ភ្នំពេញ: កាល​ពី​ថ្ងៃទី ១៤ កុម្ភៈ ដែល​ជា​ថ្ងៃ​ជាតិ​សាសន៍​អីរ៉ុប ហៅថា​ ទិវា​នៃ​ក្តី​ស្រឡាញ់ កំពុង​ត្រូវ​បាន​ស្វាគមន៍​ពី​ប្រជាជាតិ​អាស៊ី​រួម​ទាំង​ប្រជាជាតិ​ខ្មែរ​ផង តោង​មក​ប្តូរ​ទម្លាប់​ពី​អ្នក​ស្នង​មរតក​ដូនតា​ស្រគត់​ស្រគំ យក​ថ្ងៃនេះ​មក​ធ្វើ​ជា​ថ្ងៃ​បង្អួត​គ្នា​ពី​ជំ​នូន​លាភ​នៃ​សម្ភារ​និយម និង​កាដូ​​ជា​ថ្នូ​រនៃ​ក្តី​ស្រឡាញ់​ពី​មនុស្ស​ជាទី​ស្រឡាញ់ រំពេច​នោះ​ដែរ​​តារា​សម្តែង និង​ពិធីការិនី​​រាង​តូច​ច្រឡឹង ទើប​នឹង​ស្ងប់​វីដេអូ​អាស្រូវ​ដណ្តើម​ប្តី​គេ កញ្ញា ណូម័រ ក៏​ញ៉ាំង​ឲ្យ​មហាជន​លាន់​មាត់​ភ្ញាក់​ផ្អើល លើ​រូបភាព​បង្អួត​ផ្ទះល្វែង​​ថ្មី តម្លៃ​ច្រើន​ម៉ឺន​ដុល្លារ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន។

ចូល​ដល់​ឆ្នាំ ២០១៨ ពិធីការិនី អន រ៉ាស៊ីសុមេត្តា ហៅ ណូម័រ ថែម​ពី​ការ​កាក់​កប ក្នុង​អាជីព​សិល្បៈ ជា​តារា​សម្តែង រួម​នឹង​ការងារ​ជា​ពិធីការិនី និង​ជា​លក់​ខោអាវ ៣ តូប នៅ​ផ្សារ​ទួលគោក។ លើស​ពីនេះ នាង​បាន​ទិញ​ផ្ទះល្វែង​កូន​កាត់​ជូន​ដល់​ម្តាយចំ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់។

ប៉ុន្តែ​ការ​បង្អួត​សំណង់​ផ្ទះ​ល្វែង​​ដ៏​ប្រណីត ក្រោម​សម្តី​អះអាង​ពី​កញ្ញា ណូម័រ ថា នាង​បាន​ទិញ​ផ្ទះ​ថ្មី​ឲ្យ​ម្តាយ សម្រាប់​កាដូ សម្រាប់​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នោះ ក៏​ជា​សារ​មួយ​រំឭក​ដល់​មហាជន​អំ​ពីភាព​អាម៉ាស់​កើត​ឡើង​ចំពោះ​​រូបនាង​​ដោយសារ​ការ​ភាន់​ច្រឡំ ជុំវិញ​វីដេអូ​រឿង​អាស្រូវ បង្ហាញ​ពី​កាយវិការ​ឆ្គង​នឹង​ឥរិយាបថ​ស្ត្រី​ខ្មែរ។

មុន​នោះ​បន្តិច​ក៏​មាន​ផ្ទុះ​ព័ត៌មាន​តាមរយៈ​វីដេអូ​ដែល​ថា ស្រី​ស្រស់​តូច​ច្រឡឹង ណូម័រ​ដណ្តើម​ប្តី​គេ ធ្វើ​ឲ្យ​ស្ត្រី​ដូចគ្នារង​នូវ​ទឹក​ភ្នែក។

ក្នុង​នោះ​ដែរ ក៏​មាន​មជ្ឈដ្ឋាន​ជាច្រើន​នាំគ្នា​តំណាល ពី​សំណង់​​ផ្ទះ​ល្វែង​ ដែល​ណូម័រ​បង្អួត​លើ​បណ្តាញ​សង្គម ជាមួយ​ការ​អះអាង​ថា កាដូ​ជូន​ម្តាយ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នោះ ក៏​ជា​កាដូ ណូម័រ ទទួល​បាន​ពី​ម្ចាស់​ស្នេហ៍​មាន​ចំណង​ ៥ ប្រការ​រួច​ហើយ​នោះ​ដែរ។

រំឭក​ពីសារ ណូម័រ បង្ហាញ​ភ្ជាប់​ និង​រូប​សំណង់​ផ្ទះ​ដ៏​ស្កឹមស្កៃ ដែល​នាង ឈរ​​ជាមួយ​ម្តាយ បង្ហាញ​ពី​ស្នាម​ញញឹម​ពព្រាយ​នោះ នាង​បាន​បរិយាយ​ថា៖ «អូន​សុខចិត្ត​លះបង់​ការធ្វើ​ច្រមុះ ដើម្បី​យក​លុយ​មក​បង្គ្រប់​ទិញ​ផ្ទះមួយ​ល្វែង​ទៀត ជា​កាដូ​ថ្ងៃបុណ្យ​នៃ​សេចក្តី​ស្រឡាញ់​ជូន​អ្នក​ម្តាយ គ្រាន់​ឲ្យ​អ្នក​ម្តាយ​ដាក់​ជួល​បាន​កម្រៃ ៤០០ ដុល្លារ ទៅ ៥០០ ដុល្លារ​ ក្នុង​មួយ​ខែ​របស់​​គាត់​ដែរ»។

ក្នុងនោះ ណូម័រ បាន​បន្ត​សរសេរ​ថា៖ «សូម​អ្នក​ម្តាយ​ចាំ​ថា ទោះ​គ្មាន​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​ក៏​សេចក្តី​គោរព​អាណិត​ស្រឡាញ់​របស់​កូន​តែង​មាន​ចំពោះ​អ្នក​ម្តាយ​គ្រប់​វិនាទី​ Surprised Gift Valentine''s Day for My everything Mak Keo I LOVE YOU (ភ្នំពេញ​ថ្ងៃទី ១៣/១៤ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ​ទឹកចិត្ត​កូន​ស្រី​ចំពោះ​អ្នក​ម្តាយ)»។

កញ្ញា ណូម័រ បាន​ឲ្យដឹងថា៖ «ផ្ទះ​មួយ​ល្វែង​ដែល​ទិញ​ឲ្យ​ម្តាយ​នោះ ស្ថិត​នៅ​ទី​តាំង​ចំការ​ដូង ដែល​ខ្ញុំ​ទើប​ទិញ​កាលពី​ថ្ងៃ​ទី ១៣ កុម្ភៈ​​នេះ ទុក​ជា​កាដូ​ជូន​ម្តាយ​ថ្ងៃទី ១៤ កុម្ភៈ»។

កញ្ញា​បាន​បង្ហាញថា៖ «ផ្ទះ​នេះ មាន​តម្លៃ​ជាង ៦​ម៉ឺន​ដុល្លារ ដែល​ជា​ថវិកា​ខ្ញុំ​សន្សំ​បាន​ពី​សិល្បៈ និង​លក់​ខោអាវ តែ​ប៉ុណ្ណោះ»។

នាង​ក៏​បាន​បញ្ជាក់​ថា៖ «ដូច​​ដែល​ខ្ញុំ​បង្ហាញ​​នៅ​លើ​បណ្តាញ​សង្គម ខ្ញុំ​សុខ​ចិត្ត​លះបង់​ការកែ​សម្ផស្ស​ធ្វើ​ច្រមុះ សន្សំ​​លុយ​ទុក​ទិញ​ផ្ទះ​ឲ្យ​ម៉ែ ដែល​លុយ​នេះ​គឺ​ពិតជា​បាន​ពី​ការ​សន្សំ ពី​ការងារ​សិល្បៈ និង​របររកស៊ី​លក់​ផលិតផល​លើ​អន​ឡាញពិត»។

ក្នុងនោះដែរ​ ណូម័រ បក​ស្រាយ​ថា៖ «ចំពោះ​រឿង​ល្បី​ខ្ញុំ​ដណ្តើម​ប្តី​នោះ គឺ​គ្រាន់តែ​វីដេអូ សម្តែង​ និង​ដើម្បី​អប់រំ​សង្គម​ទេ វា​មិន​មែន​​ការពិត ហើយ​ខ្ញុំ​ក៏​មិន​ប្រព្រឹត្ត​​រឿង​បែប​នេះដែរ​សម្រាប់​ខាង​ក្រៅ​វីដេអូ​នោះ»៕