Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តោះ​ព្រីន​រូប​ខ្លួនឯង និង​មនុស្ស​ជាទី​ស្រឡាញ់​លើ​កាហ្វេ​នៅ FOTO Cafe

Content image - Phnom Penh Post
រូបភាព​ដំរីស​មួយ​គូ​រចនា​ឡើង​ពី​គូទ​កំប៉ុង​ទឹកក្រូច និង​ស្រាបៀរ បន្ថែម​បរិយាកាស​ដល់​ហាង កាហ្វេ ហ្វូតូ​។ ផា លីណា

តោះ​ព្រីន​រូប​ខ្លួនឯង និង​មនុស្ស​ជាទី​ស្រឡាញ់​លើ​កាហ្វេ​នៅ FOTO Cafe

ភ្នំពេញ: រូបភាព​ដំរីស​មួយគូ​រចនា​ឡើង​ពី​គូទ​កំប៉ុង​ទឹកក្រូច និង​ស្រាបៀរ​យ៉ាង​ស្រស់​ស្អាត វា​ហាក់​បាន​ទាក់​ក្រសែភ្នែក​ភ្ញៀវ​ដែល​ឈាន​ជើង​ចូល​ហាង​កាហ្វេ​ទើប​បើក​សម្ពោធ​សាកល្បង​នៅ​ក្បែរ​វិទ្យាស្ថាន​ភាសាបរទេស (IFL) បើ​ទោះបី​ជា​ហាង​ថ្មី​នេះ​មានការ​តាំង​លម្អ​នូវ​រុក្ខជាតិ និង​ទឹកធ្លាក់​សិប្បនិម្មិត​បែប​ស្ទួយ​បរិស្ថាន​យ៉ាងណា​ក៏ដោយ។

ប៉ុន្ដែ​ភាព​វិសេស​ពាក់ព័ន្ធ​នឹង​ហាង​កាហ្វេ​ហ្វូតូ «FOTO Cafe» គឺ​រសជាតិ​កាហ្វេ និង​សិល្បៈ​នៃការ​ព្រីន​រូបភាព​លើ​កាហ្វេ។

FOTO Cafe ដែល​បើកទ្វារ​សាកល្បង​ពីថ្ងៃ​ទី ៧ ដល់​ថ្ងៃ​ទី ១៤ ខែ​សីហា​ជាមួយ​ការបញ្ចុះ​តម្លៃ ២០ ភាគរយ​លើ​ភេសជ្ជៈ​និង​នំ​ផ្សេងៗ មានន័យ​ថា «Focus On The Outcome» ឬ​ផ្ដោត លើ​សមិទ្ធផល។

លោក គង់ ចាន់​ពិសី ជា​សហស្ថាបនិក​និង​អ្នកគ្រប់គ្រង​ទូទៅ​នៅ FOTO Cafe ឲ្យ​ដឹង​ថា៖ «ផ្ដោត​លើ​សមិទ្ធផល មានន័យ​ថា​យើង​បង្កើត​រសជាតិ​កាហ្វេ​ប្លែក។ យើង​ប្រើ​បច្ចេកវិទ្យា​ទំនើប​ព្រីន​រូបភាព​លើ​កាហ្វេ​ហើយ​យើង​មាន​បណ្ណាល័យ​តូច​មួយ​សម្រាប់​អ្នក​និយម​ការអាន​ផងដែរ»។

លោក គង់ ចាន់​ពិសី បាន​បន្ដថា ចំពោះ​ប្រភេទ​កាហ្វេ​ដែល​មាន​រសជាតិ​ពិសេស​ប្លែក​ពី​ហាង​កាហ្វេ​ដទៃ គឺ FOTO Cafe ដែល​ប្រើ​ជា​កាហ្វេ​ក្ដៅ ទឹកកក ឬ​ក្រែម​ពពុះ។

ការ​រចនា ឬព្រី​ន​រូបភាព​ដែល​ថត​ភ្លាមៗ​ផុស​លើ​កែវ​កាហ្វេ​ភ្លែត​គួប​នឹង​រសជាតិ​កាហ្វេ​ក្រោម​បរិយាកាស​អំណោយផល​នៃការ​អាន​សៀវភៅ​គឺ​ជាភាព​ទាក់ទាញ​ចំណាប់អារម្មណ៍​មហាជន​ជាពិសេស​សិស្ស-និស្សិត។

Content image - Phnom Penh Post
ភ្ញៀវ​ក្រេប​កាហ្វេ​មាន​ព្រីន​រូបភាព​ខ្លួនឯង នៅ​ហាង FOTO Cafe។ ផា លីណា

ការ​ព្រីន​រូបភាព​នៅលើ​កាហ្វេ ៣ ប្រភេទ ដូចជា​កាហ្វេ​ឡាតេ កាហ្វេ​ឡាតេ​ទឹកកក និង កាហ្វេ​ខ្មៅ ឬ កាហ្វេ​លាយ​ធញ្ញជាតិ ដែល​មាន​តម្លៃ​ចាប់ពី ១,៣០ ដុល្លារ​ដល់ ២,៥០ ដុល្លារ។ ជាមួយ​នឹងការ​កុម្ម៉ង់​កាហ្វេ​ព្រីន​រូប អតិថិជន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ឈរ​ថតរូប​មួយ​ប៉ុស្ដិ៍ រួច​រង់ចាំ​តែ ១ ឬ ២ នាទី ខណៈ​ម៉ាស៊ីន​កំពុង​ប្រតិបត្ដិការ​ព្រីន​រូប​ជាការ​ស្រេច។

ក្រៅពី​សេវាកម្ម​កាហ្វេ​ក្ដៅ-ត្រជាក់​គ្រប់​ប្រភេទ FOTO Cafe នៅ​មាន​ប្រភេទ​ភេសជ្ជៈ​ក្រឡុក​ទឹកជា​ច្រើន​រសជាតិ និង​នំ​ផ្សេងៗ តម្លៃ​ចាប់ពី ០,៥០ ដុល្លារ​រហូតដល់ ១៥ ដុល្លារ។

ជាមួយ​ទស្សនវិស័យ​ស្រឡាញ់​បរិស្ថាន និង​ចង់ឲ្យ​អតិថិជន​ចំណាយ​ប្រាក់​ឲ្យ​អស់​សក្ដានុពល សហស្ថាបនិក​ហាង កាហ្វេ ហ្វូតូ លោក គង់ ចាន់​ពិសី បាន​បង្ហើប​ប្រាប់​អំពី​គម្រោង​អនាគត​ខ្លី​ខាងមុខ​ថា៖ «យើង​ខ្ញុំ​នឹង​ប្រើ​សម្ភារ​វេច​ខ្ចប់​កាហ្វេ​ដែល​អាច​ទទួល​ទាន​បានតែ​ម្ដង»។

FOTO Cafe ស្ថិត​នៅ​ផ្ទះ​លេខ 03EO ផ្លូវ ២៦១ សង្កាត់​ទឹកល្អក់ ១ ខណ្ឌទួលគោក មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វិទ្យាស្ថាន​ភាសាបរទេស៕

Content image - Phnom Penh Post
ភ្ញៀវ​ត្រូវ​ឈរ​ថតរូប​ រួច​រង់ចាំ ១-២ នាទី​ឲ្យ​ម៉ាស៊ីន​ប្រតិបត្តិការ​ព្រីនរូប។ ផា លីណា

0

Comments

Please, login or register to post a comment