Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ទេព បូព្រឹក្ស ទម្លាយ​រឿង​អតីត​យក់ ឋិតរដ្ឋា សឹង​មិនគួរ​ឲ្យជឿ

Content image - Phnom Penh Post
ទេព បូព្រឹក្ស និង​យក់ ឋិតរដ្ឋា ពីអតីត និង​បច្ចុប្បន្ន។ ហ្វេសប៊ុក​

ទេព បូព្រឹក្ស ទម្លាយ​រឿង​អតីត​យក់ ឋិតរដ្ឋា សឹង​មិនគួរ​ឲ្យជឿ

ភ្នំពេញៈ មិន​ត្រឹមតែ​មហាជន​ទេ​មានការ​ភ្ញាក់ផ្អើល​ទៅ​នឹង​រូបថត​បង្ហោះ​រូប​តារា​ជា Idol ខ្លួន​កាល​នៅ​វ័យក្មេង​ពី​តារា​ចម្រៀង​ស្រី​ផលិតកម្ម​ហង្សមាស​ពូកែ​ចាក់​ក្បាច់រាំ​រស់​រវើក​កញ្ញា ទេព បូព្រឹក្ស សូម្បី​តែម្ចាស់​សាមីខ្លួន​ផ្ទាល់​ក៏មិន​ជឿ និង​នឹកស្មាន​មិនដល់​ដែរ​លុះត្រា​តែបាន​ឃើញ​រូប​ទើប​ដឹង។

ដូចជា​មិន​ចង់ជឿ​ខណៈ​តារា​ចម្រៀង​ស្រី​វ័យ ២៣ ឆ្នាំ កញ្ញា ទេព បូព្រឹក្ស ដែល​ផុស​ចេញ​ភាព​ល្បី​ព្រោះ​តែមាន​ក្បាច់រាំ​ទាក់ទាញ និង​និយម​ច្រៀង​តែបទ​បែប​កូនកាត់​ជា​ភាសា​ខ្មែរ លាយឡំ​នឹង​ភាសា​អង់គ្លេស​មិនសូវ​ច្បាស់ ទទួល​ការកោត​សរសើរ​ផង និង​រិះគន់​បែប​ស្ថាបនា​ផង​នោះ បាន​បង្ហើប​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ជាការ​ពិតណាស់​បង ដែល​បងស្រី យក់ ឋិតរដ្ឋា គឺជា​តារា​ក្នុង​ដួងចិត្ត​ខ្ញុំ (my Idol) មែន!​កាល​នោះ​នាងខ្ញុំ​នៅ​ក្មេង ហើយ​មានការ​ចាប់​អារម្មណ៍​ទៅ​នឹង​ទឹកដម​សំឡេង និង​ស្ទីល​សម្តែង​របស់​គាត់​ខ្លាំង​ណាស់។ បើតាម​ការចងចាំ​នោះ នៅ​ពេល​គាត់​ច្រៀង​ឲ្យ​ផលិតកម្ម​រស្មី​ស្ទឹងសង្កែ ហើយ​បទ​ចម្រៀង​ដែល​នាង​ខ្ញុំចាំ​ដែរ​គឺ​បទ​ចម្រៀង​មាន​ចំណង​ជើង​ថា បេះដូង​ខ្ទេច​ខ្ទាំ»។

កញ្ញា ទេព បូព្រឹក្ស បន្តថា៖ «កាល​នាងខ្ញុំ​នៅ​ក្មេង​គឺ​ចូលចិត្ត​យក​បទ​ចម្រៀង​របស់​គាត់​មក​ច្រៀង​តែ​រហូតហ្នឹង ពេល​នេះ ក៏នៅ​តែ​ចូលចិត្ត​គាត់​ដដែល ហើយ​ពេល​ជួបគាត់​មុននេះ ខ្ញុំ​ក៏បាន​បង្ហើប​ប្រាប់​គាត់ដែរ​ថា កាល​ពីខ្ញុំ​នៅ​ក្មេង បង [យក់ ឋិត​រដ្ឋា] ធ្លាប់​ជា Idol របស់ខ្ញុំ​ណា! តែគាត់​ស្តាប់​ហើយ​សើច ដូចជា​ក្នុងន័យ​មិន​ជឿខ្ញុំ ហើយ​នៅពេល​ថ្មីៗ​នេះ ខ្ញុំរើ​ផ្ទះ​ឃើញ​រូបនោះ ក៏បង្ហោះ​ឲ្យគាត់​បាន​ឃើញ ទើប​គាត់​ភ្ញាក់ផ្អើល និង​លាន់​មាត់​ថា បូព្រឹក្ស និយាយ​មែនទែន!»។

យ៉ាងណា បើតាម​សង្កេត​ឃើញ​ពីទំនោរ​បទ​ចម្រៀង​របស់​តារា​ស្រី ទើប​តែកាន់​ប្រាក់​ដុល្លារ​ទាំង​ដុំៗ ទៅ​ទិញ​ផ្ទះ​វីឡា​តម្លៃ​ជាង ១០ ម៉ឺន ដុល្លារ កាល​ដើម​ឆ្នាំ ២០១៧ និង​មាន​រថយន្ត​ទំនើប​ជិះ​ម៉ាក Tundra តម្លៃ​ជាង ៤ ម៉ឺនដុល្លារ​នោះ នៅតែ​ធ្វើឲ្យ​មហាជន​អ្នកគាំទ្រ​មិន​អស់ចិត្ត​ដដែល កាល​ពីនាង​នៅ​ក្មេង និង​នៅ​បច្ចុប្បន្ន​នេះ។ មិន​អស់ចិត្ត​នោះ គឺថា​កាល​ពីក្មេង​នាង​ចូលចិត្ត​បទ​ចម្រៀង​របស់​តារា​ខ្មែរ បែប​មនោសញ្ចេតនា ខណៈ​បច្ចុប្បន្ន​ចូលចិត្ត​បទ​ចម្រៀង​បែប​ជា​កូនកាត់​បរទេស​យេៗ​ទៅវិញ។

កញ្ញា ទេព បូព្រឹក្ស បញ្ជាក់​ថា៖ «អាចថា​មកពី​កាល​នោះ​នៅ​ក្មេង ទើប​អារម្មណ៍​ចូលចិត្ត​អាច​ផ្សេងគ្នា​នាពេល​ឥឡូវ​នេះ។ ម្យ៉ាង​ទៀត​ជា​តារា​ចម្រៀង​ម្នាក់ ត្រូវ​តែមាន​ការផ្លាស់ប្តូរ​ខ្លះ​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង​ផង»។

គួររំឭក​ដែរ​ថា​កាល​ពីចេញ​បទ​អូរីជីណ​ល​ថ្មី ដូចជា បទ «Twerk» តារា​ចម្រៀង​ស្រីហង្សមាស​រូបនេះ ក៏ធ្លាប់​បាន​ក្លាយ​ជាប្រធានបទ​ជជែក​គ្នា​ឡើង​ផ្អើល​ពេញ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែរ ដោយ​អ្នកគាំទ្រ​នាង​បាន​បង្ហាញ​ការសរសើរ​ត្រង់ៗ ឬបែប​ជាអ្នក​ខ្វាយខ្វល់​ផង ខណៈ​ក៏មាន​អ្នក​រិះគន់​នាង​បាន​លើក​យក​ចំណុច​ខ្វះខាត ឬ​និយាយ​ថា នៅតែ​ចម្លង​ពីគេ​ដដែល៕

0

Comments

Please, login or register to post a comment