ក្រុងប្រាទីស្លាវ៉ា : នៅក្នុងទីក្រុងតូចដ៏ស្ងាត់ជ្រងំ ស្លូវ៉ា គូស្នេហ៍នានាត្រៀមខ្លួនស្វាគមន៍ទិវានៃក្ដីស្រឡាញ់ ដើម្បីកក់ទុកនូវអនុស្សាវរិយរ៉ូមេនទិករបស់ខ្លួន ក្នុងទីតាំងជោកជាំទៅដោយក្ដីស្រឡាញ់។
«ធនាគារស្នេហា» គឺជាគោលដៅទាក់ទាញចម្បងក្នុងពិព័រណ៍ ដែលរំឭកដល់ស្នាដៃកំណាព្យស្នេហាដ៏វែងបំផុតក្នុងលោក «ម៉ារីណា» ដោយកវីនិពន្ធស្លូវ៉ាគី អេនទ្រេក ស្លាដកូវិក។
និពន្ធក្នុងឆ្នាំ១៨៤៤ កំណាព្យ ២៩០០ បន្ទាត់ បានរៀបរាប់អំពីរឿងរ៉ាវស្នេហានិរាស្ដព្រាត់ប្រាសរវាងកវីនិពន្ធ និងនាង ម៉ារីណា ភីសឆ្លូវ៉ា។
ពួកគេជាគូស្នេហ៍កម្សត់ តែមិនដូចជា រ៉ូម៉េអូ និង ជូលៀត ឡើយ ដំណើរជីវិតរបស់ពួកគេគឺជារឿងពិត។ ឪពុកម្ដាយ ម៉ារីណា មិនពេញចិត្ដកវីក្រីក្រ និងបង្ខំនាងរៀបការជាមួយអ្នកផលិតនំប៉័ងខ្ញីដ៏ស្ដុកម្នាក់។
ផ្ទះ ដែល ម៉ារីណា រស់នៅក្នុងអតីតទីក្រុងរ៉ែ បានស្កា ស្ដែវនីកា ពេលនេះ មានឈ្មោះល្បីជា «ចំណុចស្នូលនៃសេចក្ដីស្រឡាញ់» និងមានពិព័រណ៍រឿងរ៉ាវស្នេហាតាមបទកំណាព្យ រួមទាំង «love-o-meter» ដែលវាសវែងពីកម្លាំងថាមពលនៃសេចក្ដីស្រឡាញ់របស់គូស្នេហ៍។
ចំពោះគូស្នេហ៍ជាច្រើនវាជា «ធនាគារស្នេហា» ដែលទាក់ទាញចិត្ដពួកគេឲ្យកាន់ទីឋានដែលពួកគេអាចរក្សាទុកនូវអនុស្សាវរិយមិនអាចបំភ្លេចបាននៅទីនោះ។ ផ្លូវរូងដ៏វែងនៅក្រោមផ្ទះត្រូវបានប្រែក្លាយជាទូរដែកមានថតតូចៗ ១០ ម៉ឺន ដែលទូរនីមួយៗសម្រាប់ដាក់សំបុត្រចន្លោះវណ្ណយុត្ដិ (សញ្ញាអក្សរ ស្រៈ) សំណេរកំណាព្យ «ម៉ារីណា» អាយុកាល ១៧៤ ឆ្នាំ។
គូស្នេហ៍អាចកក់ទីកន្លែងនេះបានតែពីរ ឬបីដងក្នុងមួយឆ្នាំប៉ុណ្ណោះ ដោយឱកាសបន្ទាប់គឺនៅទិវានៃក្ដីស្រឡាញ់។ ដូមីនីកា រ៉ាប៊ូសូវ៉ា អាយុ ២៤ ឆ្នាំ បានប្រាប់ AFP ថា៖ «សង្សារខ្ញុំ និងរូបខ្ញុំនឹងត្រឡប់មកទីនេះវិញក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ហើយយកសំបុត្រកុនដែលមើលនៅពេលស្រឡាញ់គ្នាដំបូងកប់ទុកទីនេះ»។
គូស្នេហ៍មួយទៀត ជេន និង អានណា បាននាំយកកូនអាយុ ៧ ខែមកជាមួយ។ ជេន អាយុ ៣៨ ឆ្នាំ បាននិយាយថា៖ «នេះជាដំណើរទី ៤ ឬទី ៥ របស់យើងមកកាន់ក្រុងបានស្កា ស្ដែវនីកា មុនពេលយើងរៀបការ យើងធ្លាប់មកទីនេះញឹក»។
ជាមួយនឹងការចុះបញ្ជីបេតិកភណ្ឌពិភពលោកទីក្រុងបានស្កា ស្ដែវនីកា របស់អង្គការ UNESCO ក្នុងឆ្នាំ១៩៩៣ លោកបានបន្ថែមថា៖ «ទីក្រុងនេះជាប្រអប់មាសប្រាក់។ ខ្ញុំកោតស្ញប់ស្ញែងចំពោះការរៀបចំពិព័រណ៍ស្នេហាបែបនេះ»។
ក្នុងបន្ទប់មួយទៀត ភ្ញៀវអាចបើកទំព័រសៀវភៅ «បញ្ជីស្នេហា» ទម្ងន់ ៥៣ គីឡូក្រាម មាន ៣២០០ ទំព័រ ដែលគូស្នេហ៍ជាច្រើនបានសរសេរពាក្យពេចន៍ក្នុងចិត្ដរបស់ខ្លួន៕ AFP/HR