Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - នាយ​ឆ្លាំង រស់​ខ្សត់​ខ្សោយ​ឯចុង​ភូមិ​ព្រៃ​ឧដុង្គ ប្រពន្ធ​ឈឺ​ទាចទឹក

Content image - Phnom Penh Post
តារាកំប្លែង​ក្នុង​ក្រុម​នាយក្រឹម នាយ​ ឆ្លាំង និង​ភរិយា​កំពុង​ធ្លាក់ខ្លួន​ឈឺជំងឺ​ទាច​ទឹក។ ផា លីណា

នាយ​ឆ្លាំង រស់​ខ្សត់​ខ្សោយ​ឯចុង​ភូមិ​ព្រៃ​ឧដុង្គ ប្រពន្ធ​ឈឺ​ទាចទឹក

ភ្នំពេញ: អ្នកកំប្លែង​ក្នុង​ក្រុម​នាយ​ក្រឹម នាយ ឆ្លាំង បាន​សារភាព​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា ការងារ​សិល្បៈ​កំប្លែង​ក៏ធ្លាក់​កម្រិត ចំណូល​ដោះស្រាយ​ក្រពះ​គ្រួសារ​លែង​គ្រប់ ថែម​បន្ទុក​ប្រពន្ធ​ក៏ធ្លាក់​ខ្លួន​ឈឺ ជំងឺ​ទាចទឹក គ្មាន​ប្រាក់​ព្យាបាល។

ដំណើរ​ជីវិត​សិល្បៈ​នាយ ឆ្លាំង លេច​ឡើង​ក្នុង​វិថី​សិល្បៈ​កំប្លែង​ជាង ១ ទសវត្សរ៍ ជាមួយ​នឹង​ភាពរន្ទឺ​ពីមេ​ក្រុម​ជាកំពូល​តារា​កំប្លែង​ចាស់​វស្សា​នាយ ក្រឹម។ ប៉ុន្តែ​អ្វីដែល​កាន់តែ​សង្វេគ​នឹង​សម្ដី​សារភាព​ពីប្រាក់​ចំណូល​ការងារ​អាជីព​នេះ​ធ្លាក់​ស្រុត​ខ្លាំង ទាំង​ប្រពន្ធ​មាន​ជំងឺ​ទាចទឹក​ប្រចាំកាយ​នោះ នាយ ឆ្លាំង សព្វថ្ងៃ​ក៏បាន​នាំ​ប្រពន្ធ​កូន​រស់ក្នុង​ភាពខ្សត់​ទ្រព្យធន នាចុង​កាត់​មាត់ញក​នៃ​ទឹកដី​ឃុំ​វាំងចាស់ ស្រុក​ឧដុង្គ​ខេត្ត​កំពង់ស្ពឺ ចម្ងាយ​ពីភ្នំពេញ​ដល់​ទៅ​ជាង ៥០ គីឡូម៉ែត្រ។

នាយ ឆ្លាំង បាន​ប្រាប់​ថា៖ «តាំង​ពីដើម​មកជា​មួយ​ការ​ប្រឡូក​នឹង​ការងារ​សិល្បៈ ទោះ​ល្បី​ជាមួយ​ក្រុម​មេ​ក្រឹម ខ្ញុំ​រស់នៅ​ផ្ទះជួល​នៅម្តុំ​ស្ទឹងមានជ័យ ប៉ុន្តែ​ទើបតែ​ជាង​មួយ​ឆ្នាំនេះ ដែល​រកលុយ​ឲ្យថ្លៃ​ផ្ទះគេ​មិនគ្រប់ ខ្ញុំ​ក៏នាំ​ប្រពន្ធ​នឹង​កូន​មក​សង់ផ្ទះ​នៅ​ទឹកដី​វាំង​ចាស់»។

ជាមួយ​សម្ដី​ត្អូញត្អែរ​ផ្ទះ​ឆ្ងាយ​ពីភ្នំពេញ ឃ្លាត​ពីកញ្ចប់​លុយ​សិល្បៈ​ដោយសារ​គ្មាន​ជម្រើស បន្ទរ​នឹង​សម្ដី​អួល​ដើមក​នឹក​ដល់​ភាព​កម្សត់​នោះ នាយ​ឆ្លាំង ប្រាប់​បន្តថា៖ «ដោយសារ​ទីកន្លែង​ខ្ញុំរស់​នោះ​នេះ ខ្ញុំមាន ដីទិញ​ទុក​ពីមុន​បាន​មួយដុំ ហើយ​គាប់​ប្រសើរ បាន​សម្តេច​ឧបត្ថម្ភ​ប្រាក់​បាន​ល្មម​សង់កូន​ផ្ទះ​ឲ្យកូន​ជ្រក​ក៏នាំគ្នា​មក​នៅ ទីនេះ​ទៅ។ តែ​ពិបាក​ណាស់​សព្វថ្ងៃ ណាមួយ​ឆ្ងាយ​ពីភ្នំពេញ​ដី​ជាង ៥០ គីឡូ ហើយ​ចាំបាច់​ឡើង​ទៅ​លេង​សិល្បៈ​នៅ​ភ្នំពេញ​បាន​លុយតិច​តែ​ចំណាយ​ច្រើន​ផ្លូវ​ឆ្ងាយ»។

ទោះ​ឈ្មោះ​ជាអ្នក​សិល្បៈ​ល្បី​ក៏ដោយ ប៉ុន្តែ​បើ​ក្រឡេក​មើល​ជុំវិញ​ទីជម្រក នាយ ឆ្លាំង រស់នៅ​នោះ ឃើញថា អ្នកភូមិ​ហាក់​មាន​ជម្រក​សមរម្យ​ដាច់​ឆ្ងាយពី​អ្នកសិល្បៈ​រូបនេះ។

នាយ ឆ្លាំង ពោល​ទៀត​ថា៖ «បើខ្សត់​ទ្រព្យ បន្សាត់​ខ្លួននាំ​ប្រពន្ធ​កូន​មក​សង់​ជម្រក​ឆ្ងាយ​ហើយ ពេលនេះ​ប្រពន្ធ​ក៏ឈឺ​ទៀត ឈឺ​ជំងឺ​ទាចទឹក មិនមាន​ប្រាក់​មើល​ទេ​សព្វថ្ងៃ បើ​កុំបាន​គ្រូខ្មែរ​មើល​ស្តោះ​ផ្លុំ​នោះ ប្រហែល​ជាគាត់​ទៅ​ចោល​ប្តី និង​កូនៗ​យូរ​ហើយ»។

Content image - Phnom Penh Post
តារា​កំប្លែង​នាយ ឆ្លាំង រៀបរាប់​ទាំង​អួលដើម ក។ ផា លីណា

លើសពី​សម្ដី​ទួញ​រៀបរាប់​ពីភាព​កម្សត់​នៃ​ជីវិត​គ្រួសារ​ឃ្លាតឆ្ងាយ​ពីដី​ក្រុង​ទី​ប្រភព​ចំណូល នាំ​ប្រពន្ធ​កូនប្រុស​ស្រី​ពីរនាក់ មក​សង់​ជម្រក​ឯចុង​ភូមិ​ទឹកដី​អតីត​វាំង​ចាស់​នោះ អ្នក​កំប្លែង​នាយ ឆ្លាំង ក៏មិន​លាក់បាំង​ដែរ​ថា៖ «សព្វថ្ងៃ​បាន​ប្រាក់ពី​ទៅ​លេង​កំប្លែង​ជាមួយ​មេ​ក្រឹម ដែល​គាត់​ឲ្យផង​បាន​មួយ​សប្តាហ៍ ៤០ ទៅ ៥០ ដុល្លារ​បាន​មក​ដោះស្រាយ​បំណុល​ម្ហូប អង្ករ ហើយ​ពេលខ្លះ​មិនបាន​ទៅ​លេង​សិល្បៈ ក៏ទៅ​រក​លោក​នៅវត្ត លោក​ឲ្យ​អង្ករ​បួនដប់​កំប៉ុង​បាន​មក​ដាំនាំ​ប្រពន្ធ​កូនហូប​រួច​មួយពេលៗ​អ៊ីចឹង​ទៅ»។

ក្នុង​ទឹកមុខ​ក្រៀមក្រំ ប្រពន្ធ​នាយ ឆ្លាំង ក៏ពោល​ថា៖ «មុននេះ​ខ្ញុំជា​នៅ​មាន​កម្លាំង​ខ្ញុំ​ដើររក​នេះ រក​នោះ​បាន​ខ្លះ​យក​មក​លក់ដូរ​អង្ករ ម្ហូប តែ​រយៈពេល ៥ ខែ​មកនេះ ខ្ញុំធ្លាក់​ខ្លួន​ឈឺ​ដេក​កន្ទេល​ចាំតែ​ចំណូល​ប្តី មិន​ត្រឹមតែ​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ​នោះទេ សូម​ត្រឹម​ឲ្យមាន​អង្ករ​ច្រក​ឆ្នាំង​គ្រប់ ក៏មិន​គ្រប់​ផង»។

ប៉ុន្តែ​យ៉ាងណា នាយ ឆ្លាំង បាន​ប្រាប់​ថា៖ «កាល​ពីមួយ​ខែមុន គិត​ហើយ​ថា ប្រពន្ធ​ខ្ញុំមិន​បាន​រស់​ដល់​ថ្ងៃនេះ​ទេ ជំងឺ​គាត់​ធំ​ពោះ ធំ​រហូត​ដក​ដង្ហើម​ស្ទើរ​មិនកើត តែ​ពេល​នេះ​ពោះ​គាត់​ស្រក​ខ្លះ​ហើយ ដោយ​បាន​គ្រូ​បុរាណ​ព្យាបាល​ថ្នាំ​ខ្មែរ»៕

Content image - Phnom Penh Post
ផ្ទះរបស់​នាយ ​ឆ្លាំង នៅចុង​កាត់​មាត់ញក។ ផា លីណា

0

Comments

Please, login or register to post a comment