ភ្នំពេញ ប៉ុស្ដិ៍ | ​ទស្សន៍ទាយ​ជោគ​ជតារាសី​ទាំង ១២ ឆ្នាំ​របស់​ចិន​ប្រចាំ​ឆ្នាំរកា

ទស្សន៍ទាយ​ជោគ​ជតារាសី​ទាំង ១២ ឆ្នាំ​របស់​ចិន​ប្រចាំ​ឆ្នាំរកា

ជីវិតកម្សាន្ត

កាលបរិច្ឆេទផ្សាយ:
២៦ មករា ២០១៧ | ២២:២៣

អ្នកយកព័ត៌មាន:
ប៉ាន់ រិទ្ធា

ប្រធានបទផ្សេងៗ

ភ្នំពេញៈ សម្រាប់​រដូវកាល​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ឆ្នាំរកា​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៧ នេះ​តទៅ ដោយ​ថ្ងៃសែន​ត្រូវធ្វើ​នៅ​ចំថ្ងៃ​សុក្រ ទី ២៧ ខែមករា។ ជាមួយ​បទពិសោធ​ទស្សន៍ទាយ​ជិត ២ ទសវត្សរ៍ ហោរ​ចិនវ័យ ៦៦ ឆ្នាំ លោក អ៊ៅ ណន ហៅគ្រូម៉ុង ដែល​ផ្ទះ​ស្ថិតនៅ​ទល់មុខ​ចំខ្លោងទ្វារ​ខាងកើត​នៃវត្ត​ព្រះ​ពុទ្ធឃោសាចារ្យ​ហៅ​វត្តចិនដំដែក ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ បានធ្វើការ​បកស្រាយ​ជោគជ​តារាសី​សង្ខេប​ពីដំណើរ​ជីវិត​នៃឆ្នាំ​នីមួយៗ​ដោយ​មានការ​ប្រាប់​ពីហេតុភេទ​ទាំងឡាយ​ដូចជា​ការឆុង​ឆ្នាំ ឬថ្ងៃខែ​ធ្វើកាត់​ឆុង​នានា​ក្នុងអំឡុង​ឆ្នាំ ២០១៧ ទៀតផង។

ជូត​រាសី​ល្អបង្គួរ។ លោកអ្នក​កើត​ឆ្នាំជូត មាន​រាសីល្អ​បង្គួរ ហើយ​មានការ​ឆុង​តិចតួច​ទៅនឹង​ឆ្នាំរកា។ រាល់ការ​ប្រកបមុខ​របររកស៊ី និង​បំពេញការងារ​នានា​គឺមាន​ដំណើរ​ការល្អ​ចាប់​ដើមឆ្នាំ​តទៅ តែក៏ចាយធូរៗ ឬលើស​ចំណូល ប្រការ​សំខាន់​កុំឆាប់​ជឿគេ​ពេកព្រោះ​អាច​ខាតបង់​ទ្រព្យ ដូច្នេះ​ត្រូវចេះ​វិនិច្ឆ័យ​ត្រង់ចំណុច​នេះផង។ អ្នក​នៅលីវ​ទាំងស្រី​ប្រុស​អាចជា​វេលាល្អ​ក្នុង​ការរក​គូបាន​មិនមាន​ភាព​សៅហ្មង​អ្វីឡើយ។ តែ​លោកអ្នក​ត្រូវកាត់​ឆុង​ចម្លងគ្រោះ​នៅ​ថ្ងៃ ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៧។

ឆ្លូវរាសី​មធ្យម។ សម្រាប់​លោកអ្នក​កើត​ឆ្នាំឆ្លូវ​គឺមាន​រាសី​មធ្យម ហើយ​មានការ​លំបាក​លំបិន​ខ្វល់ខ្វាយ​ចិត្តច្រើន តែរាល់​វិបត្តិ​ទាំងនោះ​នឹង​សាបសូន្យ​បាត់បង់​អស់​វិញ​ជាបណ្តើរ។ ខណៈ​ការប្រកប​របរ និង​បំពេញ​ការងារ​ផ្សេងៗ​ដាក់​លូត​ដុះដាល​ទៅមុខ​ជោគជ័យ​គួរសម តែ​ក៏តោង​យកការ​ប្រុងប្រយ័ត្ន​ផង។ រីឯអ្នក​មិនទាន់មាន​គូកន ទាំងប្រុស​ស្រី​គឺដល់​វ័យត្រូវ​រៀបការ​ហើយ និង​អាចរក​វេលា​ដើម្បី​គិតគូរ​បាន​គ្មាន​ឧបសគ្គ​ឡើយ។ ឆ្នាំឆ្លូវ​ក៏ត្រូវ​កាត់​ឆុងដែរ​គឺនៅ​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៧។

ខាលរាសី​មធ្យម។ អ្នក​កើត​ឆ្នាំខាល​សម្រាប់​ឆ្នាំថ្មី​ឆ្នាំរកា​នេះ រាសី​មធ្យម។ ទោះបីជា​លោកអ្នក​មានការ​លំបាក​ចិត្ត​យ៉ាងណាក្តី ប្រសិនបើ​លោកអ្នក​មានការ​រៀបចំ​ទៅតាម​ក្បួនខ្នាត​ចិនសែ​បាន​ត្រឹមត្រូវ​នឹងក្លាយ​ជាវេលា​សម្រាប់​ការប្រកប​របររកស៊ី​ទទួលទាន ឬ​ការបំពេញ​ការងារ​នានា។ ដើម្បី​បាន​សុខត្រូវ​កាត់ឆុង​នៅ​ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៧ ដែល​រំលង​សែន​ប៉ុន្មាន​ថ្ងៃ​នោះឯង។ ប្រការ​សំខាន់​ត្រូវចេះ​ធ្វើបុណ្យទាន​ឲ្យបាន​ច្រើន ព្រោះតាម​ទំនាយ​មានកម្ម​ពៀរបី​ជាតិ តម្រូវ​ឲ្យធ្វើទាន​លែង​ត្រី ឬ​លែង​សត្វចាប។ ចំពោះ​គូស្នេហ៍ ឬ​គូស្រករ​វិញ​គប្បីធ្វើ​ទៅតាម​ដំណើរ។

ថោះរាសី​ស្រុតចុះ។ សម្រាប់​អ្នកកើត​ឆ្នាំថោះ នា​ឆ្នាំថ្មី​នេះ រាសី​ស្រុត​ចុះក្រោម​មធ្យម ហើយ​មានការ​ឆុង​ខ្លាំង​ជាងគេ​ជាមួយនឹង​ឆ្នាំរកា​តែម្តង។ តែ​ការប្រកប​រកស៊ី ឬការងា​រផ្សេងៗ​រកបាន​បែប​តិតក់​មិនដាច់​ឡើយ។ បុរស​ស្ត្រី​នៅលីវ​គឺមិនសូវ​ល្អ​សម្រាប់​ការរក​ដៃគូ ឬគូស្រករ​រៀបចំ​មង្គលការ​ដើម្បី​តពូជពង្សវ​ង្សត្រកូល​ទេ ខណៈ​សង្គម​គ្រួសារ​ក៏មិនសូវ​ជាល្អ​ផងដែរ។ ម្យ៉ាងទៀត​អ្នកកើត​ឆ្នាំថោះ ច្រើន​ប្រើ​គំនិត​ដើរ​ខ្សែលើ​គេ និង​ចូលចិត្ត​លួងលោម​គេប្រើ ហើយ​មិន​ឲ្យ​តម្លៃ​គេទៀត ព្រោះ​មាន​ចរិត​អួត​លើ​ខ្លួនឯង។ ការ​កាត់ឆុង​ដ៏ល្អ​គឺត្រូវធ្វើ​នៅ​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៧។

រោងរាសី​ឡើង​ខ្ពស់។ លោកអ្នក​កើត​ឆ្នាំរោង រាសី​ឡើង​ខ្ពស់ក្នុង​ឆ្នាំរកា​នេះ។ រាល់​ការរកស៊ី ឬការបំពេញ​ការងារ​ផ្សេងៗ​មានជោគ​ជ័យ សមសួន​ទៅតាម​មុខរបរ និងមាន​លាភ​សំណាង​ហូរចូល​មិន​ពិបាក​ខ្វាយខ្វល់​ចិត្ត។ យ៉ាងណា​ក៏ត្រូវ​ធ្វើ​ពិធីកាត់​ឆុងដែរ​គឺធ្វើ​នៅ​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៧។ ចំណែក​ការរក​គូស្រករ​វិញ ដូចជា​មិនមាន​អ្វី​កើតជា​ឧបសគ្គ​នោះឡើយ គឺអាច​រកអ្នក​យល់ចិត្ត​យល់​ថ្លើម​បាន និង​មានក្តី​ស្នេហ៍​សម្រាប់​កោះត្រើយ​នៃថ្ងៃ​មង្គលការ​របស់ខ្លួន​បាន​ផងដែរ។

ម្សាញ់រាសី​ឡើង​ខ្ពស់។ លោកអ្នក​កើត​ឆ្នាំម្សាញ់ រាសី​ឡើងខ្ពស់។ លោក​អ្នកជា​អ្នកមាន​ស្មារតី​ល្អ រវៀសរវៃ ចេះ​គិតគូរ និង​ប៉ាន់ស្មាន​បាន​ត្រឹមត្រូវ​គ្រប់​ប្រភេទ​មនុស្ស​តែម្តង។ ចំណែកឯ​គូស្នេហ៍​ក្នុងសង្គម​គ្រួសារ​មានភាព​ល្អូកល្អិន​នឹង​គ្នា។ តែ​ទោះជា​យ៉ាងណា​ក៏ត្រូវ​កាត់ឆុង​ចម្លងគ្រោះ​ដែរ​គឺធ្វើ​នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៧។ ចំពោះ​លោកអ្នក​នៅលីវ ទាំងប្រុស និង​ស្រីគឺ​អាចជា​ពេលវេលា​រក​ការរៀបចំ​មង្គលការ​បានល្អ​ផងដែរ ជាពិសេស​នោះ​អ្នកកើត​ឆ្នាំម្សាញ់ សម​នឹង​ឆ្នាំរកា​បំផុត។

មមីរាសី​មធ្យម។ លោកអ្នក​កើត​នៅ​ឆ្នាំមមី រាសី​មធ្យម ហើយក៏​ឆុង​ពាក់កណ្តាល​ទៅនឹង​ឆ្នាំរកា​ទៀត។ ការប្រកប​មុខរបរ​រកស៊ី​បាន​ផល​ជាហូរហែ​តែពាក់កណ្តាល​ប៉ុណ្ណោះ តែក៏​មិនអាក្រក់។ លោកអ្នក​ត្រូវកាត់​ឆុង​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៧។ សម្ព័ន្ធភាព​ប្តី​ប្រពន្ធ​នឹងនរ តែត្រូវ​ចេះធ្វើ​បុណ្យទាន​ឲ្យ​ច្រើន​ទើបល្អ ព្រោះ​មាន​ពៀរពី​ជាតិ​មុន។ ឆ្នាំនេះ​លោកអ្នក​គ្មាន​គំនិត​គិត​ធ្វើអ្វីៗ​ខ្លួនឯង​ទេ​គឺ​ត្រូវគេ​ដឹកនាំ។

មមែ​រាសីល្អ​បង្គរ។ រាសី​សម្រាប់​អ្នកកើត​ឆ្នាំមមែ គឺ​ល្អ​បង្គួរ។ រាល់​ការរកស៊ី​នានា​រលូន​គួរសម និងមាន​លក្ខណៈ​សន្សឹមៗ​ទៅមុខ​ជានិច្ច។ ឯ​ស្ថានភាព​គ្រួសារ​មិនមាន​អ្វី​គួរឲ្យ​បារម្ភដែរ តែក៏ត្រូវ​កាត់​ឆុង​នៅ​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៧ ផង​ទើបអាច​ឆ្លងផុត​គ្រោះកាច​ខ្លួន។ អ្នកនៅ​លីវ​គឺដល់​វេលា​ត្រូវ​រៀបចំ​ពិធីមង្គលការ ទៅតាម​ការគួរ​ហើយ​ព្រោះតែ​វេលាល្អ សម្រាប់​រក​គូកន។ តែ​លោកអ្នក​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួនដែរ ព្រោះ​លោកអ្នក​អាចនឹង​ចាញ់បោក​គេ និង​កុំឆាប់​ជឿគេ​ពេក។

វករាសីល្អ​បង្គួរ។ លោកអ្នក​កើត​ឆ្នាំវក រាសីល្អបង្គួរ ព្រោះ​ទើបតែ​រួច​ផុតពី​គ្រោះកាច​ឆុងឆ្នាំ​ខ្លួនឯង។ តែ​ឆ្នាំវក​ច្រើន​ជាអ្នក​មិនសូវ​ខ្វាយខ្វល់​ចិត្តច្រើន​ទេ ហើយ​ដើម្បី​មាន​ក្តីសុខ ក៏ត្រូវ​កាត់​ឆុងនៅ​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៧ ខណៈ​លោកអ្នក​អាច​នឹងជួប​គ្រោះ​បាត់ទ្រព្យ។ អ្នក​កើត​ឆ្នាំវក​គប្បី​មានការ​គិតពិចារណា​ឲ្យបាន​ត្រឹមត្រូវ ហើយក៏​កុំ​ឆាប់ជឿ​គេ​ពេក ក៏មិនត្រូវ​ទម្លាក់​ការងារ​ខ្លួន​ទៅស្រវា​ជួយគេ​ដែរ​ព្រោះ​ខាតលាភ​ខ្លួន។ អ្នក​នៅលីវ​គឺអាច​ជា​ពេលល្អ​រកគូស្រករ​ឆ្នាំនេះ។

រការាសី​ល្អ​បង្គួរ។ លោកអ្នក​កើត​ឆ្នាំរកា រាសី​ល្អបង្គួរ ហើយក៏​ឆុង​ត្រួតគ្នា​ដែរ ដោយសារ​ជាម្ចាស់​ឆ្នាំ។ សម្រាប់​បុរសនៅ​ឆ្នាំរកា​នេះ ហាក់ដូច​ជាមាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា​ជាងស្ត្រី តែមិនមែន​បែប​ជាម​នុស្ស​ឆេវឆាវ​កំរោល​ឡើយ។ រីឯការ​ប្រកប​របរ​រកស៊ី មិនមាន​អ្វីចោទ​ជាបញ្ហា​ដែរ តែ​ក៏ត្រូវ​ទៅ​កាត់ឆុង​ដើម្បី​ឆ្លងគ្រោះ​គឺ​ប្រែក្លាយ​ពី​គ្រោះ​ទៅជា​លាភ​ដ៏ល្អ​នៅថ្ងៃ ២៥ ខែសីហា ឆ្នាំ ២០១៧។ ការរក​គូស្រករ​វិញ​គឺថា​បុរស ឬ​ស្ត្រី កើត​ឆ្នាំរកា ក៏អាច​ជាវេលា​ដ៏ល្អ​មួយ​សម្រាប់​រកគូ​ផងដែរ។

ចរាសី​មធ្យម។ លោកអ្នក​កើត​ឆ្នាំច រាសី​ឆ្នាំ​មធ្យម ហើយក៏​ឆុង​តិចតួច​បំផុត​នឹង​ឆ្នាំរកា។ លោក​អ្នកមាន​ទុក្ខសោក ឬ​រឿង​សៅហ្មង​ចិត្ត និង​គ្រោះកាច​ច្រើន​ដោយសារតែ​ចំហាយ​កម្មពៀរ​ពីជាតិមុន និង​ត្រូវ​ប្រយ័ត្ន​ប្រយែង​សុខភាព និងគប្បី​ចេះ​ធ្វើបុណ្យ​ទាន​ឲ្យបាន​ច្រើន។ ការប្រកប​របរ​រកស៊ី ឬបំពេញ​ការងារ​ផ្សេងៗ​ដំណើរ​សន្សឹម។ ចំណែកឯ​លាភ​វិញបាន​ដោយ​ធម៌​សេសសល់​ពីទង្វើ​ល្អ​ជាតិមុន។ ជាវេលា​ល្អសម្រាប់​ផ្តើម​សម្ព័ន្ធភាព ឬសម្លឹង​មើល​ម្ចាស់​បេះដូង​ខ្លួន​ដែរ។

កុររាសី​មធ្យម។ លោកអ្នក​កើត​ឆ្នាំកុរ រាសី​មធ្យម។ ការប្រកប​របររក​ទទួលទាន​វិញ​ក៏មាន​ដំណើរការ​មធ្យម​គ្មាន​បញ្ហា​រាំងស្ទះ​អ្វីទេ។ លោកអ្នក​កើត​ឆ្នាំកុរ​ហាក់ដូច​ជាមាន​ភាព​ឆេវឆាវ​បន្តិច ដោយសារតែ​ឆាប់​ប្រកាន់​នឹង​ពាក្យសម្តី​គេភ្លាមៗ តែ​ក៏ឆាប់​និយាយ​រកគេ​វិញ​ផងដែរ។ ការរក​គូស្រករ​ត្រូវចេះ​សម្រប​តាម​ស្ថានភាព​ជាក់ស្តែង​តែម្តង។ តែ​លោកអ្នក​ត្រូវទៅ​កាត់កាត់​ឆុង​នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៧។
ចំណែក​គ្រឿង​សែន​ទទួល​ទេវតា​វិញ ផ្លែក្រូច​ឃ្វិច​ពណ៌មាស ឬលឿង​គឺជា​សំណែន​ចាំបាច់​ខាន​មិនបាន ក្រៅពី​គ្រឿង​សំណែន​ផ្សេង។ ផ្កា​អង្គារសីល​ក៏ជា​និមិត្តរូប​នៃ​ភាពសម្បូរ​សប្បាយ​សម្រាប់​សែន​ទេវតា​ដែរ។ ឆ្នាំនេះ​ត្រីបំពង​គឺជា​អាហារ​សាច់ល្អ​សម្រាប់​សែន​ឆ្នាំរកា​នេះ​ផងដែរ ប្រសិនបើ​អាច​ចៀសបាន​គួរ​កុំប្រើសាច់​មាន់​សែនអី តែក៏​មិនហាម​ដាច់ខាត​នោះទេ។ រីឯត្រណម​ក៏មានដែរ​សម្រាប់​ជោគជតារាសី​ឆ្នាំរកា​នេះគឺ​ហាម​យកចង្ក្រាន​បាយ​ទៅដាក់​ពីក្រោម​កាំជណ្តើរ ឬ​ក្រោម​បង្គន់ ខណៈ​ការដេក​សម្រាក​កុំដាក់​ក្បាល​គ្រែ​ក្រោម​មាត់បង្អួច​ឲ្យសោះ​ព្រោះ​អាប់រាសី។ បម្រាម​មួយទៀត​មិនត្រូវ​យកជើង​លោកអ្នក​ធាក់​មាត់ទ្វារ​ចេញចូល ឬ​បន្ទប់ទឹក​ឡើយ​ព្រោះ​បាត់បង់​លាភ និង​ហាម​មិនឲ្យ​មានការ​ប្រើ​កញ្ចក់​ចាំង​ពន្លឺចំ​មាត់ទ្វារ​ចេញចូល ឬ​មាត់ទ្វារ​បន្ទប់​ដែរ។ បើតាម​ក្បួនតម្រា​ចិន​សម្រាប់​ការ​កាត់ឆុង​គឺមាន​សារៈសំខាន់​ខ្លាំង ហើយការ​កាត់ឆុង​នេះ​ស្មើនឹង​ការ​និមន្តព្រះសង្ឃ​សូត្រមន្ត​ដល់ទៅ​ចំនួន ៧ វត្ត​ឯណោះ។ ទីកន្លែង​កាត់ឆុង​ដ៏ល្អ​នៅវិហារ​ចិន​នៃតំបន់​រមណីយដ្ឋាន​វត្តភ្នំ។ ចំពោះ​សំណែន​នៃវិធី​កាត់ឆុងគឺមាន​សាច់ជ្រូក​ឆៅ​ចំនួន​បីបួន​ក្រាម (បី​បួនខាំ) ច្រៀក​ជាបីបួន​ចម្រៀក ពងទា​ឆៅបី​បួនគ្រាប់ និង​ក្រូចឃ្វិច ៦ គ្រាប់។ សាច់ជ្រូក​ត្រូវ​យកទៅដាក់​ក្នុងមាត់​រូបចម្លាក់​ខ្លា និងគប់​បំបែក​ពងទា​ឆៅឲ្យ​ហៀរ​ប៉ះនឹង​ធ្មេញ​ខ្លានោះ ខណៈ​ម៉ោង​ដ៏ល្អ​សម្រាប់ធ្វើ​កាត់ឆុង​ពិធី​គឺ​ចាប់ពី​ម៉ោង ២ រសៀល​រហូតដល់​ម៉ោង ៥ ល្ងាច ហើយ​វិធីនេះ​ជាការ​ប្រែក្លាយ​គ្រោះ ទៅជា​លាភ​ទៀតផង​សម្រាប់​លើក​ជោគជ​តារាសី។ ដោយឡែក​សម្រាប់​ឆ្នាំ​ទាំងឡាយ​ដែលឆុង​ជាមួយនឹង​ឆ្នាំរកា​គឺ ឆ្នាំថោះ​ឆុង​ខ្លាំង​ជាងគេ​នឹង​ឆ្នាំរកា ខណៈ​ឆ្នាំ​ដទៃទៀត​មាន​ឆ្នាំជូត និង​មមី ឆុង​តិចតួច​ទេ៕

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com