ភ្នំពេញៈ ចាប់តាំង​ពី​ម្ចាស់​បទ «ទូរស័ព្ទ​ប្រាប់​ផង» បាន​សម្រេច​ចិត្ត​រៀបការ​នឹង​ភរិយា​ជាទី​ស្រឡាញ់​ឈ្មោះ ចេវ សោភា ជា​កូន​ចៅ​អ្នក​នៅ​ក្រុង​តាខ្មៅ​កាល​ពី​ឆ្នាំ ២០១៤ មក តារា​ចម្រៀង​មិន​សូវ​សម្បូរ​សក់​លោក សាន ផានិត ហាក់​ដូចជា​ស្ងប់​រឿង​អាស្រូវ ហើយ​បែរ​ជា​សម្បូរ​ដោយ​រឿង​ល្អៗ​សម្រាប់​ស្តារ​កេរ្តិ៍ឈ្មោះ​លើ​វិថី​សិល្បៈ​វិញ​ដោយ​សន្សឹមៗ ហើយ​កំពុង​តែ​ចាប់​បាន​នូវ​ដៃគូ​រក​ស៊ី​ធំ​ក្រៅ​ប្រទេស​ទៀត​ផង​នា​ដើម​ឆ្នាំ​ថ្មី​នេះ។

នេះ​បើតាម​សារ​របស់​តារា​ចម្រៀង​ប្រុស​អូរីជីណល​ដែល​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ពី​ប្រិយមិត្ត​អ្នក​ស្តាប់​កាល​ពី​អំឡុង​ទសវត្សរ៍​ទី ៩០ នោះ បាន​បង្ហោះ​សារ​ដ៏​រីករាយ​ជា​លាភ​ដើម​ឆ្នាំ​នេះ​ថា៖ «ថ្ងៃទី ២៨-៣០ ចុង​ខែ​នេះ ទទួល​ភ្ញៀវ​វិនិយោគ​កូរ៉េខាងត្បូង​មួយ​ក្រុម​ទៀត។

លើក​នេះ​ឈប់​ព្រលែង​ឲ្យ​ចចក​ហែក​ចែកគ្នា​ស៊ី​ទៀត​ហើយ។ កន្លង​មក ខ្ញុំ​បាន​ត្រឹម​តែ​ជូត​ទឹកភ្នែក​ពួក​គាត់ មុន​ឡើង​យន្តហោះ​ត្រឡប់​ទៅ​វិញ និង​សុំទោស​ដល់​ការ​ខាត​បង់​តែ​ប៉ុណ្ណោះ។ សង្ឃឹម​ថា ឆ្នាំ​ថ្មី​នេះ​នឹង​រើស​បាន​ដៃគូ​ក្នុង​ស្រុក​ត្រឹម​ត្រូវ ស្មោះត្រង់ និង​ខំ​ប្រឹង​ប្រែង​យក​ឱកាស​ធំៗ​ឲ្យ​មាន​ផល​ចំណេញ​ទាំង​គេ ទាំង​យើង ហើយ​ជា​ពិសេស​កុំ​ឲ្យ​បរទេស​គេ​ខ្លាច​អ្នក​ស្រុក​ខ្មែរ​យើង»។

តារា​ចម្រៀង​ប្រុស​មាន វ័យ​ជាង​សែសិប​ប្លាយ​ឆ្នាំ លោក សាន ផានិត ដែល​ធ្លាប់​ល្បី​ឈ្មោះ​លើ​វិថី​សិល្បៈ​ដោយ​មាន​ដើម​ទុន​ច្រៀង និង​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ ហើយ​ក៏​មាន​ការ​អប់រំ​ខ្ពស់​គ្រាន់បើ​លើ​ជំនា​ញ​ពាណិជ្ជកម្ម​ផង​ដែរ នោះ​ក៏បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «សម្រាប់​ឆ្នាំ​នេះ ខ្ញុំ​សន្យា​ថា នឹង​ខំ​ប្រឹង​ប្រែង​ធ្វើការ​ងារ​លើ​មុខ​ជំនួញ ដែល​ជា​ចំណេះដឹង​របស់​ខ្លួន​ធ្លាប់​មាន​ឲ្យ​បានល្អ​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​សង្គម​គ្រួសារ មិន​ឲ្យ​របូត​ឱកាស​ដូច​កាល​កន្លង​មក​នោះ​ទៀត​ឡើយ»។

បើទោះបី​មិន​ល្បី​ឈ្មោះ​ខ្លាំង​នៅ​ក្នុង​សង្គម​សិល្បៈ​ដែល​ប្រើ​ដើម​ទុន​ជា​សំឡេង​ច្រៀង ដូចជា​តារា​ចម្រៀង​ប្រុស​ស្រី​ទាំង​ជំនាន់​ក្រោយ និង​ជំនាន់​ស្របាលៗ លោក​នោះ​មែន​ក្តី ក៏​លោក សាន ផានិត ហាក់​នៅ​តែ​មាន​ចិត្ត​ស្រឡាញ់​វិស័យ​សិល្បៈ​ចម្រៀង​នេះ​ដដែល​ដូច​មុន ហើយ​ក៏​គ្មាន​បំណង​បោះ​បង់ចោល​ដែរ។

លោក សាន ផានិត ម្ចាស់​បទ​ចម្រៀង​បទ «ទូរស័ព្ទ​ប្រាប់​ផង» និង​បទ «ជាប់រវល់» ជាដើម​នោះ បង្ហើប​ថា៖ «រឿង​សិល្បៈ​ចម្រៀង​ខ្ញុំ​នឹង​មិន​បោះ​បង់ចោល​ឡើយ ហើយ​ក៏​តែង​តែ​បាន​និពន្ធ​បទ​ថ្មីៗ​ជា​ច្រើន​ទៀត ដែរ។ ដូចជា​ឆ្នាំ​ថ្មី​ខ្ញុំ​មាន ២ បទ​សម្រាប់​បម្រើ​អារម្មណ៍​បងប្អូន​ប្រិយមិត្ត​ដែរ​គឺ​ទី​បទ «វេលា​ជីវិត» និង​ទី ២ បទ «ភ្លេង​ការ»។

បទ «វេលា​ជីវិត» របស់ខ្ញុំ​កំពុង​តែ​មាន​ការ​គាំទ្រ​ដោយ​អង្គការ Khan សម្រាប់​ការ​ឧបត្ថម្ភ​ថត​ជា MV ហើយ​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​អ្នក​ច្រៀង​រ៉េប​ពី​ពូឃ្លាំង​ដែរ»។

ក្រោយ​ពី​មាន​គម្រោង​ផែនការ​លើ​របរ​រកស៊ី​ផ្នែក​វិនិយោគ​ជាមួយ​ដៃគូ​បរទេស​នោះ លោក សាន ផានិត ក៏បាន​បង្កើត​ផលិតកម្ម​ផ្ទាល់​ខ្លួន​រួច​មក​ហើយ​ដែរ​ដោយ​មាន​ឈ្មោះ P- Pro Media៕