Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ជុំ លីណូ រំពឹង​ស្នាដៃ​ផ្ទាល់ខ្លួន​ អាច​នឹងស្តារ​ប្រជាប្រិយ​ភាព ប្រសើរ​ឡើងវិញ

Content image - Phnom Penh Post
តារាចម្រៀង ជុំ លីណូ។ វុទ្ធី

ជុំ លីណូ រំពឹង​ស្នាដៃ​ផ្ទាល់ខ្លួន​ អាច​នឹងស្តារ​ប្រជាប្រិយ​ភាព ប្រសើរ​ឡើងវិញ

ភ្នំពេញ: ក្នុងដំណើរ​សិល្បៈ​ចម្រៀង​ជ្រកក្រោម​ដំបូល​ផលិតកម្ម ដែលមាន​វ័យក្មេង​ខ្ចី ផលិតកម្ម Sastra film និង​ក្រោយពី​ការបង្កើន​ស្នាដៃ​តែង​និពន្ធ​ដោយ​ខ្លួនឯង មិន​ចម្លង​គេនោះ លោក ជុំ លីណូ រហស្សនាម (ម៉ៃឃើល ជេកសុន) ក៏ជា​អតីត​តារា​ចម្រៀង​មានឈ្មោះ​បោះ​សំឡេង​កាលពី​នៅផលិតកម្ម​សាន់ដេ​បង្ហាញ​ក្តីរំពឹង​មុតមាំ​ក្នុងការ​ឆក់បេះដូង​យុវវ័យ​គាំទ្រ​លោក​ឡើងវិញ។

តារាចម្រៀង លោក ជុំ លីណូ ហាក់ធ្លាក់​ប្រជាប្រិយភាព បន្ទាប់ពី​បាន​ចាកចោល​ទ្រនំ​សាន់ដេ មក​ចូល​ជ្រកក្រោម​ដំបូល Diamond music ជាមួយ​ចំណារ​ពាក្យ​មហាជន​ពោល​អាសូរថា៖ «លីណូ នឹងពិបាក​ស្ដារ​ប្រជាប្រិយភាព ហើយ​ច្បាស់​ជាស្ដាយក្រោយ និង​ចង់វិល​ទៅរក​ទ្រនំ​ចាស់​វិញ​ជាពុំខាន ខណៈ​នេះបាន​ចាក​ចេញមក​ជ្រកក្រោម​ដំបូល​ផលិតកម្ម​ថ្មី​មួយទៀត»។

ក្នុងជំហរ​ដាច់ខាត មិនដើរ​ត្រឡប់ក្រោយ ទោះមាន​ផល​លាភធំ​ក៏ដោយ ហើយក៏​ទទូច​មិនចង់​រំឭក​រឿង​ចាស់ តារាចម្រៀង​ដែលគេ​ចាត់ទុកថា ជា​ម៉ៃឃើល ជេកសុន ខ្មែរ​រូបនេះ អះអាងថា៖ «ខ្ញុំ​កំពុងតែ​ពេញចិត្ត​ចំពោះ​ទ្រនំថ្មី​ផលិតកម្ម Sastra ខណៈ​ទីផ្សារ​ចម្រៀង​ខ្ញុំក៏​កំពុង​ស្ទុះ​ឡើងវិញ​គួរឲ្យ​កត់សម្គាល់»។

លោក លីណូ បាន​បញ្ជាក់ថា៖ «ខ្ញុំ​ទើបតែ​ចូលជ្រក​នៅ​ផលិតកម្ម Sastra បាន​ជាង​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ។ ប៉ុន្តែ​បទ​ចម្រៀង​របស់ខ្ញុំ​មួយចំនួន កំពុង​ទាញ​បានការ​គាំទ្រ​ខ្លាំង​នៅតាម​បណ្ដាញ​សង្គម ដូចជា​បទ «យកប្រពន្ធ​ខុស» «ឥទ្ធិពល​ដុល្លារ» និងបទ Original song ដូចជា​បទ «ខឹងបង​កុំធ្វើបាប​ក្រពះ» «ខ្លាច​ថ្ងៃមួយ» និង​បទញាក់ «អត់សង្សារ​លើកដៃ» ជាដើម»។

លោកថា៖ «បទ «អត់សង្សារ​លើកដៃ» គឺខ្ញុំជា​អ្នកធ្វើ​មេឡូឌី​ថ្មីដោយ​ខ្លួនឯង​ហើយ​កំពុងតែ​មានការ​ចាប់អារម្មណ៍​ខ្លាំង​នៅតាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ព្រោះ​ទើបតែ​ចេញ ទាំង​មិនទាន់​ចេញ MV ផងមាន​អ្នក​ចូលចុច​ស្តាប់ខ្ទង់​រាប់សែន​នាក់​ទៅហើយ»។

តារា​ចម្រៀង​រូបនេះ​បង្ហាញ​ក្តី​រំពឹងថា៖ «ខ្ញុំ​រំពឹង​ខ្លាំងថា បទនេះ​នឹងផ្ទុះ​ខ្លាំង​ពេលចេញ MV ឆាប់ៗ​ខាងមុខ​ព្រោះ​ខ្ញុំ​សម្រិតសម្រាំង​បំបែក​ក្បាច់រាំ​ឲ្យមាន​ភាព​ទាក់ទាញ»។

ជាមួយ​ដំណើរ​ចូល​ផលិតកម្ម Sastra ក្រោយ​ដើរ​ចេញពី Diamond music លោក ជុំ លីណូ មានឱកាស​ចេញ​ច្រៀង​តាម​កម្មវិធី​ប្រគំតន្ត្រី​តូចធំ​តាមបណ្ដា​ខេត្ត​ក្រុង​នានា។

ទន្ទឹម​ទីផ្សារ​ចម្រៀង​ស្ទុះ​ឡើងវិញ ជុំ លីណូ អះអាងថា៖ «ខ្ញុំកាន់​តែមាន​កម្លាំងចិត្ត​ថែមទៀត ចំពោះ​ការគាំទ្រ​បទថ្មីៗខ្ញុំ​ទើប​ចេញ ពេលនេះ​ក៏មាន​ខាង​ឧបត្ថម្ភ​បរទេស​កំពុង​ទាក់ទង​ចរចាហៅ​ចេញ​ច្រៀង​នៅក្រៅ​ប្រទេស»។

ដោយ​កំពុងតែ​ពង្រឹង​សមត្ថភាព​បន្ថែម និង​ព្យាយាម​រិះរកនូវ​អ្វីដែល​ថ្មីៗ មិនឲ្យ​ទស្សនិកជន​ខកបំណង​ឡើយ​នៅឆ្នាំ ២០១៧ ៕

0

Comments

Please, login or register to post a comment