ក្រុងឌូបៃ: ក្រុមហ៊ុន​របស់​អេមីរ៉ាត​អារ៉ាប់​រួម បាន​បង្ហាញ​នូវ​អ្វី​ដែល​ខ្លួន​បាន​ហៅថា​ម្សៅ​ទឹក​ដោះគោ​ប្រើ​រូបមន្ដ​ទឹកដោះ​អូដ្ឋ​ដំបូង​បំផុត​ក្នុង​លោក ក្នុង​បំណង​ជួយ​សម្រួល​ដល់​ទារ​កកើត​អាល្លែកហ្ស៊ី​ជាមួយ​ទឹកដោះ​គោ។

ឧស្សាហកម្ម​ម្សៅ​ទឹកដោះ​អូដ្ឋ និង​ផលិត​ទឹកដោះ ឬ «Camelicious» របស់​អេមីរ៉ាត​អារ៉ាប់​រួម កាល​ពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញ​ផលិតផល​នេះ​នៅ​ពិព័រណ៍​ម្ហូប​អាហារ និង​ភេសជ្ជៈ​ប្រចាំ​ឆ្នាំ Gulfood ២០១៨ ដែល​ប្រារឰ​ឡើង​ចាប់ពី​ថ្ងៃ​ទី ១៨ ដល់​ទី ២២ ខែ​កុម្ភៈ ក្នុង​ក្រុង​ឌូបៃ។

ទឹកដោះ​អូដ្ឋ ដែល​ខ្លួន​បាន​អះអាងថា វា​ស័ក្ដិសម​សម្រាប់​កុមារ​អាយុ​ពី ១ ទៅ ៣ ឆ្នាំ ដោយ​ផ្ដោត​ចម្បង​លើ​ទារក​អាល្លែកហ្ស៊ី​នឹង​ទឹក​ដោះ​គោ។

ទឹកដោះ​អូដ្ឋ​ដែល​ត្រូវបាន​ប្រើ​រាប់​សតវត្សរ៍​គឺជា​ផលិតផល​ចម្បង​សម្រាប់​ពលរដ្ឋ​អម្បូរ Bedouin នៅ​ទូទាំង​ឈូង​សមុទ្រ​ពែរ្ស៍ ដែល​សម្បូរ​វីតាមីន​ចម្រុះ​ក្នុង​របប​អាហារ​សម័យ​បច្ចុប្បន្ន។

ទាំង​ទឹកដោះ​អូដ្ឋ និង​សាច់​អូដ្ឋ ទទួលបាន​ប្រជាប្រិយ​ភាពជា​អាហារ​ចម្អិន​ស្រាប់​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ជាមួយ​សូកូឡា​ទឹកដោះ​អូដ្ឋ សាច់​អូដ្ឋ​ឆៅ​កាប៉ាក​ស៊ីយ៉ូ ប៊ឺហ្គ័រ​សាច់​អូដ្ឋ និង​ពេល​នេះ​ម្សៅ​ទឹកដោះ​អូដ្ឋ​កំពុង​ត្រូវបាន​ដាក់​លក់​នៅ​តាម​ភោជនីយដ្ឋាន និង​ផ្ទះបាយ​នានា៕