មិន​ថា​ខ្ញុំ​ខុស ខ្ញុំ​អាក្រក់​យ៉ាងណា​ នាង​​នៅ​តែ ​អធ្យា​ស្រ័យ​ដល់​ខ្ញុំ នាង​ហត់​​ហើយ​ដែល​រយៈ​ពេល​មួយ​ឆ្នាំ​ជា​សង្សា​ខ្ញុំ តែ​ពេលនេះ​ចង់​និយាយ​ថា អូន​លែង​ជា​សង្សា​បង​ទៀត​ហើយ បង​សុំ​ប្តូរ​​មក​នាម​ជា ប្រពន្ធ បាន​​ទេ ​រីក​រាយ​ថ្ងៃ​គំរប់​ខួប ១ ឆ្នាំ​ដែល​ពួក​យើង​ស្រលាញ់​គ្នា នឹង​ជា​ថ្ងៃ​ដែល​អូន​បាន​​ផ្តល់​កាដូ​ដ៏​ធំ​បំផុត​ចុង​ឆ្នាំ​សម្រាប់​បង​នៅ​ឆ្នាំ​ថ្មី​នេះ ពាក្យ​​ថា​ប៉ា​ប៉ា បង​សប្បាយ​ចិត្ត​ណាស់​ដឹង​ទេ រក​អ្វី​មក​និយាយ​​មិន​ស្មើ។ ​អរគុណ​​មែន​ទែន​​ប្រពន្ធ​សម្លាញ់ បង​​ស្រលាញ់​អូន​ណា តែ​ពេល​នេះ​ស្រលាញ់​កូន​ជាង​​ហើ​យ​ណា ​ហា​ហា Mary Ri​na #​ ប្រពន្ធ​សម្លាញ់»។

គួរ​បញ្ជាក់​ថា លោក យិត មាស​ឧស្សាហ៏ ​តារា​សម្តែង​ប្រុស​រលក​ក្រោយ​កំពុង​តែ​ស្រូប​បាន​ការ​គាំទ្រ​ពី​មហាជន​ច្រើន​តាម​រយៈ​ភាពយន្ត​ភាគ​នានា​មាន​ដូចជា​រឿង ​«ម្ទេសហឹរ​ប៉ះ​អំបិល​ប្រៃ» រឿង​«មន្តស្នេហ៍​ក្រមុំ​បាយ​ឆា» ចាក់​បញ្ចាំង​នៅ​ទូរ​ទស្សន៍​ប៉ុស្តិ៍ PNN រឿង​«ហង្សបាក់​ស្លាប» និង​រឿង​ «កូន​ក្រមុំ​លោក​មេ​ឃុំ» ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ និង​តួ​ប្រុស​ក្នុង​រឿង «ទឹក​ចិត្ត​ម្តាយ​សម័យ​ថ្មី» របស់​ទូរ​ទស្សន៍​ថោន​ និង​អតីត​ជា​បេក្ខជន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ដែល បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​បុរស​រូប​សង្ហា​ប្រចាំ​អាស៊ី ឬ​ហៅថា « Mr . Asia 2014 » នៅ​ទី ក្រុង​ហុងកុង ​ប្រទេស​ចិន ​នោះ​បាន​ជាប់​ជា​តា​រា​ញញឹម​ស្រស់​ជាង​គេ​ទទួល​បាន​ពាន​រង្វាន់ «Mr. Smiley Award in Mister Asia Contest 2014 »៕