ក្រុងឌូបៃ: ឆ្នាំនេះ ក្រុង​ឌូបៃ​មិន​មាន​ការ​បាញ់​កាំជ្រួច​ស្វាគមន៍​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​នោះ​ទេ ដោយសារ​តែ​ក្ដី​កង្វល់​ចំពោះ​សុវត្ថិភាព ដោយ​ទីក្រុង​របស់​ប្រទេស​អារ៉ាប់​រួម​មួយ​នេះ​បាន​ជ្រើសរើស​យក​វិធី​លេង​ភ្លើង​ពណ៌​គ្រង​កំណត់ត្រា​ពិភពលោក​ថ្មី​លើ​អគារ​ខ្ពស់​បំផុត​ក្នុង​លោក Burj Khalifa។

កាលពី ២ ឆ្នាំមុន ក្រុង​ឌូបៃ បង្ក​នូវ​ចលាចល​ស្លន់​ស្លោ​ពេល​អគ្គិភ័យ​ធំ​មួយ​បាន​ឆាប​ឆេះ​សណ្ឋាគារ​ប្រណីត​មួយ​រយៈពេល​ប៉ុន្មាន​ម៉ោង​មុន​ពេល​ការ​បាញ់​កាំជ្រួច​អបអរ​ឆ្នាំ​ថ្មី។ ឆ្នាំ​ថ្មី ២០១៨ អគារ​ខ្ពស់​បំផុត​ក្នុង​លោក​ត្រូវបាន​រចនា​ជា «ឆ្នាំ​ហ្សា​យ៉េដ» ដែល​ជា​អតីត​នាយក​រដ្ឋមន្ដ្រី​អេមីរ៉ាត​អារ៉ាប់រួម ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី។

Emaar Properties ជា​ក្រុមហ៊ុន​អចលនទ្រព្យ​នៃ​អគារ​តំណាង​ជាតិ​នេះ បាន​ប្រកាស​លើ​វេបសាយ​ខ្លួន​ថា ពិធី​បាញ់​កាំជ្រួច​ត្រូវ​បាន​ជំនួស​ដោយ​ពន្លឺ​ភ្លើង​ឡាស៊ែរ និង​ប្រព័ន្ធ​សោត​ទស្សន៍​ក្រោម​ប្រធានបទ «Light Up 2018»។

ពួកគេ​បាន​អះអាង​ថា អ្នកជំនាញ​ជាង ៣០០ នាក់ និង​ឯកទេស​ឡើង​ខ្សែពួរ ១០០ នាក់​បាន​ធ្វើ​កិច្ចការ​តុបតែង​អគារ​ដ៏ខ្ពស់​បំផុត​នេះ​រយៈពេល ៧ ខែ​ដើម្បី​រៀបចំ​ពន្លឺ​ភ្លើង​ដ៏អស្ចារ្យ​នេះ។

ការបង្ហាញ​ពន្លឺ​ភ្លើងពណ៌​ស្វាគមន៍​ឆ្នាំ​ថ្មី​នេះ មាន​រយៈពេល ១០ នាទី និង​ធ្វើ​ឲ្យ​មហាជន​ទទួល​បាន​នូវ​ភាព​ភ្ញាក់ផ្អើល​ដោយ​នាំគ្នា​ឈរ​ថតរូប វីដេអូ និង​ស្រែក​អបអរ​ឆ្នាំ​ថ្មី។

កាលពី​ឆ្នាំ ២០១៥ ពិធី​បាញ់​កាំជ្រួច​បាន​ជួប​នូវ​ឧប្បត្ដិហេតុ​អាក្រក់​កើត​ឡើង ដោយ​អគ្គិភ័យ​បាន​ឆាប​ឆេះ​ចេញ​ពី​អគារ​ជាន់​ទី ៤០ នៃ​សណ្ឋាគារ​ប្រណីត Address Downtown ៦៣ ជាន់៕

HR