ភ្នំពេញៈ សព​របស់​តារា​ចម្រៀងស្រី​​រ៉ុកខេនរ៉ូល​​ខ្មែរ​វ័យ​ ៣៨ ឆ្នាំ ដែល​និយម​ច្រៀង​បទ​ជាមរតក​ដើមនា​ទសវត្សរ៍ទី​​ ៦០-៧០​ និង​​មាន​ក្រុម​​ចម្រៀង​​​​ជា​មួយ​ជន​បរ​​ទេស​ អ្នកនាង ​កាក់ ចន្ធី ត្រូវ​បាន​​ដឹក​​យក​ទៅ​ធ្វើ​បុណ្យ​តាម​គន្លង​ប្រពៃណី​ពុទ្ធ​សាសនា​ហើយ នៅ​ឯ​ស្រុក​កំណើត​ខេត្ត​ព្រៃវែង ​ក្រោយ​​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​រថ​យន្ត​ម៉ាក Prius ពណ៌​ក​ណ្តុរ​​ប្រ​​មេះ​​​ បុក​រម៉ក់​កង់បី​ធ្លាក់​ដួល​បែក​ក្បាល​ ស្លាប់ភ្លាមៗ​​កាល​ពី​វេលា​ម៉ោង ១ និង​ ៤០ នាទី​​យប់រំលង​អាធ្រាត្រ​ ​ចូល​ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ ២០១៨ នៅ​ត្រង់​ចំណុច​​បណ្តោយ​​ផ្លូវ​លេខ ​១៦៣ ទិសដៅ​ពីជើង​ទៅ​ត្បូង​ ​(ផ្តុំ​​ភ្លើង​ស្តុប​ទួល​ទំពូង​ កែង​នឹង​ផ្លូវ​នៅ​ភោជនី​ដ្ឋាន​ទន្លេ​បាសាក់​ទី ១)​។​

បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​​លោក សុន សុភក្តិ ​​​ជា​ក្មួយ​ប្រុសនៃ​សព បាន​ឲ្យ​ដឹង​ថា៖ «មូល​ហេតុ​នៃ​ការ​ជួប​គ្រោះ​ថ្នាក់​​​ចរាចរណ៍​រហូត​ដល់​ស្លាប់មីង​របស់​ខ្ញុំ​ បណ្តាល​មក​ពី​រថ​យន្ត​ម៉ាក​ Prius ​​ បើក​​បុក​រម៉ក់​កង់​​បីរបស់​ឥណ្ឌា​​​ពី​ក្រោយ​​​ហើយ​ធ្វើ​ឲ្យ​មីង​​ធ្លា​ក់​​ដួល​បែក​ក្បាល​​ស្លាប់​មួយ​រំពេច​កាល​ពី​ម៉ោង​ជិត​២ យប់ បន្ទាប់​ពី​គាត់​ចេញ​ពិធី​ជប់​លៀង​មិត្ត​ភក្តិ​គាត់​។​ នៅ​​ពេ​ល​នេះ​ស​ព​​មីង​ បាន​ដឹក​មក​ដល់​ផ្ទះ​នៅ​ស្រុក​ជា​​​ទី​កន្លែង​កំណើត​ធ្វើ​បុណ្យ​ នៅ​ស្រុក​​កំពង់​​ត្រ​បែក​ ខេត្ត​ព្រៃ​វែង​​ហើយ​»។​

បើ​តាម​ការ​ចុះ​ផ្សាយ​តាម​បណ្តាញ​ព័ត៌មានអន​ឡាញ​​ក្នុង​ស្រុកមួយ​បាន​ឲ្យ​ដឹង​បី​អត្តសញ្ញា​នៃ​ជន​បង្ក​គ្រោះ​ថ្នាក់​ និង​ជា​ម្ចាស់​រថយន្ត​ម៉ាក​​ Prius មិន​មាន​ស្លាក​លេខ មាន​ឈ្មោះ ​ងួន ស្រីនិច ភេទ​ស្រី វ័យ​ ២១ ឆ្នាំ បើក​ពី​ទិសដៅពី​លិច​ទៅ​កើត​ទៅ​បុក​រម៉ក់​កង់​​បីរបស់​ឥណ្ឌាពី​ក្រោយ​ពេញ​ទំហឹង​​​​ ដែល​​តារា​ចម្រៀង​ស្រី​​រ៉ុកខេនរ៉ូល​​ កាក់ ចន្ធី ​និង​បុរស​​ជន​បរ​ទេស​កំពុង​ជិះ​​។​​

ក្រោយ​​ពី​កើត​ហេតុ ខាង​​ប៉ូលិស​សង្កាត់​ទួល​ទំពួង​ ក៏​បាន​ឃាត់​ខ្លួនជន​បង្ក​គ្រោះ​​ថ្នាក់​ជា​ម្ចាស់​រថ​យន្ត​ទៅ​​ធ្វើ​កំណត់​​ហេតុ និង​សួរ​នាំ​មិន​ទាន់​ប៉ុន្មាន​ផង​ នាង​ក៏​ភ័យ​រហូត​ដួល​​សន្លប់បាត់​សា្មរតី។

ទន្ទឹម​នឹង​ការ​បាត់បង់​ជីវិត​តារាចម្រៀង​របស់ខ្លួន នៅ​មួយម៉ោង​មុននេះ ទំព័រ​ហ្វេសប៊ុក Cambodian Space Project បាន​បង្ហាញ​ការ​កាន់ទុក្ខ​ដោយ​ប្ដូរ​រូបភាព​ទាំង​អស់​ជា​ពណ៌​ខ្មៅ អមដោយសារ​សោកស្ដាយ​យ៉ាង​ខ្លាំង​ថា៖ «មិន​មាន​ពាក្យ​ណា​ដែល​អាច​ពិពណ៌នា​ការ​បាត់បង់​​របស់យើង។ សូម​ទៅ​កាន់សុខគតិភព ចន្ធី ពិត​ជា​លា​ចាកលោក​ឆាប់ពេកហើយ។ យើង​ពិត​ជា​ខូច​ចិត្ត​ខ្លាំង​ណាស់»។

គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំង​ពី​ឆ្នាំ ២០០៩ ក្រុម​តន្ត្រី Cambodian Space Project ដែល​បាន​តារាចម្រៀង កាក់ ចន្ធី និង​តន្ត្រីករ Julien Poulson បាន​នាំ​មក​នូវ​បទ​ចម្រៀង​មរតក​ដើម រ៉ុក​អេនរ៉ូល ពីសម័យ​កាល​ដ៏​រុងរឿង មក​ប្រគំ​សម្ដែង​ឡើង​វិញ។ ក្រុមតន្ត្រី​ដែល​សាងភាពល្បីល្បាញ ពិសេស​ក្នុង​ស្រទាប់​ជនបរទេស​នៅ​កម្ពុជា​នោះ ក៏​ទទួលបាន​ឱកាស​ចូលរួម​កម្មវិធី​មហោស្រព​តន្ត្រី ទូទាំងទ្វីប​​អាស៊ី បណ្ដា​ប្រទេស​នៅ​អឺរ៉ុប និង​អូស្ត្រាលី៕