ក្រុង​បាងកក: រដ្ឋបាល​ក្រុង​ បាងកក បាន​ប្រកាស​សង្គ្រាម​ជាមួយ​អ្នក​លក់​ចេក​ចៀន ដែល​ពួកគេ​ជា​ច្រើន​បាន​ជួល​បុគ្គលិក​ដើរ​លក់​ពាស​វាល​ពាស​កាល ​តាម​ផ្លូវ​ដល់​អ្នក​បើកបរ​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់​។

ទោះបី​សង្កត់​ធ្ងន់​លើ​បញ្ហា​ផ្សេង​ៗ​ក្នុង​ទីក្រុង ដូចជា ការ​ចោល​សំរាម​ អ្នក​រត់​តាក់ស៊ី​សម្រេច​កាម​ខ្លួន​ឯង​លើ​ឡាន​ លក់​ផលិត​ផល​កោរ មន្ដ្រី​សាលា​ក្រុង​បាងកក បាន​សម្រេច​ថា អ្នក​លក់​ចេកចៀន​តាម​ភ្លើង​ស្ដុប «​បង្ខូច​មុខ​មាត់​ប្រទេស​ជាតិ​» ហើយ​ដូច្នេះ ទាំង​អាជីវករ​ និង​អ្នក​ទិញ គួរ​ត្រូវ​ទទួល​ពិន័យ យោងតាម​សេចក្ដី​សម្រេច​សណ្ដាប់​ធ្នាប់​ប្រទេស​។

គំនិត​នេះ​ត្រូវបាន​លើក​យក​មក​ជជែក​រវាង​សមាជិក​ក្រុម​ប្រឹក្សា​ក្នុង​ជំនួប​ Paitoon Kamparat ដែល​បាន​និយាយ​ថា មាន​អ្នក​លក់​ចេក​ចៀន​យ៉ាង​ច្រើន​សន្ធឹក​ក្នុង​តំបន់ អូល​ថោន​ ដែល​ភ្ញៀវ​ទេសចរ​ដើរ​លេង​តំបន់​នោះ ក្រោយ​ទស្សនា​ព្រះ​បរមរាជ​វាំង Grand Palace និង​អារាម ​Emerald Buddha។

លោក Paitoon និយាយ​ថា យោងតាម​ច្បាប់ អ្នក​លក់​ចេក​ចៀន​តាម​ដង​វិថី​ត្រូវ​ទទួល​ការ​ពិន័យ​រហូត​ដល់ ៥០០០ បាត (១៦០ ដុល្លារ​) ខណៈ​អ្នក​ទិញ​ត្រូវ​អស់​ប្រាក់​ ២០០០ បាត (៦៥ ដុល្លារ​) ពី​បទ​ទិញ​ចំណី​ខុស​ច្បាប់​ដែល​មាន​តម្លៃ​ត្រឹម ២០ បាត​ (២៥០០ រៀល​)​។

លោក​បាន​បន្ថែម​ថា ទីក្រុង​បាងកក​ត្រូវ​កំណត់​ទីតាំង​សម្រាប់​អ្នក​លក់​ចេក​ចៀន​ និង​តាម​ដាន​ពួកគេ​តាម​រយៈ​កាមេរ៉ា CCTV​។

ក្រុម​ប្រឹក្សា​បាន​ឯក​ភាព​ជាមួយ Paitoon និង​អភិបាល​រង​ក្រុង​បាងកក ឈិនថាត មីស៊ុក បាន​និយាយ​ថា លោក​នឹង​សម្រប​សម្រួល​ជាមួយ​នាយកដ្ឋាន​អនុវត្ដ​ច្បាប់​ទីក្រុង និង ​មន្ដ្រី​ប៉ូលិស​ក្នុង​តំបន់​ត្រូវ​ពង្រឹង​ច្បាប់​៕ HR

ប្រភព Coconut Bangkok

ចេក​ចៀន​ជា​អាហារ​សម្រន់​ដ៏ពេញនិយម​មួយ​នៅ​ប្រទេស​ថៃ។