ភ្នំពេញៈ ដោយសារ​តែ​ចង់​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​បន្ថែម​ពី​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ ដើម្បី​ចែក​ជូន​ដល់​ទាំង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ នា​ពេល​មក​កាន់​ផ្សារ​ទំនើប​សូរិយា ដែល​ទើប​តែ​បាន​ធ្វើ​កំណែ​ទម្រង់​រចនា និង​សោភ័ណភាព​ថ្មី​នោះ ក៏បាន​សម្រេច​បញ្ចូល​នូវ​ការ​សម្តែង​សិល្បៈ​ទាំង​នេះ ប្រចាំ​រៀងរាល់​ថ្ងៃ​សៅរ៍​តែ​ម្តង គឺ​ចូល​ទស្សនា​ដោយ​សេរី​ឥត​គិត​ថ្លៃ ក្រោម​ពាក្យ​ស្លោក​ថា «វប្បធម៌​ជា​ព្រលឹង​ជាតិ» ចាប់​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី ២០ ខែ​មករា ឆ្នាំ ២០១៨ តទៅ។

លោក ធៀម ពេជ្រវិសាល ជា​នាយក​ផ្នែក​ទីផ្សារ​នៃ​ផ្សារ​ទំនើប​សូរិយា បាន​ឲ្យ​ដឹង​ពី​គោល​បំណង​នៃ​ការ​ដាក់​សម្តែង​នូវ​ទម្រង់​សិល្បៈ​ខ្មែរ​បុរាណ​នានា​នៅ​ឯ​ជាន់​ទី ៤ នៃ​ផ្សារ​នេះ​ថា៖ «ដោយសារ​ផ្សារ​ថ្មីៗ​នេះ​យើង​បាន​ធ្វើការ​កែ​ទម្រង់​ខ្លះ​នៃ​ផ្សារ​របស់​យើង​នៅ​ជាន់ទី ៤ ហើយ​យើង​ក៏បាន​ដាក់​ឈ្មោះ​ជាន់​នេះ​ថា ផ្សារ​ទេសចរណ៍ របស់​ផ្សារ​ទំនើប​សូរិយា សេនធ័រ ភ័នធ៍ (SORYA Center Point) គឺ​អតីត​ជា​ផ្សារ​ទំនើប​សូរិយា។

ទិដ្ឋ​ភាព​រចនាថ្មី​នៅ​សូរិយា​ជាន់​ទី ៤ (ផ្សារ​ទេសចរណ៍)​​។ រូប សហការី

យើង​យល់​ឃើញ​ថា ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ នាពេល បច្ចុប្បន្ន​នេះ​គឺមាន​ការ​ធ្លាក់​ចុះ ហើយ​ក្មេងៗ​ខ្មែរ​ជំនាន់​ក្រោយ​ក៏​មិន​សូវ​បាន​ស្គាល់​ពី​ទម្រង់​សិល្បៈ​បុរាណ​ទាំង​នោះ​ទៀត ទើប​យើង​សម្រេច​ចិត្ត​ដាក់​ឲ្យ​មាន​ការ​សម្តែង​នូវ​សិល្បៈ​ទាំង​នេះ​នៅ​ជាន់​ទី ៤»។

នាយក​ផ្នែក​ទីផ្សារ​នៃ​ផ្សារ​ទំនើប​សូរិយា រូបនេះ ក៏បាន​បន្ត​ឲ្យ​ដឹង​ពី​គម្រោង​នៃ​ការ​សម្តែង​ទម្រង់​សិល្បៈ​បុរាណ​នានា និង​ពេល​វេលា​នៃ​ការ​សម្តែង​នោះ​ដែរ​ថា៖ «យើង​គ្រាន់​តែ​រៀបចំ​ជា​ការ​សម្តែង​បែប​ខ្នាត​តូច​តែ​ប៉ុណ្ណោះ តែ​មាន​កម្រិត​ស្តង់ដារ​ដូចជា​ខ្នាត​ធំ​ដែរ សម្រាប់​ការ​សម្តែង​នូវ​សិល្បៈ​ទាំងអស់​នោះ ហើយ​យើង​មាន​កន្លែង​ដ៏​សម​សួន សម្រាប់​ក្រុម​សិល្បករ-សិល្បការិនី​សម្តែង​ដែរ ព្រោះ​ថា​កន្លែង​យើង​ជា​បរិវេណ​ផ្សារ មិន​មែន​ជា​សាល​សម្រាប់​ការ​សម្តែង​នូវ​សិល្បៈ​នោះ​ឡើយ។

ចំពោះ​ការសម្តែង​រាងរាល់​ល្ងាច​ថ្ងៃ​សៅរ៍​នោះ ក៏មាន​ការ​រៀបចំ​ជា​ឈុត​ឆាក ឬ​ទម្រង់​សិល្បៈ​ផ្សេងៗ​គ្នា​ដើម្បី​សម្តែង​បន្ត​បន្ទាប់។ ជា​ពិសេស​យើង​មាន​ការ​ប្រឹក្សា ជាមុន​ជាមួយ​នឹង​សាស្ត្រាចារ្យ​ជំនាញ​សិល្បៈ​នៃ​ទម្រង់​នីមួយៗ ឬ​ក្រុម​ចាស់​ព្រឹទ្ធាចារ្យ​ជំនាញ​ផងដែរ មុន​នឹង​លើក​យក​នូវ​ឈុត​ឆាក​ណា​មួយ​មក​សម្តែង​ដើម្បី​ជា​ផ្ទាំង​ទស្សនីយ​ភាព​នានា​ចែក​ជូន​ទស្សនិកជន ដែល​ជា​ភ្ញៀវ​ទាំង​ជាតិ និង​អន្តរជាតិ នៅ​ផ្សារ​ទំនើប​សូរិយា»៕