ភ្នំពេញៈ ទន្ទឹមនឹងមានអ្នកពេញចិត្ត ដែលសាទរជាភាពរីករាយសប្បាយចិត្តផ្ទុះសំណើចពីកម្មវិធីកម្សាន្តនានារបស់ប៉ុស្តិ៍ទូរទស្សន៍ថ្មីគឺទូរទស្សន៍ថោន នោះ ក៏មានអ្នកមើលឃើញថា មានចំណុចខុសឆ្គងផងដែរក្នុងកម្មវិធីផលិតជាវីដេអូយកមកចាក់ផ្សាយក្នុងប៉ុស្តិ៍ជូនអ្នកទស្សនាជិតឆ្ងាយនាពេលថ្មីៗនេះ។
កម្មវិធីកម្សាន្ត «កំប្លែងហ្មង» ដែលទើបតែបានចាក់ផ្សាយកុនកំប្លែងរឿង «ជ័យគ្រតឆ្នាំ ២០១៨» ដែលមានតួស្រីសម្តែងជាតួនាង គ្រត និងតួប្រុសនាយ ចេនឡា ដើរតួ ជ័យ នោះបានចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ថោននៅវេលាម៉ោង ៧ ដល់ម៉ោង ៨ យប់ ដែលមានអ្នកគាំទ្រចូលទស្សនាច្រើនគួរសមតាមអនឡាញនៃគេហទំព័រ ទូរទស្សន៍ដែរនោះ បែរជាត្រូវរងការរិះគន់មិនសំចៃពាក្យពេចន៍ឡើយតាមបណ្តាញហ្វេសប៊ុក។
ចេញពីហ្វេសប៊ុក «យើងខ្មែរ» បានបង្ហោះសាររិះគន់ចំៗចំពោះរឿងកំប្លែង «ជ័យគ្រតឆ្នាំ ២០១៨» នោះថា៖ «ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប សូមរិះគន់ទូរទស្សន៍ថោនដែលបានផលិតឡើងវិញនូវរឿងជ័យគ្រត គ្មានគុណភាពដូចជាការរំពឹងទុករបស់អ្នកទស្សនា សូមមើលខាងក្រោម ៖ ១.កាឡៃសាច់រឿងខ្លីពេកខុសសាច់រឿងដើម ២.ប្លង់ថតអត់ស្អាតមិនសមជាភាពយន្ត ៣.ខ្វះប្លង់ច្រើនណាស់ ដូចជាប្លង់បាយទឹក ប្លង់សម្លអណ្តើក ប្លង់ជោះបូសកូនជាដើម ប្លង់ជ្រុះកូនក្បែរដើមត្រប់។ ៤.ចប់អត់ន័យពីដំបូងគ្រាន់បើតែដល់ពេលចុងបញ្ចប់ទទេ ៥.តួប្រុសនាយ ចេនឡា សម្តែងឆ្គងណាស់មិនអាចប្រៀបជាមួយពូកុយទេ ៦.ឆ្គងនាងគ្រត ដំបូងល្ងង់ដល់ពេលបានជ័យទៅជាឆ្លាតវិញ»។
ក្រៅពីមិនប្រតិកម្មអ្វីតបនោះ លោក ប៊ុន រតនា ជាអ្នកគ្រប់គ្រងការផលិតកម្មវិធីទូរទស្សន៍ថោន បញ្ជាក់ការរិះគន់នេះថា៖ «យើងចាំស្វាគមន៍រាល់ការរិះគន់ដើម្បីស្ថាបនាពីមហាជនជានិច្ច ហើយប្រសិនបើការរិះគន់ណាយើងពិនិត្យទៅ មានការខុសឆ្គងមែនគឺយើងទទួលយកដើម្បីកែតម្រូវ»។
លោក ប៊ុន រតនា ក៏បន្តថា៖ «ចំពោះរឿងជ័យគ្រតឆ្នាំ ២០១៨ នេះ ដោយសារយើងគិតថាគ្រាន់តែជាការផលិតរឿងកំប្លែង ដើម្បីចាក់ផ្សាយឲ្យបងប្អូនទស្សនារបៀបដូចជាឈុតសម្តែងកំប្លែងខ្លីៗលើឆាកអ៊ីចឹង ហើយគិតដែរថា រឿងកំប្លែងសង្ឃឹមថា បងប្អូនមិនប្រកាន់ឡើយ»៕