ភ្នំពេញ ប៉ុស្ដិ៍ | ​ទស្សន៍ទាយ​ជោគជតា​រាសី​ប្រចាំ​ឆ្នាំ​មមែ សប្ដស័ក ពស ២៥៥៩

ទស្សន៍ទាយ​ជោគជតា​រាសី​ប្រចាំ​ឆ្នាំ​មមែ សប្ដស័ក ពស ២៥៥៩

ជីវិតកម្សាន្ត

កាលបរិច្ឆេទផ្សាយ:
១០ មេសា ២០១៥ | ១៤:៤៥

ប្រធានបទផ្សេងៗ

ដកស្រង់​​ពី​សៀវភៅ​តម្រា​ព្យាករណ៍​ជោគរាសី មហាសង្ក្រាន្ត​ឆ្នាំ​មមែ សប្ដស័ក ពស ២៥៥៩ រៀបរៀង​ដោយ​ឯកឧត្តម អ៊ឹម បុរិន្ទ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជាហោរាសាស្ត្រ​ និង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ដកស្រង់​​ពី​សៀវភៅ​តម្រា​ព្យាករណ៍​ជោគរាសី ​មហាសង្ក្រាន្ត​ឆ្នាំ​មមែ សប្ដស័ក

ឆ្នាំជូន មនុស្សប្រុស តោង​កែកុន​ប្រើ​សេចក្តី​ពិនិត្យពិច័យ​ឲ្យ​ល្អិតល្អន់​បន្តិច សូម្បីតែ​​​ធ្លាប់​រាប់រក​អ្នក​​យ៉ាងណា ឬ​ធ្វើការ​រួម​គ្នា កុំ​សង្ឃឹម​ឡើយ​ថា​នឹង​បាន​​កម្រៃ​ផល​ឲ្យ​សោះ។ មាន​​ជំងឺ​តម្កាត់​ ឬ​​ទំនាស់​ពី​មនុស្ស​បម្រើការ​ក្នុង​​លំនៅឋាន​។ ការងារ​ប្រចាំ​ជីវិត ឬ​សេចក្តី​ស្និទ្ធស្នាល​នឹង​ផ្តល់​​ផល​ជា​អសារបង់​ឥតការ​ដល់​អ្នក​វិញ។ ត្រូវ​ខំ​ខ្នះខ្នែង និង​អង់អាច​ឲ្យ​គ្រប់​កម្លាំង ទើប​អាច​​ប្រាសចាក​វិបត្តិ​ទាំងនេះ​ទៅ​ខ្លះ។ មនុស្សស្រី ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​ជោគលាភ​មុខ​ជា​នឹង​មាន​ដល់​លោក​អ្នក​ហើយ។ បើ​ចង់​ធ្វើ​អ្វី​នឹង​បាន​សម្រេច​ជា​ដរាប មិត្តភក្តិ​ ឬ​នាយ​ចៅហ្វាយ​ធំ​ប្រុង​ទំនុកបម្រុង​ដល់​អ្នក​។ តែ​ថា​រឿង​​ដែល​អ្នក​ត្រូវ​ប្រិតប្រៀន​ខ្លួន​​បន្តិច​នោះ​គឺ​កុំ​បេះបួយ​នាំ​រឿង​ពី​ឯនេះ​ទៅ​និន្ទា​ឲ្យ​អ្នក​ឯ​នោះ​ឮ ឬ​ដឹង​។ បើ​អ្នក​បាន​តម​ប្រាកដ​ក្នុង​​ហេតុភេទ​បែប​នេះ​ឈ្មោះ​ថា ខ្លួន​​អ្នក​បាន​ដោះស្រាយ​ពី​ការបែកបាក់​រវាង​មេត្រីភាព។

ឆ្នាំឆ្លូវ មនុស្សប្រុស រៀប​មង្គលការ​នឹង​បាន​ផលសម្រេច​បំណង​មែនពិត និង​​សេចក្តីសុខ ប៉ុន្តែ​​អ្នក​នៅ​មាន​ទំនាស់​នឹង​មេបា​របស់​អ្នកបន្តិចបន្តួច។ រួច​ពី​​​ហេតុភេទ​បែប​នេះ​ទៅ​នឹង​បាន​ល្អ​ឡើង​វិញ​។ បើ​​​ធ្វើ​ការងារ​កាន់​មុខតំណែង​ មាន​មុខ​នាទី អ្នក​ត្រូវ​បាន​ឡើង​តំណែង​នាទី​បន្ថែម​ជា​​មិន​ខាន។ ការ​ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ជា​ទីបំផុត​គឺ​ចោរកម្ម​ និង​​អគ្គិភ័យ​បំផ្លាញ ខណៈ​ច្រើន​មាន​ជំងឺ​ផ្តាសាយ។ មនុស្សស្រី អ្នក​នឹង​មាន​គ្រោះអាសន្ន​អាក្រក់​ណាស់​ ដួងតារា​ជតា​ត្រូវ​ខាតបង់ ឬ​មាន​​​​ជំងឺ​ឈឺថ្កាត់។ ប៉ុន្ដែ​ត្រូវ​បាន​មិត្ត​ជិតស្និទ្ធ​ជួយ​ឈឺឆ្អាល​ពេញទំហឹង។ បើ​​ចង់​ធ្វើអ្វី ត្រូវ​ពិចារណា​មុខ​ក្រោយ​ឲ្យ​ល្អិតល្អន់។ បើ​កាលណា​​ភ្លាត់​មុខ​ជា​ត្រូវ​រង​ការ​សង្កត់សង្កិន​​ផ្លូវចិត្ត។ ចូរ​កុំ​​​លលេង​​ជាមួយ​គេ​ញយៗ​ពេក និង​ខំ​បំពេញ​ខ្លួន​ឲ្យ​គេ​ឃើញ​ថា យើង​ជា​មនុស្ស​មាន​របៀប​។ ចូរ​ធ្វើ​​អំពើ​ល្អ​តប​​នឹង​សត្រូវ​​ដើម្បី​កាត់គ្រោះ។

ឆ្នាំខាល មនុស្សប្រុស អ្នក​នឹង​កើត​មាន​គ្រោះអាសន្ន​អាក្រក់​​។ ដួងជតា​ត្រូវ​​ខាតបង់ ឬ​មាន​ធុរៈ​ជំងឺ​ឈឺថ្កាត់។ ប៉ុន្តែ​មាន​​មិត្ត​ជិតស្និទ្ធ​ជួយ​ឈឺឆ្អាល​។ បើ​ចង់​ធ្វើអ្វី ត្រូវ​ពិចារណា​មុខ​ក្រោយ​ឲ្យ​ល្អិតល្អន់​មែនទែន។ បើ​កាលណា​ភ្លាត់ អាច​រង​នូវ​អំពើ​សង្កត់សង្កិន​ដល់​ផ្លូវចិត្ត។ ចូរ​កុំ​លលេង​ជាមួយ​គេ​ញយៗ​ពេក​ ហើយ​​ខំ​បំពេញ​ខ្លួន​ឲ្យ​គេ​ឃើញ​ថា​យើង​ជា​មនុស្ស​មាន​របៀបរៀបរយ​។ មនុស្សស្រី ការរៀបមង្គលការ​របស់​អ្នក​បាន​ផលសម្រេច​បំណង​មែន និង​ប្រកប​ដោយ​សេចក្តីសុខ តែ​អ្នក​នៅ​​មាន​ទំនាស់​នឹង​មេបា​របស់​អ្នក​បន្តិចបន្តួច ហើយ​រួច​មក​នឹង​បាន​ផលល្អ​ឡើង​វិញ។ ​​បើ​អ្នក​ធ្វើ​ការងារ​កាន់​មុខ​តំណែង​ មាន​តួនាទី អ្នក​ត្រូវ​បាន​ឡើង​តំណែង​នាទី​បន្ថែម​ជា​មិន​ខាន។ ការ​ដែល​អ្នក​​ត្រូវ​ប្រុងប្រយ័ត្ន​ជា​ទីបំផុត​គឺ​ចោរកម្ម​ និង​អគ្គិភ័យ​បំផ្លាញ ខណៈ​ច្រើន​មាន​ជំងឺ​ផ្តាសាយ។

ឆ្នាំថោះ មនុស្សប្រុស ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​ជោគលាភ​មុខ​ជា​នឹង​មាន​ដល់​លោក​អ្នក​ហើយ។ បើ​ចង់​ធ្វើ​អ្វី​នឹង​បាន​សម្រេច​ជា​ដរាប មិត្តភក្តិ​ ឬ​នាយចៅហ្វាយ​ធំ​ប្រុង​ទំនុក​បម្រុង​ដល់​អ្នក​។ តែ​ថា​​រឿង​​ដែល​អ្នក​ត្រូវ​ប្រិតប្រៀន​ខ្លួន​បន្តិច​នោះ​គឺ​កុំ​បេះបួយ​នាំ​រឿង​ពីឯ​នេះ​ទៅ​និន្ទា​ឲ្យ​អ្នកឯ​នោះ​ឮ ឬ​ដឹង​។ បើ​អ្នក​បាន​តម​ប្រាកដ​ក្នុង​ហេតុភេទ​បែប​នេះ​​ឈ្មោះ​ថា ខ្លួន​បាន​ដោះស្រាយ​ពី​ការបែកបាក់​រវាង​មេត្រីភាព។ មនុស្សស្រី តោង​កែកុន​ប្រើ​សេចក្តី​ពិនិត្យ​ពិច័យ​ឲ្យ​ល្អិតល្អន់​បន្តិច សូម្បីតែ​ធ្លាប់​រាប់រក​អ្នក​​យ៉ាង​ណា ឬ​ធ្វើការ​រួម​គ្នា កុំ​សង្ឃឹម​ឡើយ​​ថា​​នឹង​បាន​​កម្រៃផល​ឲ្យ​សោះ។ ​មាន​​ជំងឺ​តម្កាត់​ ឬ​ទំនាស់​ពី​មនុស្ស​បម្រើការ​ក្នុង​លំនៅឋាន​។ ​ការងារ​ប្រចាំ​ជីវិត​​ ឬ​សេចក្តី​ស្និទ្ធស្នាល​នឹង​ផ្តល់​ផល​ជា​អសារបង់​ឥតការ​ដល់​អ្នក​វិញ។ ត្រូវ​ខំ​ខ្នះខ្នែង និង​អង់អាច​ឲ្យ​គ្រប់​កម្លាំង ទើប​អាច​ប្រាសចាក​វិបត្តិ​ទាំងនេះ​ទៅ​ខ្លះ។

ឆ្នាំរោង មនុស្សប្រុស ឆ្នាំ​នេះ​ជា​ឆ្នាំ​សម្រេច​លាភផល​ជូន​ដល់​កណ្តាប់ដៃ​យើង​ហើយ ទោះបី​សត្រូវ​កាច​ប៉ុនប៉ង​ប្រទូសរ៉ាយ​យ៉ាងណា​ក៏ដោយ។ មាន​ជោគជ័យ​គ្រប់​ប្រការ​ និង​បាន​ទទួល​ការលើក​តម្កើង​ពី​មនុស្ស​ទូទៅ​។ បើ​រៀបមង្គលការ​ក្នុង​ឆ្នាំ​នេះ​រាប់​ថា​ល្អ​ផ្តាច់ តែ​ឧបសគ្គ​​​ក៏​មិន​សាបសូន្យ​ដែរ​។ ចំពោះ​ក្រុម​ញាតិ​​នឹង​​រំខាន​​ដល់​អ្នក​ខ្លះៗ​។ មនុស្សស្រី ឆ្នាំ​នេះ​នឹង​បាន​មុខ​ការងារ​ធ្វើ​ជា​លក្ខណៈដ្ឋាន។ បើ​ជា​ការរៀបចំ​មង្គលការ​ផ្ទាល់​ខ្លួន មុខ​ជា​បាន​សម្រេច​ដូច​សេចក្តី​ប្រាថ្នា។ ប៉ុន្ដែ​គង់តែ​នៅ​មាន​មនុស្ស​ឫស្យា​ចំពោះ​លទ្ធផល​ជានិច្ច។ រឿង​នេះ​អ្នក​កុំ​គប្បី​ខ្លាច​ឲ្យ​សោះ​ព្រោះ​មាន​គេ​រង់ចាំ​ជួយ​ឈឺឆ្អាល​ពេញទំហឹង។ ចូរ​ប្រយ័ត្ន​​មនុស្ស​មាន​ទុក្ខទោស​គ្រប​សង្កត់​ណា​មួយ​មក​បញ្ចុះបញ្ចូល និង​បញ្ជោរ​​​លើក​ជើង​អ្នក​ឲ្យ​ចូលរួម​ការងារ​ជាមួយ​គេ ដែល​សុទ្ធតែ​មិន​បរិសុទ្ធ​ទាំងអស់។ មិន​គួរ​លីសែង រែកពុន​លើក​ដាក់​របស់​ធ្ងន់ៗ​ហួស​ពេក​។

ឆ្នាំម្សាញ់ មនុស្សប្រុស មាន​ចិត្ត​ខ្វល់ខ្វាយ​ច្រើន​អនេក។ មិត្តភក្តិ​ជា​ទីស្រឡាញ់​ ឬ​ញាតិសន្តាន​មាន​គុណ​បំណាច់​លើ​រូប​អ្នក​ត្រូវ​និរាស​គ្នា។ ត្រូវ​ខូច​ផលប្រយោជន៍​ខ្លះៗ។ តែ​​មាន​គេ​ចាំ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ឲ្យ​អ្នក​បាន​​ក្តីសុខសាន្ត​។ បើ​ទោះ​ជា​មាន​ឧបសគ្គ​ក្នុង​ការងារ​អ្នក​ខ្លះ​ ក៏​គង់​នឹង​សាបរលាប​ទៅវិញ​។ អ្នក​អាច​ចុះ​រើ​ផ្ទះ ជួសជុល ឬ​ធ្វើ​ថ្មី​ផង។ មនុស្សស្រី ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​មាន​ក្តីសុខសាន្ត​​លើសលប់ និង​​​គាប់ចិត្ត​គ្រប់យ៉ាង ដោយ​មាន​គេ​នាំ​កំណប់​រង្វាន់​មក​​ឲ្យ​ដល់​ទីកន្លែង។ ជោគរាសី​ល្អ​ជាទី​បំផុត​។ បើ​មាន​បំណង​ធ្វើអ្វី​មួយ​មុខ​ជា​នឹង​បាន​សម្រេច​ផល​ពិតមែន។ តែ​អ្នក​កុំ​ផ្តេកផ្តួល​នឹង​ការ​ជួយ​ឈឺឆ្អាល​ពី​គេ​ឯ​ទៀត​ខ្លាំងពេក​នៅក្នុង​រឿង​រាប់អាន​ស្រឡាញ់​​ទុកចិត្ត​។ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​មែនទែន ហើយ​ចេះ​ស្ទាបស្ទង់​បន្តិច​ផង​ ប្រសិន​បើ​ចៀស​មិន​ផុត។ បើ​​ចៀស​ផុត​ពី​កិច្ចការ​នេះ​បាន សង្គម​គ្រួសារ​នឹង​មាន​សេចក្តីសុខ​យ៉ាង​ក្រៃលែង។

ឆ្នាំមមី មនុស្សប្រុស អ្នក​មិន​សូវ​រីករាយ​សោះ មិត្តភក្តិ ឬ​មនុស្ស​ធ្វើការ​ជាមួយ​អ្នក គេ​ជា​មនុស្ស​អាប់ជោគ​ ថោក​រាសី​មក​ដឹកនាំ​អ្នក​ឲ្យ​ខូចខាត​ទុន។ អ្នក​មិន​គួរ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូម្បីតែ​បើក​ហាង​លក់ដូរ​អីវ៉ាន់​ថ្មី កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ហើយ​មិន​គួរ​ពឹង​រក​ឲ្យ​គេ​ជួយ​ទុក្ខធុរៈ​ខ្លួន​ជា​ដាច់ខាត។ តែ​​​អ្នក​នឹង​បាន​ផល​ខ្លះៗ​ដែរ​ក្នុង​ការងារ​ដោយ​ការខិតខំ​តាំងចិត្ត​ទុក​យ៉ាងប្តូរផ្តាច់។ មនុស្សស្រី ឆ្នាំ​នេះ​ជា​ឆ្នាំ​ត្រូវ​ឃ្លាត​ពី​ទីកន្លែង។ បើ​មិន​ដូច្នោះ​ទេ អ្នក​មុខ​ជា​ត្រូវ​នឿយណាយ​ធុញទ្រាន់​នឹង​កន្លែង​ចាស់ ឬ​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅឋាន​ក៏​មាន។ ពុំ​នោះ​សោត នាទី​ការពារ​របស់​អ្នក​នឹង​ត្រូវ​រុះរើ​ជាថ្មី​។ បើ​មាន​ការ​លក់ដូរ​ជំនួញ​ជួញ​ប្រែ​ជា​អាជីព​ការ​នេះ​នឹង​បណ្តាល​ជា​ហេតុ​ឲ្យ​មាន​ក្តីតឹងចង្អៀត​ខ្លះៗ។ ញាតិមិត្ត​នឹង​កើតក្តី​រង្គៀស​ឫស្យា​ចិត្ត​ដោយ​បំពាន​លើ​ផលចម្រើន​ល្អ​របស់​អ្នក​។

ឆ្នាំមមែ មនុស្សប្រុស ឆ្នាំ​នេះ​អ្នក​មិន​សូវ​បាន​ស្រួលបួល​ទេ​គឺ​ត្រូវ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជាញឹកញយ​ក្នុង​ការងារ​ធម្មតា តែ​អ្នក​ត្រូវ​តាំងចិត្ត​ពុះពារ និង​ប្រឹង​រម្ងាប់​ចិត្ត​។ មាន​ភាព​ឧស្សាហ៍ ព្យាយាម និង​​ស្វាហាប់​​ជាប់​ជានិច្ច​ពេល​បំពេញ​ការងារ នឹង​ធ្វើឲ្យ​អ្នក​បាន​ជោគជ័យ​គ្រាន់បើ​ឡើង​វិញ​ក្នុង​រវាង​ឆ្នាំ​នេះ។ មនុស្សស្រី នេះ​នឹង​មាន​ផល​ល្អ​ប្រសើរ​ណាស់ ហើយ​បាន​លាភធំ​ទៀត។ តែ​មុន​បាន​លាភ ក៏​ត្រូវ​ខាតបង់​ទ្រព្យ​ជា​មុន​ខ្លះ​ដែរ។ ដូច្នេះ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន​បន្តិច​ដោយ​ត្រូវ​ចោរកម្ម​មាន​ការ​ប៉ងទុក បន្ទាប់ពី​នោះ​មក​អ្នក​ត្រូវ​បាន​ទទួល​មុខតំណែង​ថ្មី មាន​តួនាទី​ខ្ពស់ ជោគលាភ​នឹង​បាន​មក​វិញ​។ ឆ្នាំ​នេះ​ជា​ឆ្នាំ​ «ទុក្ខលាភ»​ បាន​ទុក្ខ​មុន​ទើប​មាន​លាភ​តាម​ក្រោយ។

ឆ្នាំវក មនុស្សប្រុស ឆ្នាំ​នេះ​នឹង​មាន​ផលល្អ​ប្រសើរ​ណាស់ ហើយ​បាន​លាភ​ធំ​ទៀត។ តែ​មុន​បាន​លាភ ក៏​ត្រូវ​ខាតបង់​ទ្រព្យ​ជា​មុន​ខ្លះ​ដែរ។ ដូច្នេះ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លួន​បន្តិច​ដោយ​ត្រូវ​ចោរកម្ម​មាន​ការប៉ងទុក បន្ទាប់ពី​នោះ​មក​អ្នក​ត្រូវ​បាន​ទទួល​មុខតំណែង​ថ្មី​ មាន​តួនាទី​ខ្ពស់​ ជោគលាភ​នឹង​បាន​មក​វិញ​។ ឆ្នាំ​នេះ​ជា​ឆ្នាំ ​«ទុក្ខលាភ» បាន​ទុក្ខ​មុន​ទើប​មាន​លាភ​តាម​ក្រោយ។ មនុស្សស្រី ឆ្នាំ​នេះ​អ្នក​មិន​សូវ​បាន​ស្រួលបួល​នោះ​ទេ​​ដោយ​​​ត្រូវ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជាញឹកញយ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​។ ប៉ុន្ដែ​ទោះ​យ៉ាងណា​ក៏ដោយ អ្នក​ត្រូវ​តាំងចិត្ត​ពុះពារ​ និង​ប្រឹងប្រែង​​រម្ងាប់​ចិត្ត​។ ភាពឧស្សាហ៍ព្យាយាម និង​ស្វាហាប់​ជាប់​ជានិច្ច​នៅក្នុង​ពេល​បំពេញ​ការងារ នឹង​ធ្វើឲ្យ​អ្នក​បាន​ជោគជ័យ​គ្រាន់បើ​ឡើង​វិញ​ក្នុង​រវាង​ឆ្នាំ​នេះ។

ឆ្នាំរកា មនុស្សប្រុស ឆ្នាំ​នេះ​ជា​ឆ្នាំ​​ត្រូវ​ឃ្លាត​ពី​ទីកន្លែង។ ​បើ​មិន​ដូច្នោះ​ទេ អ្នក​មុខ​ជា​ត្រូវ​នឿយណាយ​ធុញទ្រាន់​នឹង​កន្លែង​ចាស់ ឬ​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅឋាន​ក៏​មាន។ ពុំ​នោះ​សោត នា​ទី​ការពារ​របស់​អ្នក​នឹង​ត្រូវ​រុះរើ​ជាថ្មី។ បើ​មាន​ការ​លក់ដូរ​ជំនួញ​ជួញ​ប្រែ​ជា​អាជីព​ការ​នេះ​នឹង​បណ្តាល​​ជា​ហេតុ​ឲ្យ​មាន​ក្តី​តឹងចង្អៀត​ខ្លះៗ។ ញាតិមិត្ត​នឹង​កើត​ក្តីរង្គៀស​ឫស្យាចិត្ត​ដោយ​បំពាន​លើ​ផលចម្រើន​ល្អ​របស់​អ្នក​។ មនុស្សស្រី អ្នក​មិន​សូវ​រីករាយ​សោះ មិត្តភក្តិ ឬ​មនុស្ស​ធ្វើការ​ជាមួយ​អ្នក គេ​ជា​មនុស្ស​អាប់​ជោគ​ ថោក​រាសី​មក​ដឹកនាំ​អ្នក​ឲ្យ​ខូចខាត​ទុន។ អ្នក​មិន​គួរ​ធ្វើ​ដំណើរ​​លើ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូម្បីតែ​បើក​ហាង​លក់ដូរ​អីវ៉ាន់​ថ្មី កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ហើយ​មិន​គួរ​ពឹង​រក​ឲ្យ​គេ​ជួយ​ទុក្ខធុរៈ​ខ្លួន​ជា​ដាច់ខាត។ ​តែ​​​អ្នក​នឹង​បាន​ផល​ខ្លះៗ​ដែរ​ក្នុង​ការងារ​ដោយ​ការខិតខំ​តាំងចិត្ត​ទុក​យ៉ាង​ប្តូរផ្តាច់។

ឆ្នាំច មនុស្សប្រុស ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​​មាន​ក្តីសុខសាន្ត​​លើសលប់ និង​​គាប់ចិត្ត​គ្រប់យ៉ាង ដោយ​​មាន​​គេ​នាំ​កំណប់​រង្វាន់​មក​​ឲ្យ​ដល់​ទីកន្លែង។ ជោគរាសី​ល្អ​ជា​ទីបំផុត​។ បើ​​មាន​បំណង​ធ្វើ​អ្វី​មួយ​មុខ​ជា​​បាន​សម្រេច​ផល​ពិត​មែន។ តែ​អ្នក​កុំ​ផ្តេកផ្តួល​នឹង​ការ​ជួយ​ឈឺឆ្អាល​ពី​គេ​ឯ​ទៀត​ខ្លាំង​ពេក​។ អ្នក​គួរ​ប្រយ័ត្ន ហើយ​ចេះ​ស្ទាបស្ទង់​បើ​ចៀស​មិន​ផុត។ បើ​ចៀស​ផុត សង្គម​គ្រួសារ​នឹង​មាន​​ក្តីសុខ​ក្រៃលែង។ មនុស្សស្រី មាន​ចិត្ត​ខ្វល់ខ្វាយ​ច្រើន​អនេក។ មិត្តភក្តិ​ជា​ទីស្រឡាញ់ ឬ​ញាតិសន្តាន​មាន​គុណ​បំណាច់​លើ​រូប​អ្នក​ត្រូវ​និរាសគ្នា។ ត្រូវ​ខូច​​ផលប្រយោជន៍​ខ្លះៗ។ តែ​​មាន​គេ​ចាំ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ឲ្យ​អ្នក​បាន​​ក្តីសុខសាន្ត​។ បើ​ទោះ​ជា​មាន​ឧបសគ្គ​ក្នុង​ការងារ​អ្នក​ខ្លះ​ ក៏​គង់​នឹង​សាបរលាប​ទៅវិញ​។ អ្នក​អាច​ចុះ​រើផ្ទះ ជួសជុល ឬ​ធ្វើ​ថ្មី​ផង។

ឆ្នាំកុរ មនុស្សប្រុស ឆ្នាំ​នេះ​នឹង​បាន​មុខ​ការងារ​ធ្វើ​ជា​លក្ខណៈដ្ឋាន។ បើ​ជា​ការរៀបចំ​មង្គលការ​ផ្ទាល់​ខ្លួន មុខ​ជា​បាន​សម្រេច​ដូច​សេចក្តី​ប្រាថ្នា។ ប៉ុន្ដែ​មាន​មនុស្ស​ឫស្យា​ចំពោះ​លទ្ធផល​ជានិច្ច។ កុំ​គប្បី​ខ្លាច​​ឲ្យ​សោះ​ព្រោះ​មាន​គេ​រង់ចាំ​ជួយ​ឈឺឆ្អាល​។ ចូរ​ប្រយ័ត្ន​​មនុស្ស​មាន​ទុលក្ខទោស​គ្រប​សង្កត់​ណា​មួយ​មក​បញ្ចុះបញ្ចូល​ និង​​បញ្ជោរ​លើក​​ជើង​អ្នក​ឲ្យ​ចូលរួម​ការងារ​ជាមួយ​ដែល​សុទ្ធតែ​មិន​បរិសុទ្ធ​ទាំងអស់។ មនុស្សស្រី ឆ្នាំ​នេះ​ជា​ឆ្នាំ​សម្រេច​លាភផល​ជូន​ដល់​កណ្តាប់ដៃ​យើង​ហើយ ទោះបី​សត្រូវ​កាច​ប៉ុនប៉ង​ប្រទូស​រ៉ាយ​យ៉ាង​ណា​ក៏ដោយ។ មាន​​ជោគជ័យ​គ្រប់​ប្រការ និង​បាន​ទទួល​ការលើកតម្កើង​ពី​មនុស្ស​ទូទៅ​។ បើ​រៀបមង្គលការ​ក្នុង​ឆ្នាំ​នេះ​រាប់​ថា​ល្អ​ផ្តាច់ តែ​ឧបសគ្គ​ក៏​មិន​សាបសូន្យ​ដែរ​។ ចំពោះ​ក្រុម​ញាតិ​នឹង​រំខាន​​ដល់​អ្នក​ខ្លះៗ​។

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com