ភ្នំពេញៈ ក្រោយ​ពី​មាន​កិត្តិសព្ទ​ល្បី​មួយ​កម្រិត​ថែម​ទៀត​តាមរយៈ​ការ​និពន្ធ​ទំនុក​ច្រៀង និង​មេឡូឌី ឲ្យ​តារា​ចម្រៀង​ប្រុស​ស្រី​កំពូលៗ​នៅ​លើ​ទ្រនំ​ហង្សមាស ជា​ពិសេស​បទ​ល្បី​ខ្លាំង ដែល​មាន​ចំណង​ជើង​ថា «រាំ​អញ្ចេក» ច្រៀង​ដោយ​កញ្ញា ឱក សុគន្ធ​កញ្ញា និង​លោក ព្រាប សុវត្ថិ មក​នោះ លោក ចាន់ សំណាង ហៅ​ឌីជេ ក្តិប ក៏​សស្រោក​សស្រាំ​នឹង​សកម្មភាព​ជួយ​សង្គម​ក្នុង​វិស័យ​ជំរុញ​លើក​ស្ទូយ​សិល្បៈ​ដល់​ក្មេង​ជំនាន់​ក្រោយ។

ជាក់ស្តែង​កាលពី​ល្ងាច​ម្សិលមិញ អង្គការ​សាលា​សិល្បៈ​តន្ត្រី បាន​បើក​បង្រៀន​ជំនាញ​សិល្បៈ និង​តន្ត្រី​ទៅ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ដែល​ជួប​ការ​លំបាក​ខាង​ជីវភាព​នោះ បាន​ជូន​ដំណឹង​ដល់​សិស្ស និង​អ្នក​ចូលចិត្ត​សិល្បៈ​ឲ្យ​ចូល​សិក្ខា​សាលា​ជាមួយ​ឌីជេ ក្តិប ដែល​មាន​ឈ្មោះ​ពិត ចាន់ សំណាង ថា៖ «ជួប​ជាមួយ​លោក ចាន់ សំណាង សម្រាប់​អ្នកចេះ​ធ្វើ​មេឡូឌី​ខ្លះៗ​ពី​ធម្មជាតិ និង​ចង់​ស្វែង​យល់​បន្តែម​ពី​មេឡូឌី​ចម្រៀង​ឲ្យ​កាន់​តែ​ច្បាស់ ជួបគ្នា​នៅ​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០១៨ នៅ​អង្គការ​សាលា​សិល្បៈ​តន្ត្រី ម៉ោង ៥ កន្លះ ដល់​ម៉ោង ៦ កន្លះ ល្ងាច»។

លោក ថា សុធា នាយក​អង្គការ​សាលា​សិល្បៈ​តន្ត្រី បាន​បង្ហើប​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​បើក​សិក្ខាសាលា​ស្តីពី​ចម្រៀង និង​មេឡូឌី កាល​ពី​ល្ងាច​ថ្ងៃទី ១៦ ខែ​មករា ម្សិលមិញ​ថា៖ «តាម​ពិត​ទៅ ឌីជេ ក្តិប មិន​មែន​ទើប​ស្ម័គ្រចិត្ត​ចូលរួម​ចែក​រំលែក​ផ្នែក​សិល្បៈ​នៅ​អង្គការ​យើង​លើក​ទី ១ ទេ ខណៈ​ថ្ងៃនេះ​គឺជា​លើក​ទី ២ ដែល​លោក​បាន​ស្ម័គ្រចិត្ត​មក​ជួយ​យើង​ក្នុងការ​ចែក​រំលែក​ផ្នែក​ជំនាញ​របស់​គាត់​គឺ​ការ​តែង​និពន្ធ​ទំនុក​ច្រៀង ការ​និពន្ធ​បទ​ភ្លេង និង​មេឡូឌី តែម្តង»។

ចំណែក ឌីជេ ក្តិប ក៏បាន​បង្ហាញ​អារម្មណ៍​ផ្ទាល់​តាមរយៈ​ការ​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ដែរ​ចំពោះ​សកម្មភាព​ស្ម័គ្រចិត្ត​ជួយ​សង្គម​មួយ​នេះ​ថា៖ «អរុណ​សួស្តី!​ពុក​ម៉ែ បងប្អូន ទាំងអស់​គ្នា!​ជា​ពិសេស​អ្នក​ដែល​ស្រឡាញ់​ការ​តែង​និពន្ធ ក៏​ដូចជា​ចង់​ស្វែងយល់​បន្ថែម​ពី​វិធីសាស្ត្រ​ក្នុងការ​តាក់​តែង​និពន្ធ មេឡូឌី បទ​ចម្រៀង​ឲ្យ​ស៊ី​ជាមួយ​នឹង​ទម្រង់​សាច់​ភ្លេង​ឲ្យ​វា​សម​ស្រប​ទៅ​តាម​ប្រភេទ​ដំណើរ​ជា​បទ​ចម្រៀង​បែប Pop, Blue, Country, HipHop, Rap, Rnb ឬក៏​ទម្រង់​បទ​ភ្លេង​ប្រជាប្រិយ​ខ្មែរ រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ ជាដើម​ជួបគ្នា​នៅ​អង្គការ​សាលា​សិល្បៈ​តន្ត្រី​ជាមួយ​ខ្ញុំ​នៅ​ម៉ោង ៥ កន្លះ ដល់​ម៉ោង ៦ កន្លះ»។

គេ​នៅ​ចាំបាន​ថា កាលពី​អំឡុង​ដើម​ឆ្នាំ ២០១៥ ខណៈដែល​មហាជន​ជា​ច្រើន​ផ្ទុះ​ការ​រិះគន់​ទៅ​លើ​វិស័យ​ចម្រៀង​ខ្មែរ​ជុំវិញ​បញ្ហា​កម្មសិទ្ធិ​បញ្ញា និង​ការ​ចម្លង​បទ​បរទេស​មក​ច្រៀង​នោះ ទើប ឌីជេ ក្ដិប បាន​ចេញ​មុខ​ប្ដេជ្ញា​ថា​នឹង​ខិតខំ​និពន្ធ​បទ​ចម្រៀង​ស្នាដៃ​ថ្មី​សន្លាង មិន​ចម្លង​គេ​ជា​ដាច់​ខាត តាមរយៈ​ផលិតកម្ម​របស់​លោក​ឈ្មោះ Camtrax Music ដែល​មាន​តារា​ចម្រៀង​មាស សុខសោភា ផងដែរ។

កាល​ពី​ដើម​ឆ្នាំ ២០១៧ មក​តារា​ចម្រៀង​រ៉េប និង អ្នក​តែង​និពន្ធ ឌីជេ ក្តិប បាន​សម្រេច​ចិត្ត​ចាប់​យក ឱកាស​ចូល​ទៅ​បញ្ចេញ​ស្នាដៃ​នៅ​ក្នុង​ផលិត កម្ម​ហង្សមាស នៅ​ក្នុង​សភាព​ស្ងប់​ស្ងាត់ ដែល​ផ្ទុយ​ពី​ដំណឹង​តារា​ចម្រៀង​មួយ​ចំនួន​ផលិតកម្ម​ធំ​មួយ​នេះ បាន​នាំគ្នា​រើ​បង្វេច​រត់​ចូល​មក​កាន់​ផលិតកម្ម​ថោន ផងដែរ​នោះ៕